បាត់ដំបង ៖ ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្តនិងជានាយកគម្រោងខេត្តបាត់ដំបង បានមានប្រសាសន៍ថា ក្រុមការងារថ្នាក់ស្រុក ថ្នាក់ខេត្តនិងសមាជិកសមាជិកា ដែលជាសេវាករនិងអ្នកពាក់ព័ន្ធទាំងអស់ ដែលមកពីស្រុកចំនួន៤ រួមមានស្រុកមោងឫស្សី ស្រុករុក្ខគីរី ស្រុកបវេល ស្រុកថ្មគោលនិងមកពីឃុំចំនួន៣០ឃុំ ត្រូវចងក្រុមកែលម្អទីផ្សារសម្រាប់ខ្សែសង្វាក់តម្លៃកសិកម្ម និងចំណងទីផ្សាររបស់គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាបជំហាន២ ដើម្បីបង្កើនការយល់ដឹងថ្មីៗជូនដល់មន្ត្រីពាក់ព័ន្ធ
ស្តីពីការបង្កើតទីផ្សារកសិកម្មសម្រាប់កសិករ។ ត្រូវសម្រេចឲ្យបាននូវលទ្ធផលសំខាន់ៗចំនួនបី គឺទី១-ការកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទ គាំទ្រផលិតភាពកសិកម្មនិងកែលម្អជីវភាព បង្កើនសមត្ថភាពគ្រប់គ្រងហានិភ័យនិងគ្រោះមហន្តរាយ។ទី២-ការកែលម្អបរិយាកាស សម្រាប់ការបង្កើតនូវផលិតភាពកសិកម្ម ពិពិធកម្មកសិកម្ម និងភាពធន់នឹងអាកាសអាតុ។ទី៣-ការគ្រប់គ្រងគម្រោងប្រកបដោយប្រសិទ្ធភាព។
ការលើកឡើបបែបនេះ ក្នងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តនូវផែនការសកម្មភាពនិងថវិកាឆ្នាំ២០២១ ក្រោមក្របខណ្ឌគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចក្នុងតំបន់ទន្លេសាប ជំហាន២ របស់ខេត្តបាត់ដំបង នៅសណ្ឋាគារឡឺប្រស៊ីដង់ ដែលរៀបចំឡើងដោយក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ(គជអប) កាលពីព្រឹកថ្ងៃទី១៩ ខែមករាឆ្នាំ២០២១។គោលបំណងបើកអង្គសិក្ខាសាលាផ្សព្វផ្សាយនេះគឺផ្តោតសំខាន់ដើម្បីឲ្យមន្ត្រីកសិកម្មស្រុកនិងមន្ត្រីផ្សព្វផ្សាយព័ត៌មានចល័តឃុំ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការចងក្រុមកែលម្អទីផ្សារសម្រាប់ខ្សែសង្វាក់តម្លៃកសិកម្មនិងចំណងទីផ្សាររបស់គម្រោងកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាបជំហាន២ ដើម្បីបង្កើននូវការយល់ដឹងថ្មីៗជូនដល់មន្ត្រីពាក់ព័ន្ធខាងលើ តាមរយៈការផ្សព្វផ្សាយសៀវភៅណែនាំ ស្តីពីការបង្កើតទីផ្សារកសិកម្មសម្រាប់កសិករ។ ជាពិសេសក្រុមកែលម្អជីវភាពនិងការសម្របសម្រួល និងការច្របាច់បញ្ចូលរវាងអ្នកទិញនិងក្រុមកសិករផលិត ដើម្បីជួយដោះស្រាយទីផ្សារសម្រាប់កសិករតាមខេត្ត ស្រុក ឃុំ សង្កាត់គោលដៅនីមួយៗរបស់គម្រោង( TSSD-AF)។
ឯកឧត្តម អ៊ុយ សុធាវី បានមានប្រសាសន៍ថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍នានារួមមានធនាគារអភិវឌ្ឍន៍អាស៊ី(ADB)និងមូលនីធិអន្តរជាតិ សម្រាប់ការអភិវឌ្ឍកសិកម្ម(IFAD) ដែលបានផ្តល់ជំនួយឥតសំណងនិងហិរញ្ញប្បទានកម្ចីសម្រាប់ជួយដល់ប្រជាពលរដ្ឋក្រីក្រ តាមរយៈនៃគម្រោងកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប ជំហាន២។ ព្រមទាំងក្រុមការងារអនុវត្តគម្រោងទាំងអស់និងអ្នកពាក់ព័ន្ធ ដើម្បីឆ្លើយតបនឹងតម្រូវការប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍។
ឯកឧត្តម អ៊ុយ សុធាវី បានជំរុញលើកទឹកចិត្តដល់ក្រុមការងារថ្នាក់ខេត្ត ស្រុក ឃុំនិងសេវាករព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ ដែលជាសិក្ខាកាម ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងការស្តាប់បទបង្ហាញ របស់ក្រុមសម្របសម្រួលថ្នាក់ជាតិនិងថ្នាក់ខេត្ត ដើម្បីឲ្យគម្រោងអនុវត្តទៅតាមគោលបំណង ដែលបានគ្រោងនិងការរំពឹងទុករបស់ខ្លួន។
គួររំលឹកផងដែរថា គម្រោងកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍កសិកម្មខ្នាតតូច តំបន់ទន្លេសាប ជំហាន២នឹងត្រូវអនុវត្តរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០០៨ដល់ឆ្នាំ២០២៣ ដោយអនុវត្តលើខេត្តចំនួន៧ ក្នុងនោះមានខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង ខេត្តកំពង់ធំ ខេត្តសៀមរាបនិងខេត្តបន្ទាយមានជ័យ។ ដោយឡែកខេត្តបាត់ដំបង មានស្រុកគោលដៅចំនួន៤រួមមានស្រុកមោងឫស្សី ស្រុករុក្ខគីរី ស្រុកបវេល ស្រុកថ្មគោលនិងឃុំចំនួន៣០ឃុំ៕ រក្សាសិទ្ធិដោយៈអ៊ុងសារុំ