ភ្នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានបប្រសាសន៍ប្រាប់បញ្ជាក់ប្រាប់សារព័ត៍មាន CEN នៅមុននេះបន្តិចនេះថា លោកវរសេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោង គឺបានពលីជីវិតដោយសារតែឧប្បត្តិហេតុលោតឆត្រយោង ដោយសារឆត្រព័ន្ធគ្នាបណ្តាលឲ្យមានគ្រោះថ្នាក់ និងម្នាក់ទៀតបាក់ជើង កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។
សម្តេចពិជ័យសេនាបានបញ្ជាក់ថា “ឧប្បត្តិហេតុបានកើតឡើងដោយសារឆត្រព័ន្ធគ្នា បណ្តាលឲ្យគ្រោះថ្នាក់ស្លាប់ម្នាក់ និងម្នាក់ទៀតបាក់ជើងរបួសធ្ងន់ ហើយនេះគឺជាគ្រោះមហន្តរាយធំណាស់ និងនៅពេលលោតទៅឆ័ត្របញ្ជាអត់ទាន់បានល្អវាមកព័ន្ធគ្នាធ្វើឲ្យមានគ្រោះថ្នាក់ មានការសោកស្តាយណាស់មិនមែនធម្មតាទេ យកមកដល់មន្ទីរពេទ្យស្លាប់មួយ”។
សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បន្តថា ចំពោះករណីនេះ សម្តេចតែងតែធ្វើការរម្លឹកមុននឹងធ្វើការលោតឆ័ត្រយោង តាំងពីការមើលថែបច្ចេកទេស បត់ឆ័ត្រ ការលោត គឺត្រូវបង្រៀនឲ្យបានម៉ត់ចត់ ប៉ុន្តែដោយសារតែឧប្បត្តិហេតុដោយឆត្រមកព័ន្ធគ្នា ហើយរួចធ្លាក់មកតែម្តង។
ទាក់ទងករណីនេះ បញ្ជាការដ្ឋានទ័ពពិសេសបានបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ លោកវរសេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោង និងក្រុមគ្រូផ្សេងទៀតចំនួន ១៣នាក់ បានអនុវត្តលោតឆត្របញ្ជាសម្តែង ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនកម្មុង់ដូរជំនាន់ទី10 វគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ ដោយលោក វីរ:សេនីយ៍ត្រី លឹម សាយ បានខុសលក្ខណ:បច្ចេកទេសក្នុងការបញ្ជាឆត្រ បានធ្វើអោយមានគ្រោះថ្នាក់ រងរបួសធ្ងន់បន្ទាប់មកត្រូវបានអង្គភាពដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ រហូតដល់វេលាម៉ោង ១២និង៣០នាទី ទើបអង្គភាពទទួលបានដំណឹងថា លោកវរសេនីយ៍ត្រី លឹម សាយ បានពលីជីវិតទៅហើយ។ ពេលនេះក្រុមគ្រួសារបានស្នើសុំយកសពលោកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត នៅខេត្តកំពង់ឆ្នាំង៕ រក្សាសិទ្ធិដោយៈ ចេស្តារ