ភ្នំពេញ ៖ ជឿជាក់ថា ប្រិយមិត្តជាច្រើនប្រាកដណាស់ បានស្គាល់ច្បាស់ហើយ ពីគូស្នេហ៍ខុសវ័យមួយគូ ដែលខាងប្រុសអាយុចូល ៦០ ឆ្នាំ ប្រៀបដូចឪពុក ឬ អាចហៅអ៊ុំបាន ខណៈខាងស្រីវិញមានរូបសម្រស់ស្អាតវ័យជាង ២០ ឆ្នាំ ប៉ុណ្ណោះ។
ពិតណាស់ ក្រោយពីបានឃើញអ្នកទាំងពីរដឹកដៃគ្នាចូលរោងការ កាលពីអំឡុងខែមីនា ឆ្នាំ២០១៨ បង្កការភ្ញាក់ផ្អើលពេញហ្វេសប៊ុក នៅពេលនោះ ក៏មានមនុស្សភាគច្រើនបាននាំគ្នាចោទឡើងថា នេះគឺជាអំណាចនៃទឹកលុយពីសំណាក់កូនកំលោះវ័យចំណាស់ ជះទៅលើគ្រួសារកូនក្រមុំ ជាជាងក្តីស្រឡាញ់ចិត្តនិងចិត្តរវាងអ្នកទាំងពីរ។
ទោះយ៉ាងណា ពាក្យសម្តីចោទឡើងខាងលើនេះ គឺផ្ទុយស្រឡះ ព្រោះថាក្រោយពីបានរៀបការរួច កូនកំលោះត្រូវបានដឹងថា គាត់ពុំមានជាថៅកែក្រុមហ៊ុន ឬ សេដ្ឋីនោះទេ ពោលគឺគាត់ជាមនុស្សសាមញ្ញធម្មតា និងប្រកបរបររត់កង់បីឥណ្ឌាផងដែរ។
ក្រោយៗមកទៀត គូស្នេហ៍នេះ ក៏បានបង្ហាញនូវអ្វីៗលើសពីការស្មាន តាមរយៈការបង្ហោះរូបភាពផ្អែមល្ហែមនឹងគ្នាទាំងនៅផ្ទះ និងដើរលេងកម្សាន្ត នៅលើបណ្តាញសង្គមហ្វេសប៊ុក។ ហើយជារឿយៗ គេតែងឃើញនារីជាភរិយា បានបង្ហោះសារសរសើរប្តីពុំដាច់ពីមាត់នោះទេ ព្រោះតែដើម្បីប្រពន្ធ គាត់ខំចេញរកស៊ីពុំគិតជាការនឿយហត់នោះទេ និងការលើកសរសើរជាច្រើនទៀតរាប់មិនអស់។
ដោយឡែក កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ម្សិលមិញនេះ អ្នកទាំងពីរបានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើល និងរំភើបជំនួសជាខ្លាំង ខណៈនារីជាប្រពន្ធបានបង្ហោះដំណឹងល្អមានផ្ទៃពោះ ក្រោយរៀបការជាង៣ឆ្នាំ។ ក្នុងនោះ ប្រពន្ធរូបនេះដែលមានគណនីហ្វេសប៊ុកឈ្មោះ Neng Chanthy Chamming បានបង្ហោះសាររៀបរាប់ទាំងក្តីរំភើបថា៖ «ម៉ាក់ និងប៉ា ក៏ដឹងថាគ្រប់ជីវិតគឺមានទុក្ខ ម៉ាក់មិនដឹងថា ត្រូវត្រេកអរ ឬយ៉ាងណា សម្រាប់ការផ្ដល់នូវជីវិតថ្មីមួយនេះ អ្វីដែលម៉ាក់ខ្លាច គឺខ្លាចមិនអាចផ្ដល់ចំណេះដឹងអោយកូនបានគ្រប់ជ្រុងជ្រោយ ម៉ាក់ប៉ាសុំទោសដែលនាំកូនមកពិបាកជាមួយ តែម៉ាក់ត្រេកអរ ដែលម៉ាក់មានកូនដែលជាចំណងដៃនៃក្ដីស្រឡាញ់រវាងម៉ាក់ និងប៉ា សូមឲ្យកូនជាកូនដ៏ល្អសម្រាប់ម៉ាក់ និងប៉ា»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង