ភ្នំពេញ៖ ជីបម៉ុង អេកូសាយខល (Chip Mong Ecocycle) ដែលជាអ្នកផ្តល់ដំណោះស្រាយកម្ទេចសំណល់ឧស្សាហកម្ម ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប និងមាននិរន្តរភាពខ្ពស់ បានសម្ពោធកន្លែងផ្ទុកសំណល់ឧស្សាហកម្ម ដើម្បីគ្រប់គ្រងកាកសំណល់ឧស្សាហកម្មនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនៅសប្តាហ៍នេះ។
កន្លែងផ្ទុកសំណល់ឧស្សាហកម្មនេះ មានទទឹង និង បណ្ដោយ ២០ម៉ែត្រដូចគ្នា និងមានសមត្ថភាពផ្ទុកសំណល់ឧស្សាហកម្មរហូតទៅដល់១០០ តោន។ សំណល់ឧស្សាហកម្មដែលផ្ទុកនៅទីនោះ នឹងត្រូវដឹកជញ្ជូនទៅកម្ទេចនៅទីកន្លែងកម្ទេចសំណល់ឧស្សាហកម្មរបស់ Chip Mong Ecocycle ដែលមានទីតាំងនៅ រោងចក្រស៊ីម៉ងត៍របស់ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន នៅ ស្រុក បន្ទាយមាស ខេត្ត កំពត។
Chip Mong Ecocycle ផ្តល់នូវដំណោះស្រាយគ្រប់គ្រងកាកសំណល់ប្រកបដោយនិរន្តរភាព ដល់សហគ្រាសនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយប្រើប្រាស់បច្ចេកវិទ្យាដែលត្រូវបានទទួលស្គាល់ជាសកលដែលមានឈ្មោះថា “Co-processing”។ “Co-processing” គឺជាពាក្យបច្ចេកទេស ប្រើសម្រាប់កម្ទេចកាកសំណល់ឧស្សាហកម្ម តាមរយៈការដុតដោយឡស៊ីម៉ងត៍ ស្របពេលដែលកំពុងដំណើរការផលិតស៊ីម៉ងត៍ដោយមិនប៉ះពាល់ដល់ប្រសិទ្ធភាពណាមួយឡើយ។ បច្ចេកវិទ្យានេះ ត្រូវបានប្រើប្រាស់យ៉ាងជោគជ័យនៅសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងជប៉ុន អស់រយៈពេលជាង ៤០ ឆ្នាំមកហើយ។ Chip Mong Ecocycle មានសមត្ថភាពកែច្នៃកាកសំណល់ឧស្សាហកម្មប្រហែល ១០ តោនក្នុងមួយម៉ោង ឬប្រហែល ៧០០០ តោនក្នុងមួយខែ។
លោក Sajith Edirisuriya អ្នកគ្រប់គ្រងទូទៅនៃ Chip Mong Ecocycle បានមានប្រសាសន៍ថា៖ ការសម្ពោធកន្លែងផ្ទុកសំណល់ឧស្សាហកម្មនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ Chip Mong Ecocycle ពីព្រោះវាបានអនុញ្ញាតិឲ្យយើងផ្តល់នូវដំណោះស្រាយគ្រប់គ្រងសំណល់ឧស្សាហកម្មប្រកបដោយនិរន្តរភាពទៅដល់តំបន់សេដ្ឋកិច្ចពិសេសមួយក្នុងចំណោមតំបន់សេដ្ឋកិច្ចពិសេសដែលមានការរីកចម្រើន និងជឿនលឿនបំផុតនៅក្នុងប្រទេសកម្ពុជា។ ការធ្វើបែបនេះ ផ្តល់នូវដំណោះស្រាយក្នុងជួយក្នុងការផ្លាស់ប្តូរប្រទេសកម្ពុជាឆ្ពោះទៅកាន់ “សេដ្ឋកិច្ចបៃតង” ដែលក្នុងនោះកាកសំណល់ឧស្សាហកម្មត្រូវកម្ទេចដោយមាននិរន្តរភាពខ្ពស់ ហើយធនធានទាំងឡាយត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងមាននិរន្តរភាពខ្ពស់ដូចគ្នា។”
