Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកដ្ឋាន​កសិក​ម្ម​បានធ្វើ​ការសិក្សា និង​កំណត់​អត្តសញ្ញាណ​ដី​ដាំ​ដុះ​ដំណាំ​ស្រូវ​នៅ​ខេត្តព្រៃវែង​មាន​ដី​ចំនួន ៧​ក្រុម​

​ខេត្តព្រៃវែង​៖ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បាន​ឲ្យ​ដឹងថា កន្លងមក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានដាក់​ចេញ​នូវ​គោលនយោបាយ​ស្តីអំពី​ការរៀបចំ​ផែនទី​កំណត់​តំបន់​ដាំ​ដុះ​ដំណាំ​កសិកម្ម​ឲ្យ​បាន​សមស្រប​តាម​សណ្ឋាន​ដី ប្រភេទ​ដី គុណភាព​ដី និង​ក្សេត្រ​បរិស្ថាន​របស់​ប្រភេទ​ដំណាំ​នីមួយៗ​។ ធ្វើ​យ៉ាងនេះ ដើម្បី​ធ្វើការ​កំណត់​ឲ្យ​បាន​សុ​ក្រឹត្យ​អំពី​ផែនការអភិវឌ្ឍន៍​ដំណាំ​កសិកម្ម​គ្រប់​ប្រភេទ និង​ជាពិសេស​កាត់បន្ថយ​ហានិភ័យ​ដែល​អាច​កើតមាន​ជាយថាហេតុ​ទៅលើ​ដំណាំ ដោយសារ​ធនធាន​ដី​ដែល​គ្មាន​លក្ខខណ្ឌ សមស្រប​ឲ្យ​រុក្ខជាតិ​ដុះ​លូតលាស់​បានល្អ​។ ការយល់ដឹង​អំពី​ធនធាន​ដី​គឺជា​មូលដ្ឋានគ្រឹះ​ដ៏​សំខាន់​មួយ​សម្រាប់​ប្រជាកសិករ ដើម្បី​រួមចំណែក​ក្នុងការ​បង្កើន​ផលិតភាព ស្ថិរភាព​ផលិតកម្ម​ដំណាំ ការគ្រប់គ្រង​ដី​កសិកម្ម ការកែលម្អ​ដី​កសិកម្ម និង​ការប្រើប្រាស់​ដី​ប្រកបដោយ​និរន្តរភាព​។

​នៅ​ឆ្នាំ​១៩៩៧ អគ្គនាយកដ្ឋាន​កសិក​ម្ម​បានធ្វើ​ការសិក្សា និង​កំណត់​អត្តសញ្ញាណ​ដី​ដាំ​ដុះ​ដំណាំ ស្រូវ​ភាគច្រើន​នៅ​ទូទាំងប្រទេស ដោយសារ​តំបន់​ខ្លះ​មាន​បញ្ហា​អសន្តិសុខ និង​ផ្លូវ​គមនាគមន៍​។​ហេតុនេះ អគ្គនាយកដ្ឋាន​កសិក​ម្ម​ចាំបាច់​ត្រូវធ្វើ​ការសិក្សា ធ្វើ​ចំណាត់ថ្នាក់ និង​រៀបចំ​ផែនទីដី​នៅ​តំបន់​ដែលមាន​បញ្ហា និង​ធ្វើ​បច្ចុប្បន្នភាព​ឡើងវិញ​នៅតាម​តំបន់​មួយចំនួន​ដែលមាន​ប្រព័ន្ធ​ក្សេត្រ​បរិស្ថាន​ប្រែប្រួល នេះ​បើតាម​ការបញ្ជាក់​ពី​អគ្គនាយកដ្ឋាន​កសិកម្ម​កាលពី​ថ្ងៃទី​២១ ខែមករា​។ ខេត្ត​ដែល​ត្រូវបាន​នាយកដ្ឋាន​គ្រប់គ្រង​ធនធាន​ដី​កសិកម្ម​ចុះទៅ​ធ្វើ​បច្ចុប្បន្នភាព​ចំណាត់ថ្នាក់​ដី និង​ផែនទីដី​ដាំ​ដុះ​ដំណាំ​ស្រូវ​គឺ​ខេត្តព្រៃវែង​ក្នុង​ឆ្នាំ​២០២០ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ធ្វើ​ចំណាត់ថ្នាក់​ដី​តាមបែប​ក្សេត្រ​វិ​ទ្យ​របស់​កម្ពុជា​។

