ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានថ្លែងរំលឹកដល់មន្រ្តីរបស់ខ្លួនថា រាជរដ្ឋាភិបាលបានប្រឹងប្រែងក្នុងការធ្វើប្រតិភូកម្មអំណាច គឺការទម្លាក់ការងារទៅឲ្យមន្ត្រីថ្នាក់ក្រោមជាតិ តែមន្ត្រីថ្នាក់ក្រោមជាតិខ្លះ មិនទាន់មានសមត្ថភាពគ្រប់គ្រាន់នៅឡើយ ចាប់ពីថ្នាក់រដ្ឋមន្ត្រី អភិបាលខេត្ត រួមនឹងមន្ត្រីពាក់ព័ន្ធដទៃទៀត ដែលពួកគេ មិនព្រមបំពេញការងារ និងភារកិច្ចមានចែងក្នុងច្បាប់ បែរជាអង្គុយរង់ចាំតែបទបញ្ជារបស់នាយករដ្ឋមន្ត្រីទៅវិញ។
ក្នុងពិធីបិទសន្និសីទជាតិស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅថ្ងៃ២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកឡើងថា ក្រសួងស្ថាប័ននីមួយៗសុទ្ធតែមានកំណត់ពីព្រំដែនការងារដែលខ្លួនត្រូវអនុវត្តន៍រួចអស់ទៅហើយ ប៉ុន្តែពួកគេមិនបានអនុវត្តន៍ការងារតួនាទី និងភារកិច្ច ដែលបានកំណត់នោះទេ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ កន្លងទៅនេះមានការសង្កេតឃើញថា ស្ថាប័នមួយចំនួន ឬអាជ្ញាធរថ្នាក់ក្រោមជាតិមួយចំនួនមិនទាន់អនុវត្តន៍ច្បាប់នៅឡើយទេ គឺនៅអនុវត្តន៍បទបញ្ជានៅឡើយដែរ។ តាមពិតច្បាប់បានឲ្យស្ថាប័ននោះអនុវត្តន៍ភារកិច្ចរបស់ខ្លួន ប៉ុន្តែខ្លួនបែរជាមិនបានអនុវត្តន៍នូវភារកិច្ចនោះទេ លុះត្រាតែមានបទបញ្ជាពី នាយករដ្ឋមន្ត្រីទើបបានធ្វើ។ បើដូច្នោះមានការចាំបាច់បង្កើតឡើងនូវស្ថាប័ន ឬក៏ក្របខណ្ឌគតិយុទ្ធសម្រាប់ស្ថាប័ននីមួយៗធ្វើអ្វីទៅ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃនេះបានស្តីបន្ទោសទៅអភិបាលខេត្តមួយ ដោយសារតែមិនហ៊ានអនុវត្តច្បាប់ ចំពោះក្រុមហ៊ុន ដែលបានធ្វើសកម្មភាពរំលោភច្បាប់។ ប៉ុន្តែទោះជាយ៉ាងនេះក្តី សម្តេចតេជោ ហ៊ុន សែន មិនបានបញ្ចេញឈ្មោះអភិបាលខេត្ត និងក្រុមហ៊ុនឯកជនដែលសម្តេចចង់មានប្រសាសន៍នោះទេ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កាលពីយប់មិញនេះ មានអភិបាលខេត្តមួយបានផ្ញើសារសុំយោបល់សម្តេចតាមបណ្តាញ Whatsapp ដើម្បីសុំគោលការណ៍អនុវត្តវិធានការលើក្រុមហ៊ុនឯកជនមួយ ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ សិទ្ធិអំណាចរបស់ចៅហ្វាយខេត្ត មិនឱ្យក្រុមហ៊ុនមួយធ្វើកន្លែងនៅការដ្ឋានមួយ។ ក្រុមហ៊ុននោះនៅតែជជេសធ្វើ ចៅហ្វាយខេត្ត អត់ហ៊ានឃាត់ អញ្ចឹងចាំបាច់ធ្វើចៅហ្វាយខេត្តធ្វើអ្វីឱ្យក្រុមហ៊ុននោះ ធ្វើចៅហ្វាយខេត្តទៅមិនល្អជាង។ បើក្រុមហ៊ុនវាធំជាងខេត្តទៅហើយ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា៖ ខ្ញុំវ៉ៃ Whatsapp ត្រឡប់ទៅវិញថា នេះជាសមត្ថកិច្ចរបស់អាជ្ញាធរ។ ២ម៉ោងទៀតត្រូវតែបិទឱ្យបាន ហើយខ្ញុំបានបញ្ជាក់ទៅក្រុមហ៊ុនហ្នឹងភ្លាម។ គេបញ្ជាក់ថា ខ្លួនគេទៅបិទ ខ្ញុំថាបើអញ្ចឹង បិទ១ម៉ោងមុនទៅ បើ២ម៉ោងក្រោយ គឺរដ្ឋបាលខេត្តទៅបិទហើយ។ សមត្ថកិច្ចមិនព្រមឱ្យធ្វើ ច្បាប់មិនទាន់មាន អ្វីៗក៏មិនទាន់មាន បែរជាក្រុមហ៊ុនទៅធ្វើ។ ហុយដីហុយធ្លី ប៉ះពាល់ដល់ប្រជាជន ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ខ្លួន បែរជាអត់ហ៊ានសម្រេច ដោយខ្លាចក្រុមហ៊ុនទៅវិញ។ ខ្ញុំសូមបញ្ជាក់ បើធ្វើចៅហ្វាយខេត្តបែបនេះ មិនបាច់ធ្វើទេ ឱ្យពួកថៅកែ ឬក៏ពួកគេហៅថា បើនិយាយពី ក្រុមជល់មាន់ ឱ្យអាពួកជល់មាន់វាមកធ្វើចៅហ្វាយខេត្តល្អជាង។
សម្តេចបានបញ្ជាក់ទៀតថា ធ្វើជាអាជ្ញាធរខេត្ត ត្រូវហ៊ានយកការទទួលខុសត្រូវ លើដែនដីរបស់ខ្លួន។ ប៉ុន្តែអភិបាលខេត្តខ្លះ ពុំហ៊ានអនុវត្តដាវអាជ្ញាសឹក ដែលសម្តេចបានប្រគល់ជូននោះទេ ហើយបែរជាយកដាវអាជ្ញាសឹកនោះមកប្រគល់ឱ្យសម្តេចជាកាប់វិញដដែល៕ បញ្ញាស័ក្តិ