ភ្នំពេញ ៖ ឯកឧត្តមរដ្ឋមន្ត្រីកសិកម្មបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន First Aquatic Indutrialដែលបានចុះទុនវិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមត្រីលម្អ សមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រ និងលើកទឹកចិត្តដល់វិនិយោគិនក្នុង និងក្រៅប្រទេសសំដៅលើកស្ទួយវិស័យវារីវប្បកម្ម និងការនាំចេញត្រីលម្អ ក្នុងការចូលរួមទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានអញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមត្រីលម្អ First Aquatic Indutrial Co., Ltd នៅភូមិកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាលនៅវេលា រសៀលថ្ងៃព្រហស្បត្តិ៍ ទី២១ ខែមករា ឆ្នាំ២០២១។
Mr. Li Xuequn អ្នកគ្រប់គ្រងទូទៅ បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីជ្រាបថា កសិដ្ឋានបានចាប់ផ្តើមដំណើរការនៅឆ្នាំ២០១៧ ដោយចំណាយទុនវិនិយោគចំនួន ៤លានដុល្លារ (មិនរួម បញ្ចូលការវិនិយោគលើការកសាងហេដ្ឋរចនាសម័ន្ធសំខាន់ៗ)។ បច្ចុប្បន្នមានចិញ្ចឹមត្រីលម្អ (ត្រីនាគ) នាំពូជចូលពីប្រទេសចិន ត្រីបបែលទឹកសាប និងត្រីទឹកសាបកម្ពុជាជាច្រើនប្រភេទទៀត ផងដែរ។ នៅឆ្នាំដំបូងនេះ កសិដ្ឋានគ្រោងនាំចេញត្រីនាគជាង ១០០០ក្បាល/ឆ្នាំ និងត្រីបបែលជាង ៥០០០ក្បាល/ឆ្នាំ ទៅកាន់ទីផ្សារប្រទេសចិន ដោយគិតក្នុងតម្លៃត្រីនាគពេញវ័យលក់បាន ១០០០ដុល្លារ/ក្បាល និងត្រីបបែល ២០០ដុល្លារ/ក្បាល (តម្លៃអាស្រ័យលើប្រភេទពូជ ពណ៌ ទំហំ និងអាយុ)។ កសិដ្ឋានប្រើកម្មករសរុប ៥០នាក់ ក្នុងនោះមានអ្នកជំនាញជលផលទាំងខ្មែរ និងចិនចំនួន ១០នាក់។
បន្ទាប់ពីបានអញ្ជើញពិនិត្យសកម្មភាពខ្សែសង្វាក់ផលិតកម្មក្នុងកសិដ្ឋាន និងបានជ្រាបអំពីដំណើរការនៃការវិនិយោគ និងកម្មវត្ថុនាំចេញរបស់ក្រុមហ៊ុនរួចមក ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនដែលបានចុះទុនវិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមត្រីលម្អ ដែលសកម្មភាពនេះសមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រ និងលើកទឹកចិត្តដល់វិនិយោគិនក្នុង និងក្រៅប្រទេសសំដៅលើកស្ទួយវិស័យវារីវប្បកម្ម និងការនាំចេញត្រីលម្អ ក្នុងការចូលរួមទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ។ ព្រមជាមួយសមិទ្ធផលដែលក្រុមហ៊ុនសម្រេចបាននាពេលបច្ចុប្បន្ន ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យក្រុមហ៊ុនត្រៀមរៀបចំឯកសារបច្ចេកទេសពាក់ព័ន្ធដល់ការចិញ្ចឹម សម្រាប់ឈានទៅដល់ការរៀបចំពិធីសារនាំចេញត្រីលម្អទៅកាន់ប្រទេសចិន ដោយត្រូវសហការជាមួយរដ្ឋបាលជលផលកម្ពុជា ធ្វើការទំនាក់ទំនងជាមួយអគ្គរដ្ឋបាលគយចិន ស្នើសុំបែបបទ ឬលក្ខខណ្ឌតម្រូវចាំបាច់នានាពីភាគីចិនជាជំហានបឋម ដើម្បីឲ្យដំណើរការនាំចេញនាពេលខាងមុខប្រព្រឹត្តទៅដោយរលូន ចៀសវាងការកកស្ទះផលិតផលដែលកសិដ្ឋានចិញ្ចឹមបាន។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តក្រុមហ៊ុន ដោយបញ្ជាក់ថាក្រសួង ក៏ដូចរដ្ឋបាលជលផលនឹងរង់ចាំសហការ សម្របសម្រួល ដើម្បីឲ្យដំណើរការវិនិយោគចិញ្ចឹមត្រីលម្អ និងដំណើរការនាំ ចេញត្រីលម្អនេះសម្រេចទទួលបានជោគជ័យ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