ភ្នំពេញ ៖ ទាក់ទងនឹងករណីថាព្រលឹងខ្មោចចូលសណ្ឋិត នោះបើតាមចាស់ៗបុរាណ ឬ អ្នកអបិយជំនឿនិយម តែងតែនិយាយតៗគ្នាថាគឺមានពិត ហើយគេក៏តែងសង្កេតឃើញការធ្វើពិធីបណ្តេញខ្មោចតាមរយៈព្រះសង្ឃសូត្រធម៌។ ប៉ុន្តែ ទោះយ៉ាងណា រឿងអបិយជំនឿនេះ ពុំទាន់ត្រូវបានវិទ្យាសាស្ត្រដ៏ជឿនលឿន អាចបកស្រាយបញ្ជាក់បាននៅឡើយ។
យ៉ាងណាមិញ សម្រាប់វីដេអូមួយ ដែលបង្ហាញឲ្យឃើញបុរសវ័យក្មេងម្នាក់ ដែលគេថាជាតារា Tik Tok ត្រូវខ្មោចចូលសណ្ឋិតស្តែងៗ ស្រាប់តែត្រូវបានមនុស្សជាច្រើន បែរជានាំគ្នារិះគន់ថាជាការសម្តែងដើម្បីចង់ល្បី និងចោទថាពួកបំពុលសង្គមទៀតផង។
ក្នុងនោះ អ្នកខ្លះបានដាក់ឲ្យបែបៗនេះថា៖ «ពួកបំពុលសង្គម អោយតែអាតារាទើបចូលសិល្បៈ ជំហ៊ានដំបូង ធ្វើឈ្លោះជេរបញ្ចោគ្នាដើម្បីល្បី ឬធ្វើជាខ្មោចចូល ! (មើលដល់ចប់បានដឹង ខ្មោចបាញ់ទឹកអប់ចូលភ្នែកខ្មោចចេះផ្សារក្រហាយភ្នែក), ស្ងាត់ពេកលេងឈុតធំម៉ង»។ ប៉ុន្តែ អ្នកខ្លះទៀត ដែលជឿលើរឿងនេះ បានដាក់ឲ្យទៅវិញថា៖ «មនុស្សពូកែរិះគន់គេអ៊ីចឹង បើប៉ះលើខ្លួនឯងវិញជឿផ្កាប់មុខ ទាល់តែចាប់មិនឈ្នះ ឃាត់ក៏មិនជាប់ទើបដឹង, គ្រាន់តែមើលរូបភាពក៏ព្រឺក្បាលដែរ បើមិនជឿ កុំប្រមាថ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង