តារាសម្តែងប្រុសមីយ៉ាន់ម៉ា ដែលមានរូបរាងដ៏ស្រស់សង្ហា និងមានសាច់ដុំកង់ៗ លោក Paing Takhon បានធ្វើឲ្យហ្វេនៗផ្ទុះការភ្ញាក់ផ្អើល និងងឿងឆ្ងល់ជាខ្លាំង ក្រោយពីតារានិយមទុកសក់វែង និងបង្អួចសាក់ដ៏ទាក់ទាញរូបនេះ ស្រាប់តែបានសម្រេចចិត្តសាងភ្នួសជាព្រះសង្ឃ កាលពីពេលថ្មីៗនេះ។
តារាសម្តែង Paing Takhon ដែលមានអាយុ ២៤ ឆ្នាំ ត្រូវបានដឹងថាជាកូនកាត់ចិនភូមា និងជាតារាសម្តែងប្រុសដ៏ល្បីឈ្មោះ ដែលបានសម្តែងនៅក្នុងភាពយន្តជាច្រើន និងរឿងភាគឯកសារផងដែរ នៅក្នុងប្រទេសភូមា។
លោក Takhon ក៏ត្រូវបានចុះក្នុងបញ្ជីជាតារាសម្តែងលំដាប់កំពូលមួយរូប ក្នុងចំណោមតារាកំពូលទាំង១០រូបឆ្នាំ២០១៩ ដោយកាសែតមីយ៉ាន់ម៉ាថែមស៍។
ប៉ុន្តែ កាលពីដើមសប្តាហ៍នេះ តារាដែលចាប់ផ្តើមដំបូងជាមួយអាជីពជាតារាម៉ូដែលរូបនេះ បានធ្វើឲ្យហ្វេនៗផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីលោកបានចែករំលែករូបថតជាច្រើនសន្លឹក ស្ថិតក្នុងសម្លៀកបំពាក់គ្រងស្បង់ចីវរជាព្រះសង្ឃ នៅលើបណ្តាញសង្គម Istagram។ ហើយមិនយូរប៉ូន្មាន រូបថតទាំងនោះបានរីករាលដាលដូចភ្លើងឆេះព្រៃ ផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គមអាស៊ី។
ទោះយ៉ាងណា Takhon បានបញ្ជាក់ថា ការសាងភ្នួសនេះ គឺធ្វើឡើងត្រឹមរយៈពេលតែ ១០ថ្ងៃ ប៉ុណ្ណោះ ។ ប៉ុន្តែ លោកពុំបានបញ្ជាក់ប្រាប់ពីមូលហេតុនៃការសាងភ្នួសនេះទេ ដោយគ្រាន់ភ្ជាប់ចំណងជើងប្រាប់ឲ្យដឹងថា៖ «ចំណាយពេលក្នុងឆ្នាំថ្មី២០២១ បួសជាព្រះសង្ឃរយៈពេល១០ថ្ងៃ ខ្ញុំពិតជាមានអារម្មណ៍សុខសាន្តណាស់ និងស្គាល់ខ្លួនឯងកាន់តែច្រើនផងដែរ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង