ភ្នំពេញ ៖ ស្នេហា តាមន័យត្រង់ គឺជាការស្រឡាញ់ស្អិត ឬជាប់ស្អិត ដែលគ្មាននរណាងាយនឹងបេះផ្ដាច់ចេញ ឬបំបែកចេញបានពីអ្វី ឬអ្នកដែលខ្លួនស្រឡាញ់បានឡើយ។ ចំណែក ពាក្យថា «ស្នេហាអមតៈ» វិញ គឺចង់សំដៅថាជាស្នេហាដ៏ស្មោះស្ម័គ្រ, ជាស្នេហាប្តូរផ្តាច់បំផុត ដែលស្នេហានេះគឺកម្រមានណាស់ ពោលគឺមួយរយគូរកបានតែមួយគូប៉ុណ្ណោះ ហើយភាគច្រើនយើងតែងតែប្រទះនៅក្នុងខ្សែភាពយន្តប៉ុណ្ណោះ។
យ៉ាងណាមិញ បើយើងក្រឡេកមើលគូស្នេហ៍វាងលោក និងលោកយាយមួយគូនេះវិញ ដែលម្នាក់ៗចូលវ័យប្រហែល ១០០ ឆ្នាំ ទៅហើយ បានធ្វើឲ្យគ្រប់គ្នាមានការរំជួលចិត្ត និងត្រូវបានចាត់ទុកថាជាស្នេហាអមតៈ ក្រោយពីបានឃើញលោកតាបង្ហាញនូវទឹកមុខក្នុងចិត្តមានការព្រួយបារម្ភជាខ្លាំង ដោយបានកាន់ដៃភរិយាជាទីស្រឡាញ់ជាប់ ក្នុងបំណងមិនចង់ឃ្លាតគ្នាក្នុងមួយនាទីណា ខណៈលោកយាយជាភរិយា ហាក់មិនស្រួលខ្លាំង ដែលជាពេលវេលាមួយចង់បញ្ជាក់ថាត្រៀមលាគ្នាជាលើកចុងក្រោយ។
តែយ៉ាងណា អ្វីដែលគួរឲ្យសរសើរនោះ បើទោះជាមានវ័យច្រើនបែបនេះទៅហើយក្តី តែមើលទៅពួកគាត់ទាំងពីរ គឺហាក់នៅមានសាច់ឈាមទ្រលុកទ្រលន់ស្រស់បស់ ជាពិសេសលោកតា គឺពុំត្រឹមតែមានរក្សាបានសាច់ហាប់ណែនប៉ុណ្ណោះទេ គឺថែមទាំងនៅមានស្មារតី និងសុខភាពមាំទាំល្អណាស់។
ក្រោយពីបានឃើញវីដេអូនេះហើយ អ្នកលេងបណ្តាញសង្គមបានចូល comment កោតសរសើរពីទឹកចិត្តរបស់លោកតា ជាមួយសញ្ញាបេះដូងព្រោងព្រាត។ ក្នុងនោះ អ្នកខ្លះថា «ក្មេងៗសម័យនេះ ដើរញ៉ែគ្នាគ្មានរើសមុខ ស្នេហាភ្លើងចំប៉ើង មិនដូចចាស់សម័យដើមទេ, ចៅចង់បានចឹងដែរ លោកតាលោកយាយ!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង