កាលពីពេលថ្មីៗនេះ វីដេអូមួយត្រូវបានគេចែករំលែកយ៉ាងផុសផុល ពេញបណ្តាញសង្គម ដោយបង្ហាញឲ្យឃើញអ្នកជំងឺ Covid-19 កំពុងផឹកស្រាបៀរយ៉ាងរំភើយ នៅក្នុងមណ្ឌលដាក់ឲ្យនៅដាច់ដោយឡែក។
នៅក្នុងវីដេអូនោះ គេបានឃើញអ្នកជំងឺមួយក្រុមមានទាំងប្រុស និងស្រី កំពុងអង្គុយព័ទ្ធវង់ជាមួយធុងពីរ (ដាក់ពេញទៅដោយស្រាបៀរ Tiger និងទឹកកក) នៅចំកណ្តាលពួកគេ។
អ្នកជំងឺហាក់ដូចជាគ្មានការខ្វល់ខ្វាយ និងផ្ទុយទៅវិញ បែរនាំគ្នារីករាយនឹងខ្លួនឯង ខណៈពេលកំពុងព័ទ្ធវង់គាស់ស្រា ជល់គ្នា។ តែទោះយ៉ាងណា វីដេអូនេះបានទទួលការចាប់អារម្មណ៍ពីសំណាក់អាជ្ញាធរ។
យោងតាម Bernama ពួកអ្នកជំងឺនៅក្នុងវីដេអូនោះ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក នៅមជ្ឈមណ្ឌលព្យាបាលកូវីដ១៩ (PKRC) ស្ថិតនៅ Sabah ប្រទេសម៉ាឡេស៊ី។
ប្រធានសហជីពនៃនិយោជិកក្នុងសេវាសាធារណៈ និងស៊ីវិល (CUEPACS) លោក Adnan Mat បាននិយាយថា អាកប្បកិរិយារបស់ពួកគេបង្ហាញឲ្យឃើញថាពួកគេមិនមានការគោរពចំពោះការលះបង់របស់បុគ្គលិកជួរមុខ នៅពេលពួកគេបានប្រព្រឹត្តិបទល្មើសជាក់ស្តែង នៅក្នុងតំបន់មួយដែលត្រូវបានប្រើជាមណ្ឌលសុខភាពដើម្បីព្យាបាលជំងឺកូវីដ១៩។
លោកក៏បានបន្ថែមទៀតថា ទង្វើនៃការផឹកស្រាបៀរ អាចបណ្តាលឱ្យមិនស្រួលដល់អ្នកជំងឺដទៃទៀត ដែលកំពុងត្រូវបានព្យាបាល ហើយអាចបង្កបញ្ហាផ្សេងទៀត ប្រសិនបើស្ថានភាពនេះមិនអាចគ្រប់គ្រងបាន។
លោក Adnan បន្តថា «CUEPACS ចង់ចាត់វិធានការចំពោះអ្នកដែលចូលរួមផ្គត់ផ្គង់ ឬចែកចាយស្រាដល់អ្នកជំងឺ… សកម្មភាពរបស់អ្នកដែលពាក់ព័ន្ធ គឺមិនសមហេតុផលទេ ពីព្រោះពួកគេហាក់ដូចជាសប្បាយរីករាយ ខណៈបុគ្គលិកជួរមុខរវល់បែកញើស ដើម្បីជួយសង្គ្រោះប្រជាជន»។
លោកក៏បានមានប្រសាសន៍ថា ប្រសិនបើសន្តិសុខ ឬបុគ្គលិកសុខាភិបាល ពាក់ព័ន្ធនឹងទង្វើនេះ គួរតែមានវិធានការវិន័យ ព្រោះវាធ្វើឱ្យប៉ះពាល់មុខមាត់ប្រទេសជាតិ ជាពិសេសពាក់ព័ន្ធនឹងមន្ត្រីរាជការតែម្តង។
លោកស្រីវេជ្ជបណ្ឌិត Christina Rundi ប្រធានសុខាភិបាល Sabah មានប្រសាសន៍ថា ករណីនេះកំពុងស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ។ លោកស្រីក៏បានសង្កត់ធ្ងន់ថាការទទួលទានគ្រឿងស្រវឹង មិនត្រូវបានអនុញ្ញាតនៅក្នុង PKRC ឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង