Friday, October 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គរដ្ឋបាលគយចិន បានពង្រឹងកិច្ចសហប្រតិបត្តិការកសិ-ពាណិជ្ជកម្ម និងបើកឱកាសទីផ្សារនាំចេញកសិផលរបស់កសិករកម្ពុជាឱ្យកាន់តែរលូន និងមានប្រសិទ្ធភាព

ភ្នំពេញ ៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃការចូលរួមរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុងសន្និសីទលើកទី២ស្តីពី “យន្តការសុវត្ថិភាពចំណីអាហារនាំចេញ និងនាំចូលសម្រាប់ប្រទេសជាសមាជិកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ” នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។

លទ្ធផលទាំងនេះគឺជាជំហ៊ានដ៏សំខាន់មួយទៀតក្នុងការពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការកសិ-ពាណិជ្ជកម្ម និងបើកឱកាសទីផ្សារនាំចេញកសិផលរបស់កសិករកម្ពុជាឱ្យកាន់តែរលូន និងមានប្រសិទ្ធភាព។

ក្នុងឱកាសសន្និសីទលើកទី២ស្ដីពី «យន្តការសុវត្ថិភាពចំណីអាហារនាំចេញ និងនាំចូលសម្រាប់ប្រទេសជា សមាជិកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ» កាលពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុង សៀងហៃ សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលការ អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះហត្ថលេខាលើឯកសារក្រមប្រតិបត្តិស្ដីពី «យន្តការសហប្រតិបត្តិការសម្រាប់ការនាំចេញ និងនាំចូលចំណីអាហារដែល មានសុវត្ថិភាពសម្រាប់ប្រទេសជាសមាជិកនៃក្របខ័ណ្ឌគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ»។

យន្តការនេះមានការចូលរួមពី
រដ្ឋមន្ត្រីទទួលបន្ទុកសុវត្ថិភាពចំណីអាហារនៃបណ្តាប្រទេសជាសមាជិកក្រោមការសម្របសម្រួលរបស់អគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន (GACC) ហើយមានគោលដៅជំរុញការបើកទីផ្សារកសិផលដែលមានសុវត្ថិភាពទៅ បណ្តាប្រទេសទាំងនោះឱ្យកាន់តែទូលំទូលាយ ស្របតាមស្តង់ដាអន្តរជាតិ។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជួបសម្តែងការគួរសមជាមួយ លោកជំទាវ SUN Meijun រដ្ឋមន្ត្រី អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) និងជួបប្រជុំទ្វេភាគីប្រកបដោយផ្លែផ្កាជាមួយ ឯកឧត្តម ZHAO Zenglian អនុរដ្ឋមន្ដ្រី GACC ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអនាម័យ និងភូតគាម អនាម័យ(SPS) រវាងប្រទេសទាំងពីរ សំដៅពន្លឿនការបើកទីផ្សារចិនដល់ផលិតផលកសិផលកម្ពុជាបន្ថែមទៀត ក៏ដូចជា
ការសម្រួលនីតិវិធីនាំចេញទៅប្រទេសចិនស្របតាមការទន្ទឹងរង់ចាំរបស់កសិករ និងវិស័យឯកជនកម្ពុជា។

ជាលទ្ធផលនៃកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាពគ្នាដូចខាងក្រោម៖
១. ពន្លឿនការរៀបចំពិធីសារអនាម័យនិងភូតគាមអនាម័យ ក៏ដូចជានីតិវិធីចាំបាច់ដើម្បីសម្រួលឱ្យកសិផលខ្មែរ មួយចំនួនបន្ថែមទៀត ដែលរួមមានអង្ករសំរូប ផ្លែម្នាស់ ផ្លែខ្នុរ ផ្លែទុរេនបង្កក ផ្លែមៀនសម្ងួត សាច់ចម្អិន សំបុក ត្រចៀកកាំ និងចំណីសត្វចិញ្ចឹម អាចចូលទៅដល់ទីផ្សារប្រទេសចិន។
២. រៀបចំក្របខ័ណ្ឌក្រុមការងាររួម ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងដោយផ្ទាល់រវាងស្ថាប័ននៃប្រទេសទាំងពីរ សំដៅ ដោះស្រាយបញ្ហារាំងស្ទះកើតឡើងជាយថាហេតុ ឱ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាព។
៣. ជំរុញនីតិវិធីចុះបញ្ជីជាមួយ GACC ដើម្បីផ្ដល់ភាពងាយស្រួលឱ្យកសិផលពីកសិដ្ឋានខ្នាតតូច អាចមានលទ្ធភាព ចូលទៅកាន់ទីផ្សារប្រទេសចិន ក្នុងលក្ខខណ្ឌដែលកសិដ្ឋានទាំងនោះមានការអនុវត្តកសិកម្មល្អ(GAP)។

លទ្ធផលទាំងនេះ គឺជាជំហ៊ានដ៏សំខាន់មួយទៀតក្នុងការពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការកសិ-ពាណិជ្ជកម្ម
និងបើកឱកាសទីផ្សារនាំចេញកសិផលរបស់កសិករកម្ពុជាឱ្យកាន់តែរលូននិងមានប្រសិទ្ធភាព។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអំពាវនាវឱ្យកសិករនិងវិស័យឯកជនពាក់ព័ន្ធបន្តការអនុវត្តកសិកម្មល្អ(GAP) ក៏ដូចជាការអនុវត្តផលិតកម្មល្អ (GMP) លើការកែច្នៃ វេចខ្ចប់ រក្សាទុក និងដឹកជញ្ជូន សំដៅរក្សាគុណភាព និងសុវត្ថិភាពចំណីអាហារ ព្រមទាំងអនុវត្តតាម នីតិវិធីនៃប្រទេសនាំចូល ដើម្បីបង្កើនសក្ដានុពលទីផ្សារកសិ-ចំណីអាហារកម្ពុជា។

ក្រសួងសូមយកឱកាសនេះថ្លែងអំណរគុណដល់អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះការ
យកចិត្តទុកដាក់ និងកិច្ចសហប្រតិបត្តិការល្អក្នុងការជំរុញអនុវត្តនីតិវិធីពាក់ព័ន្ធ ដើម្បីបង្កើនឱកាសនាំចេញសម្រាប់កសិផល របស់កម្ពុជាក្នុងពេលកន្លងមកនេះ។ រក្សាសិទ្ធដោយ៖សុទ្ធលី

×