Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលារៀន យក​ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក បើក​ឲ្យ​សិស្ស​ចូលរៀន​វិញ ខណៈ​សាលារៀន​ចំនួន ៧​ទៀត ស្ថិតក្នុង​ស្រុក​ជាប់​ព្រំដែន មិនទាន់​អនុញ្ញាត​នោះទេ

បាត់ដំបង​៖ សាលារៀន​យក​ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក សម្រាប់​ពលករ​មកពី​ប្រទេស​ថៃ នៅក្នុង​ខេត្តបាត់ដំបង បាន​បើក​ឲ្យ​សិស្ស​ចូលរៀន​វិញ​ហើយ បន្ទាបពី​អាជ្ញាធរខេត្ត​រៀបចំ​សំអាត​អនាម័យ​រូ​ចរាល់​។​

​លោក យី ស៊ុ​ង​គី ប្រធាន​មន្ទីរអប់រំ យុវជន​និង​កីឡា​ខេត្តបាត់ដំបង បាន​មានប្រសាសន៍ថា ចាប់តាំងពី​បើក​បវេសនកាល កាលពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ មាន​សាលា​ចំនួន​១៨ មិនទាន់​អនុញ្ញាត​ឲ្យ​ចូលរៀន​បាន ក្នុងនោះ​មាន​សិស្ស​ចំនួន​ជាង​១៩០០០​នាក់ និង​គ្រូបង្រៀន ៧០៦​នាក់ ព្រោះ​ជាប់​ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក សម្រាប់​ពលករ​ទើប​មកពី​ប្រទេស​ថៃ​។ ប៉ុន្តែ ដោយសារ​ពលករ​ខ្មែរ បានបញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក ហើយ​មាន​សាលា​ចំនួន​២ ត្រូវបាន​អនុញ្ញាត​ឲ្យ​សិស្ស​ចូលរៀន​វិញ ក្នុងនោះ​មាន​សាលា​វិទ្យាល័យ​ព្រះមុនីវង្ស ស្ថិតក្នុង​ក្រុង​បាត់ដំបង និង​សាលា​វិទ្យាល័យ​ជ្រៃ ស្ថិតក្នុង​ស្រុក​ថ្មគោល ខណៈ​សាលា​ជាប់​ធ្វើ​មណ្ឌល​ច​ត្តា​ឡី​ស័ក​មួយចំនួនទៀត នឹងត្រូវ​បើក​ឲ្យ​សិស្ស​ចូលរៀន​វិញ​ដែរ នៅ​បំណាច់​ខែមករា ឆ្នាំ​២០២១​នេះ​។ នៅមាន​សាលារៀន​ចំនួន ៧​ទៀត ស្ថិតក្នុង​ស្រុក​ជាប់​ព្រំដែន មានស្រុក​កំរៀង ស្រុក​ភ្នំព្រឹក និង​ស្រុក​សំពៅ​លូន មិនទាន់​អនុញ្ញាត​នោះទេ ព្រោះ​នៅជាប់​ធ្វើ​មណ្ឌល​ច​ត្តា​ឡី​ស័ក សម្រាប់​ពលករ​ខ្មែរ​នៅឡើយ​។​

​លោក អេង ភា​រុណ នាយ​វិទ្យាល័យ​ព្រះមុនីវង្ស បាន​មានប្រសាសន៍​ឲ្យ​ដឹងថា រាល់​ឆ្នាំ​វិទ្យាល័យ​ព្រះមុនីវង្ស មាន​សិស្ស​ចូលរៀន​រង្វង់ ៤០០០​នាក់ ហើយ​ឆ្នាំ​សិក្សា​ថ្មី​ក្នុង​វិបត្តិ​កូ​វីដ​១៩​នេះ មាន​សិស្ស​ប្រមាណ ៣៩០០​នាក់ បាន​ចុះឈ្មោះ​ចូលរៀន ប៉ុន្តែ​នៅ​បន្ត​មាន​សិស្ស​កំពុង​ផ្ទេរ​មក​រៀន​ថែមទៀត​។ ឆ្នាំនេះ​គិតថា សិស្ស​ក៏មាន​ចំនួន​ដូច​រាល់​ឆ្នាំ​ដែរ ខណៈ​សាលា​បាន​តម្រូវ​ឲ្យ​ពួកគេ អនុវត្ត​នូវ​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ផងដែរ​។ មួយវិញទៀត សាលា​ក៏មាន​ការ​បំបែក​សិស្ស ដែល​បន្ទប់​មាន​ច្រើន​គ្នា ឲ្យ​សិក្សា​ចែក​តាម​វេន ខណៈ​សាលា​ក៏បាន​រៀបចំ​សិស្ស រៀន​តាម​អន​ឡាញ មាន​គ្រូបង្រៀន​ពួកគេ​តាម​ផ្ទះ​និង​ការយក​ឯកសារ​ពីសា​លា​ទៅ​រៀន​ជាដើម​។

​ចាប់តាំងពី​មានការ​ផ្ទុះ​ជំងឺ​កូ​វីដ​១៩ ក្នុង​សហគមន៍​ខេត្ត​សាមុទ​សាខ ប្រទេស​ថៃ ដល់​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២១ មាន​ពលករ​ខ្មែរ​ត្រឡប់មក​ស្រុកកំណើត​វិញ ចូល​តាម​ច្រកព្រំដែន​ជាប់​ខេត្តបាត់ដំបង​មាន​ជាង ២៨០០​នាក់ បញ្ចប់​ច​ត្តា​ឡី​ស័ក និង​អនុញ្ញាតឱ្យ​ត្រឡប់ទៅផ្ទះ​ចំនួន ១៣៤៧​នាក់ បានធ្វើ​សំណាក ២ ៨២២​នាក់ លទ្ធផល​អវិជ្ជា​មាន ខណៈ​បច្ចុប្បន្ន​មាន​អ្នកជំងឺ​កូ​វីដ​១៩ កំពុង​សម្រាក់​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ខេត្ត​ចំនួន ១១​នាក់​។ មាន​មណ្ឌល​ច​ត្តា​ឡី​ស័ក​សរុប​ចំនួន​១១ ក្នុងនោះ​មណ្ឌល​សម្រាប់​ទទួល​ពល​ករ​ខ្មែរ ចូល​តាម​ច្រកព្រំដែន​ខេត្តបាត់ដំបង មាននៅ​ស្រុក​កំរៀង សំពៅ​លូន ភ្នំព្រឹក ប​វេ​ល សំឡូត ឯក​ភ្នំ បាណន់ មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង និង​មោងឫស្សី​។ ដោយឡែក​មណ្ឌល​ច​ត្តា​ឡី​ស័ក​មួយទៀត សម្រាប់​ទទួល​ពលករ​ខ្មែរ​ចូល​តាម​ច្រកព្រំដែន​ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ឧ​ត្ត​មានជ័យ​នៅ​វិទ្យាល័យ​អន្លង់​វិល​ស្ថិតក្នុង​ស្រុក​សង្កែ​៕ រក្សា​សិទ្ធិ​ដោយៈ​អ៊ុង​សា​រុំ​

×