វីដេអូខ្លីមួយ ដែលបង្ហាញសត្វឆ្កែដ៏គួរឲ្យស្រឡាញ់១ក្បាល អង្គុយនៅមុខច្រកចូលប្រាសាទមួយកន្លែងនៅក្នុងរដ្ឋ Maharashtra ប្រទេសឥណ្ឌា ជាមួយកាយវិការរាក់ទាក់ និងដូចឲ្យ «ពរជ័យ» ដល់មនុស្សរាល់គ្នា បានកំពុងរីករាលយ៉ាងលឿន នៅលើបណ្តាញសង្គម និងទទួលបានការចូលចិត្តរាប់ពាន់។
អ្នកដែលថតឃ្លីបវីដេអូនេះ និងចែករំលែកនៅលើបណ្តាញសង្គម កាលពីថ្ងៃអាទិត្យ គឺត្រូវបានដឹងថាមានឈ្មោះ Arun Limadia។ ហើយជាមួយគ្នានោះផងដែរ Arun បានប្រាប់ឲ្យដឹងថា រូបគេគឺជាអ្នកថតទិដ្ឋភាពនេះនៅខាងក្រៅប្រសាទ Siddhivinayak ស្ថិតក្នុងទីក្រុង Siddhatek នៅក្នុងស្រុក Ahmednagar ភាគខាងលិចនៃប្រទេសឥណ្ឌា។
នៅក្នុងឃ្លីបខ្លីមួយ បានបង្ហាញសត្វឆ្កែនោះអង្គុយនៅលើវេទិកាខ្ពស់មួយ ស្ថិតនៅមុខច្រកចូលប្រសាទ ខណៈមនុស្សម្នាដើរឆ្លងកាត់វា។ ក្នុងនោះ គេបានឃើញស្ត្រីម្នាក់បានឈោងដៃទៅប៉ះវា ហើយភ្លាមៗនោះ វាក៏បានដាក់ជើងម្ខាងទៅលើដៃរបស់គាត់។ ខណៈស្ត្រីនោះនៅតែបន្ត វាបានលើកជើងរបស់វាម្តងទៀត «ចាប់ដៃ» ជាមួយមនុស្សដែលមានជំនឿមុតមាំផ្សេងទៀត ដែលកំពុងដើរចេញចូលពីប្រាសាទ។
ដោយឡែក នៅក្នុងឈុតវីដេអូមួយទៀត ក៏បានបង្ហាញបុរសម្នាក់សូម្បីគ្រវីដៃរបស់គាត់ និងឱនក្បាលគោរពឆ្កែ។ ហើយវាក៏បានបន្តលើកជើងរបស់វា ដែលមើលទៅហាក់ដូចកំពុងឲ្យ «ពរជ័យ» ដល់គាត់អ៊ីចឹង។ បន្ទាប់មក បុរសនោះបានថើបក្បាលរបស់វា មុនពេលបន្តដំណើរចុះមកខាងក្រោម។
វីដេអូទាំងពីរ ដែលបានរីករាលដាលនៅលើបណ្តាញសង្គម ឃើញថាទទួលបានការចូលចិត្តជាង 15k និងមតិយោបល់ជាង 1K ពីអ្នកលេងអ៊ីនធឺណេត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង