ភ្នំពេញ៖ ភាគីកម្ពុជាបានឯកភាពជាមួយភាគីឥណ្ឌាថា នឹងរៀបចំដំណើរការតភ្ជាប់ជើងហោះហើរត្រង់ ក្រោយពេលវិបត្តិជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់ ដើម្បីជំរុញសកម្មភាពទេសចរណ៍ឡើងវិញ និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធថែមទៀត។
ការឯកភាពនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ជាមួយលោកជំទាវ ទេវ្យានី ឧត្តម ខូប្រាហ្កាដេ (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា នៅទីស្ដីការក្រសួងទេសចរណ៍ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។
ថ្នាក់ដឹកនាំទាំងពីរបានលើកឡើងអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្ររវាងកម្ពុជា-ឥណ្ឌា និងបានពង្រឹងវិស័យការទូតកាន់តែជិតស្និទ្ធជាមួយគ្នា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក នរិន្ទ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឥណ្ឌា។
កម្ពុជា-ឥណ្ឌាមានទំនាក់ទំនងវប្បធម៌ និងសាសនាជាមួយគ្នាដ៏យូរលង់ ហើយកាលពីមុនកើតមានវិបត្តិជំងឺកូវីដ-១៩ ប្រជាជនកម្ពុជាក៏ចូលចិត្តទៅលេងកម្សាន្តនៅឥណ្ឌា តាមរយៈដំណើរទេសចរណ៍បែបសាសនាច្រើនណាស់ដែរ ដូច្នេះហើយទើបឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានស្នើដល់ស្ថានទូតឥណ្ឌា ក៏ដូចជារដ្ឋាភិបាលឥណ្ឌា ធ្វើយ៉ាងណារៀបចំឱ្យមានខ្សែទស្សនកិច្ចបែបសាសនានេះឡើងវិញ បន្ទាប់ពីចប់វិបត្តិជំងឺកូវីដ-១៩។
ទាក់ទងនឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងអំពីសំណើឱ្យមានការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា-ឥណ្ឌា ក្រោយពន្យារពេលអស់មួយរយៈដោយសារការរំខានពីការរីករាលដាលនៃជំងឺកូវីដ-១៩។ លោកជំទាវ ទេវ្យានី ក៏បានអះអាងថា ការងារនេះក៏ជាការងារអាទិភាពក្នុងបេសកកម្មជាឯកអគ្គរដ្ឋទូតរបស់លោកស្រីផងដែរ។
បើតាមលោកជំទាវ ទេវ្យានី ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា នឹងរួមសហការជាមួយក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធដទៃទៀតក្នុងការបន្តរៀបចំទិវាយោគៈអន្តរជាតិ (International Yuga Day) នៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តបាត់ដំបងជាដើម។
ឯកឧត្តមបណ្ឌិត ថោង ខុន បានស្នើសុំឱ្យឥណ្ឌាបន្តរៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្តអាស៊ាន-ឥណ្ឌា និងចលនាទេសចរបើកបរដោយខ្លួនឯង ដែលនឹងក្លាយជាព្រឹត្តិការណ៍រឹតចំណងមិត្តភាព ក៏ដូចជាជំរុញចលនាទេសចរតាមផ្លូវគោករវាងឥណ្ឌា និងអាស៊ាន។ លោកជំទាវឯកអគ្គរដ្ឋទូតក៏បានទទួលយល់ព្រម និងគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្ដួចផ្ដើមនេះ ពីព្រោះវានឹងផ្ដល់ប្រយោជន៍ច្រើនដល់វិស័យទេសចរណ៍ ស្របពេលបច្ចុប្បន្នយុវជនឥណ្ឌាពិតជាចូលចិត្តខ្លាំងណាស់ចំពោះដំណើរទេសចរណ៍បែបនេះ។
ស្ថានទូតឥណ្ឌាក៏បានគាំទ្រដល់គម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាបន្តទៀត ព្រមទាំងអភិវឌ្ឍន៍ទេសចរណ៍ឌីជីថល ដោយលោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌាសន្យាថា នឹងសម្របសម្រួលដល់ការបណ្ដុះបណ្ដាលអ្នកជំនាញទេសចរណ៍តាមរយៈប្រព័ន្ធវីដេអូអនឡាញ។
ក្រៅពីនេះ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជាក៏នឹងជួយ
កែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតាមតំបន់អេកូទេសចរណ៍ ទេសចរណ៍វប្បធម៌ ដូចជាការកែលម្អផ្លូវចូល ផ្លាកសញ្ញា ការបណ្ដុះបណ្ដាលប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យទទួលជំនាញក្នុងការស្វាគមន៍ភ្ញៀវទេសចរកាន់តែល្អប្រសើរ។
ភាគីទាំងពីរនឹងបង្កើតក្រុមការងារ ដែលមានសមាសភាពពីក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន និងក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ក៏ដូចជាក្រុមការងារនៅស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងក្រុមការងារឥណ្ឌានៅរដ្ឋធានីញូវដេលីផងដែរ ដើម្បីអនុវត្តការងារទាំងអម្បាលម៉ាននេះឱ្យបានល្អប្រសើរ ក្រោមការរំពឹងទុកថានឹងចាប់ផ្ដើមអនុវត្តនៅក្រោយពេលចប់វិបត្តិជំងឺកូវីដ-១៩៕ រក្សាសិទ្ធិដោយ៖ បញ្ញាស័ក្តិ