បន្ទាប់ពីលទ្ធផលនៃការធ្វើកោសល្យវិច័យ បានបង្ហាញថា នាង គ្រីស្ទីន ដាសេរ៉ា មិនត្រូវបានគេរំលោភទេ ប៉ុន្តែបានស្លាប់ដោយមូលហេតុធម្មជាតិប៉ុណ្ណោះ ស្រាប់តែម្តាយរបស់នាងបានចូលទូរទស្សន៍ជាតិ និយាយរិះគន់ខ្លាំងៗ ទៅលើការអះអាងទាំងនេះ។
គួររម្លឹកថា សាកសពអ្នកបម្រើតាមអាកាសជនជាតិហ្វីលីពីនអាយុ ២៣ ឆ្នាំ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងអាងងូតទឹក នៅថ្ងៃចូលឆ្នាំថ្មី ហើយករណីនេះ ក៏ត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យជំហានដំបូងថា នាងត្រូវបានរំលោភ និងសេពគ្រឿងញៀន ដោយក្រុមបុរស១១នាក់ ដែលបានចូលរួមកម្មវិធីជប់លៀងឆ្លងឆ្នាំជាមួយនាង។
ដំបូងឡើយ រាងកាយរបស់នាងត្រូវបានគេរាយការណ៍ថា ត្រូវបានគេរកឃើញមានស្នាមជាំ និងដាច់រលាត់ និងក៏ដូចជាការដាច់រលាត់ និងមានទឹកកាមនៅក្នុងប្រដាប់ភេទរបស់នាង។ ប៉ុន្តែ របាយការណ៍នៃការធ្វើកោសល្យវិច័យជាផ្លូវការ បានធ្វើឲ្យការអះអាងទាំងនេះជារឿងមិនពិត ដោយបញ្ជាក់ថានាងបានស្លាប់ដោយសារ “ការដាច់សរសៃឈាមក្នុងខួរក្បាល”។
ទោះយ៉ាងណា អ្នកស្រី Sharon Dacera ដែលជាម្តាយរបស់គ្រីស្ទីន បានចចេសថា ការធ្វើកោសល្យវិច័យនេះបានប្រែក្រឡាស់ទៅវិញ។
អ្នកស្រី Sharon បានប្រាប់កម្មវិធីព័ត៌មានហ្វីលីពីន Headstart ថា «សំរាប់ខ្ញុំ កូនស្រីរបស់ខ្ញុំត្រូវបានគេរំលោភ។ ប្រសិនបើអ្នកបានឃើញរាងកាយរបស់គ្រីស្ទីន ហើយប្រសិនបើអ្នកជាម្តាយអ្នកប្រាកដជាមានអារម្មណ៍ឈឺចាប់ ប៉ុន្តែ កូនស្រីខ្ញុំមិនអាចនិយាយតទៅទៀតបានទេ ព្រោះគាត់បានស្លាប់ទៅហើយ»។
អ្នកស្រី Sharon ក៏បានលើកឡើងផងដែរថា ការដាច់រហែក និងស្នាមជាំលើដងខ្លួនរបស់គ្រីស្ទីន មិនត្រូវបានគេរាប់បញ្ចូលនៅក្នុងរបាយការណ៍ផ្លូវការទេ ដែលធ្វើឱ្យអ្នកស្រីជឿជាក់ថា វាមិនត្រឹមត្រូវទាល់តែសោះ។
រូបភាពពីវីដេអូកាមេរ៉ាសុវត្ថិភាពពីយប់នោះ បង្ហាញ គ្រីស្ទីន ហក់ថើបបុរសម្នាក់ ដែលនាងបានចូលរួមពិធីជប់លៀងជាមួយតែពីរបីម៉ោង មុនពេលនាងស្លាប់។
មិត្តភក្តិប្រុសម្នាក់របស់នាងឈ្មោះ Rommel Galido ដែលនៅឯពិធីជប់លៀងនោះដែរ បានប្រាប់ទៅ Philippine Star ថា នាងបាននិយាយទៅកាន់គាត់ក្នុងពិធីជប់លៀងនោះថា “មាននរណាម្នាក់ បានដាក់អ្វីៗនៅក្នុងកែវស្រារបស់ខ្ញុំ”។
ទោះបីជាបែបនេះក៏ដោយ ការិយាល័យព្រះរាជអាជ្ញានៃទីក្រុង Makati បានពន្យល់ថា នៅតែមានភ័ស្តុតាងមិនគ្រប់គ្រាន់ ដើម្បីបញ្ជាក់ថា អ្នកបម្រើលើយន្ដហោះរងគ្រោះនេះ ត្រូវបានគេរំលោភបំពានផ្លូវភេទ ឬចាប់រំលោភនោះទេ។
ចំណែកការធ្វើកោសល្យវិច័យលើកទី២ ត្រូវបានលោក Menardo Guevarra លេខាធិការយុត្តិធម៌ បាននិយាយកាលពីថ្ងៃអង្គារថា NBI បានយកគំរូទឹកនោមចេញពីរាងកាយរបស់កញ្ញា Dacera ដោយជោគជ័យ។
គំរូទឹកនោមអាចផ្តល់ព័ត៌មានជាច្រើនដល់ក្រុមកោសល្យវិច្ច័យ ហើយលទ្ធផលនឹងត្រូវចេញផ្សាយក្នុងរយៈពេលពីរបីសប្តាហ៍ទៀត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង