នេះជាខណៈពេលដ៏ស្លុតរន្ធត់មួយ គ្រាដែលបុរសម្នាក់កំពុងតែថតវីដេអូទិដ្ឋភាពរូប «ព្រះ» ផុសចេញពីពពក ស្រាប់តែត្រូវបានរន្ទះបាញ់ បណ្តាលឲ្យដាច់ផ្ងារជើងនៅលើវាលស្រែ តែសំណាងជីវិតគាត់ថ្លៃ ដែលប្រហែលជាបានព្រះជួយ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា លោក Jose Omar de Oliveria ជាសមាជិកក្រុមប្រឹក្សា បានចេញទៅលំហែកាយនៅវាលមួយកន្លែងនៃនៅកោះ Minduri ក្នុងប្រទេសប្រេស៊ីល ហើយខណៈពេលគាត់កំពុងថតវីដេអូផ្តិតយកទិដ្ឋភាពពពកមើលទៅដូចរូបព្រះ ស្រាប់ភ្លាមៗនោះ គាត់ក៏ត្រូវរន្ទះវាយប្រហារតែម្តង។ ទោះយ៉ាងណាអព្ភូតហេតុនេះ ពុំបានបណ្តាលឲ្យលោក Oliveria មានបញ្ហាអ្វីនោះទេ ប៉ុន្តែ វាបានកម្ទេចស្បែកជើងរបស់គាត់។
នៅក្នុងឃ្លីប គេបានឮលោក Oliveria និយាយថា៖ «អូហ៍ រូបព្រះពិតៗតែម្តង! អ្នកទាំងអស់គ្នា មើលចុះ ផ្ទៃមេឃស្រឡះល្អណាស់។ ហើយខណៈពេលនេះផងដែរ មេឃកំពុងរកកលភ្លៀង ប៉ុន្តែ មេឃបើកថ្ងៃស្រឡះធម្មតា»។
ប៉ុន្តែ ខណៈពេលគាត់កំពុងព្យាយាមផ្តិតយករូបភាព នៅពេលនោះ ក៏ស្រាប់តែរន្ទះបាញ់ចំកន្លែងគាត់ ដែលធ្វើឲ្យគាត់រន្ធត់ខ្លាំង ស្រែកស្ទើរគាំងបេះដូង ដោយពុំគិតថានៅមានជីវិតនោះទេ។
លោក Oliveria បាននិយាយនៅលើបណ្តាញសង្គម ទៅកាន់អ្នកទាំងអស់គ្នាថា៖ «នេះអាចនិយាយបានថា វាពិតជាអស្ចារ្យខ្លាំងណាស់ ដែលព្រះបានជួយជីវិតខ្ញុំ»។ គាត់បានបន្តថា៖ «ខ្ញុំមិនស្លាប់ទេ ព្រោះវាជាពេលដែលជីវិតរបស់ខ្ញុំមិនទាន់អស់»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង