ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិលទ្ធផលនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ តាមរយៈប្រព័ន្ឋវីដេអូ។រដ្ឋមន្ត្រីការបរទេសអាស៊ាន បង្ហាញការប្តេជ្ញាចិត្តដើម្បីអនុវត្តក្របខណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយឱ្យបានឆាប់ រហ័ស ប្រើប្រាស់មូលនិធិសម្រាប់ការឆ្លើយតបទៅនឹងជំងឺកូវីដ -១៩។
នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេស អាស៊ាន ដែលបានរៀបចំឡើងតាមរយៈប្រព័ន្ធវីដេអូ។
កិច្ចប្រជុំបានសម្តែងការគាំទ្រចំពោះមូលបទរបស់ប្រទេសប្រ៊ុយណេ “យើងយកចិត្តទុកដាក់, យើងត្រៀមលក្ខណៈ, យើងរីកចម្រើន” និងចំណុចអាទិភាពគន្លឹះទាំងបី ដែលផ្តោតជាសំខាន់ទៅលើ ការកសាងសហគមន៍មួយប្រកបដោយភាពសុខដុមរមនា ការត្រៀមលក្ខណៈនិងសម្របខ្លួនសម្រាប់ ពេលអនាគតដើម្បីធានាសុខុមាលភាពប្រជាជនអាស៊ាន និងអនាគតដែលប្រកបដោយសន្តិភាព ចីរភាព និងវិបុលភាព ក៏ដូចជា ជំរុញការស្តារឡើងវិញរបស់អាស៊ានពីជំងឺរាតត្បាតសកលកូវីដ-១៩។
ដើម្បីអនុវត្តបន្តនូវសន្ទុះនៃកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងសហគមន៍អាស៊ាន ប្រ៊ុយណេ បានដាក់ចេញនូវគំនិតផ្តួចផ្តើមមួយចំនួន ដើម្បីបង្កើតនូវនិន្នាការដែលមានលក្ខណៈយុទ្ធសាស្ត្រ ដើម្បីផ្សាភ្ជាប់ការឆ្លើយតបរបស់អាស៊ានទៅនឹងគ្រោះអាសន្ន និងគ្រោះមហន្តរាយនានា ក្នុងគោល បំណងដើម្បីធានាថា សហគមន៍អាស៊ានទាំងមូលកាន់តែរឹងមាំឡើង និងត្រៀមលក្ខណៈជាស្រេច សម្រាប់អនាគត ។ គំនិតផ្តួចផ្តើមទាំងនោះរួមមាន ការបង្កើតវេទិកាដែលអាចឱ្យប្រជាជនអាស៊ាន ចូលរួមចំណែកដល់កិច្ចប្រឹងប្រែងបន្ធូរបន្ថយគ្រោះមហន្តរាយ លើកកម្ពស់ការប្រកាន់ភ្ជាប់នូវពហុភាគី និយម ជំរុញការស្គាល់អត្តសញ្ញាណអាស៊ានកាន់តែខ្លាំងក្លាឡើង តាមរយៈកម្មវិធីបណ្តុះបណ្តាល មន្ត្រីវ័យក្មេងរបស់អាស៊ាន ក៏ដូចជាលើកកម្ពស់សកម្មភាពរបស់យុវជននៅក្នុងរបៀបវារៈសន្តិភាព និងសន្តិសុខ ។
អំពីការកសាងសហគមន៍អាស៊ាន រដ្ឋមន្ត្រីការបរទេសអាស៊ាន បានពិភាក្សា ដានលើបញ្ហាមួយចំនួនបន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ នៅពេលវៀតណាម ជាប្រធាន អាស៊ាន ដើម្បីរក្សាសន្ទុះនៃកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងសហគមន៍អាស៊ាន ដូចជាលទ្ធផលនៃការត្រួតពិនិត្យពាក់កណ្តាលអាណត្តិនៃការអនុម័តផែនការលំអិតសហគមន៍អាស៊ានទាំងបី ព្រមទាំង ដំណើរការរៀបចំចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ ។ កិច្ចប្រជុំក៏បានពិភាក្សាអំពីការ ពន្លឿនការធ្វើសមាហរណកម្មអាស៊ាន តាមរយៈការអនុវត្តផែនការការងារនៃគំនិតផ្តួចផ្តើមសម្រាប់ សមាហរណកម្មអាស៊ានលើកទី៤ (២០២១-២០២៥) ការអនុវត្តនូវផែនការមេស្តីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥ ឲ្យបានពេញលេញ និងគាំទ្រការស្តារឡើងវិញក្នុងតំបន់ក្រោយពីជំងឺរាតត្បាតសកល។
ចំពោះការឆ្លើយតបជាលក្ខណៈតំបន់ទៅនឹងជំងឺរាតត្បាតសកលកូវីដ-១៩ កិច្ចប្រជុំបាន បង្ហាញការប្តេជ្ញាចិត្តដើម្បីអនុវត្តក្របខណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ានឱ្យបានឆាប់ រហ័ស ប្រើប្រាស់មូលនិធិសម្រាប់ការឆ្លើយតបទៅនឹងជំងឺកូវីដ -១៩ របស់អាស៊ាន និងធ្វើការងារឆ្ពោះ ទៅរកការបង្កើតក្របខណ្ឌក្នុងការរៀបចំច្រកធ្វើដំណើរក្នុងអាស៊ាន។
ចំពោះទំនាក់ទំនងជាមួយភាគីខាងក្រៅ កិច្ចប្រជុំបានសង្កត់ធ្ងន់ម្តងទៀតពីសារៈសំខាន់នៃ ការពង្រឹងមជ្ឈភាពនិងឯកភាពអាស៊ាន ក្នុងទំនាក់ទំនងជាមួយដៃគូខាងក្រៅរបស់អាស៊ាន តាមរយៈ យន្តការដឹកនាំដោយអាស៊ាន។ រដ្ឋមន្ត្រីការបរទេសអាស៊ានបានអបអរសារទការចូលកាន់តំណែង របស់រដ្ឋបាលសហរដ្ឋអាមេរិកថ្មី និងរំពឹងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហរដ្ឋអាមេរិក និង ជំរុញកិច្ចសហប្រតិបត្តិការកំរិតខ្ពស់ ដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពនៅ ក្នុងតំបន់។ កិច្ចប្រជុំក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃខួបលើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-ចិន ដោយភាគីទាំងពីរធ្វើការរួមគ្នាលើគំនិតផ្តួចផ្តើមដើម្បីជំរុញបន្ថែមនូវទំនាក់ទំនងគ្រប់ កំរិត ដើម្បីសុខុមាលភាព និងការអភិវឌ្ឍប្រកបដោយសន្តិភាពនៅក្នុងតំបន់ ។
សម្រាប់បញ្ហាក្នុងតំបន់ និងអន្តរជាតិ រដ្ឋមន្ត្រីបានចែករំលែកទស្សនៈ និងការយល់ឃើញ លើបញ្ហាមួយចំនួន រួមមាន ទិដ្ឋភាពភូមិសាស្ត្រនយោបាយ ការវិវឌ្ឍនៅតំបន់ឧបទ្វីបកូរ៉េ សេដ្ឋកិច្ច ពណ៌ខៀវ បញ្ហារដ្ឋរ៉ាខាញ និងបញ្ហាសមុទ្រចិនខាងត្បូង ។
ក្នុងកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងនូវចំណុចមួយចំនួន ដូចខាង៖
ចំពោះគំនិតផ្តួចផ្តើមសំខាន់ៗរបស់អាស៊ានក្នុងការឆ្លើយតបជំងឺកូវីដ-១៩ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានស្នើថា អាស៊ានគួរតែបង្កើនចំនួនទឹកប្រាក់មូលនិធិអាស៊ានក្នុង ការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ តាមរយៈការធ្វើទំនាក់ទំនងជាមួយវិស័យឯកជន ដើម្បីចូលរួមការបរិច្ចាគ។