លោក Jiang Kexin អ្នកគ្រប់គ្រងទូទៅរងនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន បានចាប់ផ្ដើមមានវត្តមាននៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅខែកក្កដា ឆ្នាំ ២០២០។ ការចូលរួមនេះ នឹងធ្វើឲ្យប្រសើរឡើងនូវវិធានការការពារបរិស្ថាននៅតំបន់សេដ្ឋកិច្ចពិសេស និងបង្កើតលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍបៃតង ក្នុងការកែប្រែតំបន់នេះឲ្យក្លាយជាទីក្រុងឧស្សាហកម្មដែរគួរឲ្យចង់រស់នៅ និងធ្វើការ។ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ក៏បាននាំមកនូវថាមពលសម្រាប់ការបង្កើត តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ 2.0 ផងដែរ។ ខ្ញុំសូមអបអរសាទរចំពោះការសម្ពោធកន្លែងផ្ទុកសំណល់ឧស្សាហកម្ម និងសូមជូនពរឲ្យអាជីវកម្មរបស់ក្រុមហ៊ុនរីកចម្រើននៅក្នុងដំណើរថ្មីនេះ និងក្លាយជាសហគ្រាសគំរូគេនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទីតាំងនៅស្រុកព្រៃនប់ខេត្តព្រះសីហនុដែលសាងសង់ដោយ សហគ្រាសចិន និងខ្មែរឯកជន។ នាពេលបច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានសហគ្រាសចំនួន ១៦៥ មកពីប្រទេសចិន អាមេរិក អ៊ឺរ៉ុប អាស៊ីអាគ្នេយ៍ និងបណ្តាប្រទេសដទៃទៀតហើយ និងមានកម្មករ ៣០,០០០នាក់ ។
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុចង់ក្លាយខ្លួនទៅជាតំបន់ឧស្សាហកម្មគំរូផ្នែកអេកូឡូស៊ីដែលមានដំណើរការល្អ និងពេញលេញជាមួយសហគ្រាសសរុបចំនួន ៣០០ នឹងមានចំនួនកម្មករទៅដល់ ១០០,០០០នាក់។
ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន គឺជាការបណ្តាក់ទុនរួមគ្នា រវាង ជីប ម៉ុង គ្រុប នៃប្រទេសកម្ពុជា និងក្រុមហ៊ុនស៊ីម៉ងត៍ Siam City Cement Corporation របស់ប្រទេសថៃ។ Insee Group មានបទពិសោធន៍ជាងពីរទសវត្សរ៍ ក្នុងការផ្តល់នូវដំណោះស្រាយគ្រប់គ្រងសំរាមប្រកបដោយវិជ្ជាជីវៈដល់ឧស្សាហកម្មផ្សេងៗជាច្រើន។ ដោយប្រើប្រាស់ឡដែលទំនើប Insee Ecocycle ដែលជាអង្គភាពអាជីវកម្មមួយរបស់ Insee Group បានកម្ទេចសំណល់ឧស្សាហកម្មជាង ៧០០ ០០០ តោនក្នុងមួយឆ្នាំ។ អង្គភាពអាជីវកម្មនេះបានពង្រីកវិសាលភាព និងជំនាញរបស់ខ្លួនពី Insee Ecocycle ថៃ ទៅ Insee Ecocycle វៀតណាម និង Insee Ecocycle ស្រីលង្កា។ Chip Mong Ecocycle គឺជាសមាជិកគ្រួសារថ្មីក្នុងក្រុមគ្រួសារគ្រប់គ្រងកាកសំណល់នេះ៕
រក្សាសិទ្ធិដោយ៖CEN