ស្ទឹងត្រែង ៖ ស្ថានីយ៍ស្រាវជ្រាវ និងផលិតកូនត្រីពូជ កំពុងរៀបចំសាងសង់លើទឹកដីឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ សំណង់ដែលមានតម្លៃខ្ទង់លានដុល្លារនេះ គឺជាក្តីសង្ឃឹមមួយថានឹងទទួលបានជោគជ័យ ក្នុងការបង្កាត់ពូជត្រីដ៏កម្រ បន្ទាប់ពីមន្ត្រីជំនាញថាបច្ចុប្បន្ននេះ កំពុងព្រួយបារម្ភអំពីផលត្រីកាន់តែថយចុះ។
ខេត្តស្ទឹងត្រែង គឺជាតំបន់ត្រីមេពូជសំខាន់ៗរស់នៅ និងពងកូន ទៅតាមធម្មជាតិ នៃដងទន្លេចំនួន៤ គឺទន្លេមេគង្គ ទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក។ ធនធានជលផលមួយនេះ បានថយចុះពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារកក្តាមនុស្សមានការនេសាទកើនឡើង និងកក្តានៃបទល្មើសនាសាទប្រើ
ប្រាស់ឧបករណ៍ខុសច្បាប់។ មូលហេតុនេះ ហើយបានជាមានការសង្គ្រោះធនធានត្រី ឱ្យត្រឡប់មកវិញ។
ទន្ទឹមនោះរាជរដ្ឋាភិបាល បានសម្រេចដាក់ចេញនូវផែនការសាងសង់ស្ថានីយ៍ស្រាវជ្រាវ និងផលិតកូនត្រីពូជ នៅខេត្តស្ទឹងត្រែង លើផ្ទៃដីទំហំដី ១០ហិកតា ដែលត្រូវចំណាយថវិការប្រមាណ ១,៧លានដុល្លារអាមេរិក។ ថវិកាហិរញ្ញប្បទានពីធនាគារពិភពលោក រួមជាមួយនឹងថវិកាបដិភាគពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈគម្រោងគ្រប់គ្រងធនធានទឹកចម្រុះទន្លេមេគង្គ ដំណាក់កាលទី ៣សមាសភាគទី ១។ ស្ថានីយ៍នេះ មានសំណង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នឹងត្រូវសាងសង់ រួមគ្នាក្នុងបរិវេណតែមួយរួមមាន រោងភ្ញាស់កូនត្រី រោងបំប៉នកូនត្រី អគារពិសោធន៍ អគារឃ្លាំង អគារស្នាក់នៅ អគារបណ្តុះបណ្តាល និងបណ្ណាល័យ រោងបូមទឹក ស្រះបំប៉នកូនត្រី ស្រះចិញ្ចឹមត្រីសាច់ ស្រះត្រីមេពូជ ស្រះស្តុកទឹកកខ្វក់ ស្រះស្តុកទឹកសម្រាប់ផ្គត់ផ្គង់ និងប្រព័ន្ធបង្ហូរទឹកជាដើម ។ល។
លោក ទុំ នីរ៉ូ នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង បានបញ្ជាក់ថា ស្ថានីយ៍ស្រាវជ្រាវនិងផលិតកូនត្រីពូជនៅខេត្តស្ទឹង
ត្រែងនេះ គឺជាសំណង់ប្រវត្តិសាស្ត្រថ្មីដែលមានតម្លៃខ្ទង់លានដុល្លារ។
លោកនាយខណ្ឌបន្ថែមថា បន្ទាប់ពីការសាងសង់ហើយ ខណ្ឌរដ្ឋបាលជលផលនឹងខិតខំជម្រុញប្រជាពលរដ្ឋ ឲ្យធ្វើវារីវប្បកម្មដើម្បីបង្កើនជីវភាពគ្រួសារ។ ម្យ៉ាងទៀតគឺកាត់បន្ថយការពឹងផ្អែកទាំងស្រុងលើត្រីពីធម្មជាតិ ដែលធនធានទាំងនេះ មិនអាចបន្តផ្គត់ផ្គង់ដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋតទៅទៀតទេ។
សព្វថ្ងៃនេះធនធានត្រីទឹកសាប ត្រូវបានដឹកចេញពីខេត្តស្ទឹងត្រែង ទៅចែកចាយស្ទើរតែ 25 ខេត្តក្រុង ក្នុងប្រទេស ហើយដើម្បីបំពេញតម្រូវការម្ហូបអាហារ។
ដូច្នេះយើងមិនអាចពឹងតែលើត្រីធម្មជាតិ បានទេ គឺមានតែបង្កើតស្ថានីយបង្កាត់ពូជត្រីបន្ថែមទៀត។
លោកនាយខណ្ឌជលផលស្ទឹងត្រែង បានអំពាវនាវដោយទទូចចំពោះបងប្អូនប្រជានេសាទាំងអស់ សូមមេត្តាធ្វើនេសាទតែឧបករណ៍ស្របច្បាប់ ដើម្បីរួមគ្នាថែរក្សា ការពារ និងប្រើប្រាស់នូវធនធានជលផលដ៏កម្រនៃយើង ឲ្យមាននិរន្តរភាពដល់កូនចៅជំនាន់ក្រោយៗ ៕ រក្សាសិទ្ធិដោយ៖សំណាង