សម្រាប់មជ្ឈភាពអាស៊ាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា “មាគ៌ាអាស៊ានដែលឈរលើគោលការណ៍ពិគ្រោះយោបល់និងកុងសង់ស៊ីស ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងសិទ្ធិអធិបតេយ្យភាពស្មើភាពគ្នា គឺរឹតតែសមស្របសម្រាប់ អាស៊ាននៅពេលជួបជាមួយភាពបត់បែននៅក្នុងការតម្រង់ទិសប្រឈមនឹងការប្រកួតប្រជែងរបស់ ប្រទេសមហាអំណាច ។
ចំពោះទំនាក់ទំនងជាមួយភាគីខាងក្រៅ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់សាជាថ្មីអំពីការស្វាគមន៍របស់កម្ពុជា ចំពោះការទទួលយកចក្រភពអង់គ្លេសជាដៃគូសន្ទនា របស់អាស៊ាន និងលើកទឹកចិត្តអាស៊ានឱ្យដោះស្រាយនូវរាល់បញ្ហានីតិវិធីនានា ។
ចំពោះបញ្ហាភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP ) ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវទំនុកចិត្តលើRCEP ថាជាចលករ ដ៏សំខាន់នៃការស្តារ និងធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ហើយបានលើកទឹកចិត្តដល់ប្រទេសដែល ចូលរួមក្នុង RCEP ទាំងអស់ពនឿនដំណើរការផ្តល់សច្ចាប័ន។
អំពីការវិវត្តនៅឧបទ្វីបកូរ៉េ ឯកឧត្តមបានលើកទឹកចិត្តឲ្យមានការចូលរួមកំរិតខ្ពស់ ជាមួយនឹងសាធារណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ តាមរយៈវេទិកាតំបន់អាស៊ាន (ARF ) ដើម្បីបង្កើតការយោគយល់កាន់តែប្រសើរឡើង និងអាចធ្វើឱ្យមានការអភិវឌ្ឍ ជាវិជ្ជមាន។
ចំពោះបញ្ហាសមុទ្រចិនខាងត្បូង កម្ពុជាចែករំលែកក្តីប្រាថ្នារួមចង់ឃើញសមុទ្រចិនខាងត្បូង ជាសមុទ្រសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព។ កម្ពុជាតែងតែ លើកទឹកចិត្តដល់ភាគីពាក់ព័ន្ធដោយផ្ទាល់ ដើម្បីដោះស្រាយភាពខុសគ្នា ប្រកបដោយការ យោគយល់គ្នា តាមរយៈកិច្ចពិភាក្សាដោយសន្តិវិធី ផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ ដែលត្រូវបានទទួលស្គាល់ជាសាកល រួមទាំង អនុសញ្ញាអង្គការសហប្រជាជាតិស្តីពី ច្បាប់សមុទ្រ (UNCLos ) ឆ្នាំ ១៩៨២ ផងដែរ ។ ឯកឧត្តមក៏បានសង្កត់ធ្ងន់ផងដែរឱ្យ បន្តកិច្ចចរចាលើក្រមប្រតិបត្តិ (coc) តាមរយៈប្រព័ន្ធវីដេអូ ដើម្បីបញ្ចប់ coc ឱ្យបានឆាប់ ដែលមានប្រសិទ្ធិភាព ប្រកបដោយខ្លឹមសារ និងស្របតាមច្បាប់អន្តរជាតិ ។ ចំពោះបញ្ហារដ្ឋរ៉ាខាញ _ កម្ពុជាមានសេចក្តីរីករាយចំពោះវឌ្ឍនភាពដែលសម្រេចបាន កន្លងមក លើការអនុវត្តអនុសាសន៍ដែលត្រូវបានធ្វើឡើងតាមរយៈការវាយតម្លៃតម្រូវ ការបឋម និងគាំទ្រដល់ក្រុមការងារលេខាធិការដ្ឋានអាស៊ានឱ្យបន្តចាត់វិធានការ និង តាមដានយ៉ាងយកចិត្តទុកដាក់លើបញ្ហាមនុស្សធម៌ក្នុងតំបន់នេះ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