Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្នាក់ងារនគរបាល​យុត្តិធម៌ ធ្វើ​កិច្ច​អន្តរាគមន៍ ផ្តល់​កិច្ចការពារ​និង​ឆ្លើយតប​ជា​ពហុ​វិស័យ​ចំពោះ​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ​

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៩ ខែមករា ឆ្នាំ​២០២១​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ពិធី​ប្រកាស​ផ្សព្វផ្សាយ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ផែនការ​សកម្ម​ភាពជា​តិ​ស្ដីពី ការទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី ២០១៩-២០២៣ ប្រារព្ធ​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា​។​

​លោកជំទាវ​កិត្តិ​បណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី មានប្រសាសន៍ថា​ផែនការ​សកម្មភាព​ជាតិ​នេះ គឺជា​ផែនទី​តម្រង់ទិស​សម្រាប់​ក្រសួង ស្ថាប័ន ប្រតិបត្តិ​ករ​នៅ​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ អង្គការ​សង្គម​ស៊ីវិល វិស័យ​ឯកជន ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ក្នុងការ​អនុវត្ត​ការងារ​បង្ការ​ទប់ស្កាត់ ឆ្លើយតប និង​ដោះស្រាយ​អំពើហិង្សា​លើ​ស្ត្រី​និង​ក្មេងស្រី​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ខ្ពស់​។​

​លោកជំទាវ​បន្តថា​យុទ្ធសាស្ត្រ​នៃ​ផែនការ​សកម្មភាព​ជាតិ​នេះ ផ្តល់​អភិក្រម និង​មូលដ្ឋាន​ច្បាស់លាស់​ដើម្បី​លើកកម្ពស់​ការបង្កើន​កិច្ច​អន្តរាគមន៍​បង្ការ​ទប់​ស្កាត់ ការបង្កើន​ការឆ្លើយតប ការបង្កើន​ការទទួលបាន​សេវា​ប្រកបដោយ​គុណភាព ដោយបាន​ដាក់ចេញ​យុទ្ធសាស្ត្រ​៤​រួមមាន ការបង្ការ​ទប់ស្កាត់​, កិច្ចការពារ​ផ្លូវច្បាប់ និង​សេវា​ពហុ​វិស័យ​, ការបង្កើត​និង​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​, ការតាមដាន​ត្រួតពិនិត្យ និង​ការវាយតម្លៃ​។​

​អញ្ជើញ​ថ្លែង​សុន្ទរកថា​នាឱកាស​នោះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុងនាម​រាជរដ្ឋាភិបាល បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ លទ្ធផល​នៃ​ការទប់ស្កាត់​និង​លុបបំបាត់​អំពើហិង្សា​លើ​ស្ត្រី ឆ្លុះបញ្ចាំង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​ប្រតិបត្តិ​ករ​ទាំងអស់ ដែលជា​ការរួមចំណែក​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ ការលើកកម្ពស់​សិទ្ធិ សេរីភាព​របស់​ប្រជាពលរដ្ឋ និង​ការអនុវត្ត​ច្បាប់​តាម​គោលការណ៍​នីតិរដ្ឋ​។

​សម្ដេច​ក្រឡាហោម​បាន​គូសបញ្ជាក់ថា បញ្ហា​អំពើហិង្សា​ក្នុង​គ្រួសារ ការរំលោភ​សេពសន្ថវៈ អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​លើ​ស្ត្រី​និង​កុមារ បញ្ហា​គ្រឿងញៀន នៅតែ​ជា​កង្វល់​ដែល​ទាមទារ​ការ​ចិត្ត​ទុកដាក់​ប្រឹងប្រែង​ពុះពារ​ជំនះ និង​ដោះស្រាយ​ប្រកបដោយ​យុត្តិធម៌ និង​កាន់​តែមាន​ប្រសិទ្ធភាព ដើម្បីឱ្យ​ប្រជាជន ពិសេស​ស្ត្រី​ដែលមាន​រហូតដល់​៥២​ភាគរយ អាច​រស់នៅ​ប្រកបដោយ​ការគោរព​សិ​ទិ្ធ សេចក្តីសុខ និង​សុវត្ថិភាព​ក្នុង​ជីវិត និង​ភាពសុខដុមរមនា​ក្នុងសង្គម​។​

​នៅក្នុង​ឱកាស​នោះដែរ សម្ដេច​ក្រឡាហោម​បាន​មានប្រសាសន៍​អំពី​ដំណើរការ​រៀបចំ​គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព​ដែល​ក្រសួងមហាផ្ទៃ​កំពុង​សហការ​ជាមួយ​គ្រប់​ក្រសួង​ស្ថាប័ន ក្នុងនាម​ជា​រាជរដ្ឋាភិបាល​តែម្ដង ហើយ​ដែល​ក្នុងនោះ​លក្ខ​ណៈស​ម្ប​តិ្ត​ទី​៣​នៃ​គោលនយោបាយ​ដែលមាន​លក្ខណៈសម្បត្តិ​៨​ចំណុច ក៏បាន​ចែងថា គ្មាន​អំពើ​អនាចារ ការជួញដូរ​ស្ត្រី​និង​កុមារ និង​អំពើហិង្សា​ក្នុង​គ្រួសារ​។​

​សម្ដេច​បាន​អំពាវនាវ​ប្រតិបត្តិ​ករ​ទាំងអស់ សូម​បន្ត​គាំទ្រ​និង​រួមចំណែក​ឱ្យបាន​ខ្លាំងក្លា​ក្នុងការ​ប្រែក្លាយ​ឯកសារ​ផែនការ​សកម្មភាព​ជាតិ​ឱ្យទៅជា​សកម្មភាព​ជាក់ស្តែង និង​អនុវត្ត​ប្រកបដោយ​ភាពជោគជ័យ សំដៅ​លុបបំបាត់​អំពើហិង្សា​លើ​ស្ត្រី លើកកម្ពស់​សមធម៌ បរិ​យា​ប័ន្ន និង​ភាពសុខដុមរមនា​ក្នុងសង្គម ដែល​ប្រការនេះ​នឹង​ផ្តល់​តម្លៃបន្ថែម​នូវ​កាលានុវត្តភាព​ដល់​ស្ត្រី និង​ក្មេងស្រី ហើយ​ពួកគេ​អាច​ប្រើប្រាស់​សក្តានុពល​របស់​ខ្លួន​ជា​អតិបរមា ដើម្បី​រួម​គ្នាព​ន្លឿ​ន​កិច្ច​អភិវឌ្ឍ​ជាតិ​។​

​ពី​វេទិការ​អធិបតី​នេះ សម្ដេច​បានផ្តល់​អនុសា​សន៍​មួយចំនួន​ដល់​ក្រសួង ស្ថាប័ន​ជាតិ ផ្នែក​ឯកជន សង្គម​ស៊ីវិល ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​អន្តរជាតិ​ទាំងអស់ និង​ប្រជាពលរដ្ឋ​គ្រប់រូប ក្នុងនោះ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​បញ្ចូល​សកម្មភាព​ដែល​ពាក់ព័ន្ធ​នឹង​ការងារ​បង្ការ​ទប់ស្កាត់ និង​ឆ្លើយតប​នឹង​អំពើហិង្សា​លើ​ស្ត្រី​ទៅក្នុង​ផែនការ​សកម្មភាព​រប​ស់​ក្រសួង ស្ថាប័ន​សាមី ដើម្បី​លើក​គម្រោង​ចំណាយ និង​ការពារ​ថវិកា​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​សម្ដេច​បានផ្ដល់​អនុសា​សន៍​ឱ្យ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី អង្គភាព​ពាក់ព័ន្ធ​នៃ​ក្រសួងមហាផ្ទៃ ត្រូវ​សហការ​ជាមួយ​ក្រសួង​កិច្ចការនារី ដើម្បី​ជំរុញ​ការបង្កើត​ក្រុមការងារ​ឆ្លើយតប​ជា​ពហុ​វិស័យ​ចំពោះ​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ នៅ​គ្រប់​រាជធានី​ខេត្ត​សំដៅ​ពង្រឹង​ការផ្តល់សេវា​ឆ្លើយតប​នឹង​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី​ប្រកបដោយ​គុណភាព មាន​ប្រសិទ្ធភាព និង​ទាន់ពេលវេលា តាមរយៈ​ការធ្វើ​កិច្ចសហការ​គ្នា​នៃ​អ្នកផ្តល់​សេវា និង​អ្នកពាក់ព័ន្ធ​ទាំងអស់​។​

​សម្ដេច​បាន​ណែនាំ​ឱ្យ​បន្ត​ពង្រឹង​កិច្ចសហការ និង​ការទទួលខុសត្រូវ​ខ្ពស់​របស់​អ្នកផ្តល់​សេវា ក៏ដូចជា​កិច្ចសហការ​ល្អ និង​ជិតស្និទ្ធ​រវាង​នគរបាលជាតិ កងរាជអាវុធហត្ថ កងកម្លាំងប្រដាប់អាវុធ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ជាមួយ​មន្ត្រីនគរបាល​យុត្តិធម៌ និង​ភ្នាក់ងារនគរបាល​យុត្តិធម៌​របស់​ក្រសួង​កិច្ចការនារី​ប្រតិបត្តិ​ករ​ពាក់ព័ន្ធ​ទាំងអស់​ដែល​ធ្វើ​កិច្ច​អន្តរាគមន៍ ការផ្តល់​កិច្ចការពារ​និង​ការឆ្លើយតប​ជា​ពហុ​វិស័យ​ចំពោះ​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×