​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​លម្អិត​បានបង្ហាញ​ថា ខេត្ត​ព្រៃ វែង​មាន​ដី​ចំនួន ៧​ក្រុម ដែលមាន​លក្ខណៈសម្បត្តិ​ដូចខាងក្រោម​៖

១. ក្រុម​ដីព្រៃ​ខ្មែរ​៖ គឺជា​ដី​កកើតឡើង​នៅលើ​ល្បាប់​ចាស់ មាន​លក្ខណៈ​ជា​ប្រភេទ​ដីខ្សាច់​ដែលមាន​ជម្រៅ​ជ្រៅ​ជាង​៥០​ស​.​ម ពិបាក​គ្រប់គ្រង​ដោយសារ​មាន​សារធាតុសរីរាង្គ​ទាប និង​ខ្សាច់​ច្រើន​។ ក្រុម​ដី​ប្រភេទ​នេះ​មាន​កម្រិត​ជីជាតិ​ទាប និង​ជាទូទៅ ខ្វះ​សារធាតុ​អាសូត (N) ផូស្វ័រ (P) ប៉ូ​តា ស្យូ​ម (K) ស្ពាន់ធ័រ (S) និង​ម៉ាញ៉េ​ស្យូ​ម (Mg) ហើយ​មាន​ការពុល​ជាតិ​ដែក សមត្ថភាព​រក្សា​ទឹក​ទុក​ទាប និង​កម្រិត​ហូរ​ច្រោះ​ខ្ពស់​។ ក្រុម​នេះ​មាន​ផ្ទៃដី​ចំនួន ៧៩៦​ហ​.​ត តិចជាង​១% នៃ​ផ្ទៃដី​សរុប​ទូទាំង​ខេត្ត​។ ដី​ប្រភេទ​នេះ​មាន​លក្ខណៈ​សមស្រប​កម្រិត​ទាប​សម្រាប់​ដំណាំ​ស្រូវ និង​ស្វាយ ចន្ទី និង​អាច​ដាំ​ដុះ​ដំណាំ​ដូចជា​សណ្តែកបាយ ឆៃថាវ ឪឡឹក និង​អំពៅ​។ ដោយសារ​គុណវិបត្តិ​របស់​វា ចាំបាច់​ត្រូវ​ប្រើ​សារធាតុសរីរាង្គ​ឱ្យបាន​ញឹកញាប់​ដូចជា​ជី​ស្រស់ (​ស្នោរ​) ជី​កំ​ប៉ុស្តិ៍​លាមក​សត្វ ភ្ជួរ​លុប​ចំបើង ឬ​គល់​ជញ្ជ្រាំង​ទៅក្នុង​ដី ចំពោះ​ជី​អាសូត ត្រូវ​បាច​ដោយ​កប់​លុប​ទៅក្នុង​ដី​។

២. ក្រុម​ដី​ប្រទះ​ឡាង​៖ គឺជា​ដី​កកើតឡើង​នៅលើ​ល្បាប់​ចាស់​ដែលមាន​ដីខ្សាច់​នៅ​ស្រទាប់​លើ​មាន​កម្រាស់​តិចជាង ៤០​ស​.​ម ហើយ​ដី​ស្រទាប់​ក្រោម​មាន​លក្ខណៈ​ជា​ល្បាយ ឬ​ឥដ្ឋ​។ ប្រភេទ​ដី​នេះ​មាន​កម្រិត​ជីជាតិ​ទាប និង​ជាទូទៅ ខ្វះ​សារធាតុ​អាសូត (N) ផូ​ស្វ​រ័ (P) ប៉ូ​តា​ស្យូ​ម (K) ស្ពាន់ធ័រ (S) ម៉ាញ៉េ​ស្យូ​ម (Mg) និង​ប័​រ (B) ហើយ​ងាយ​ក្តាំង​ស្រទាប់​លើ ដី​រាក់​មាន​គ្រួស​រវៀន មានការ​ពុល​ជាតិ​ដែក សមត្ថភាព​រក្សា​ទឹក​ទុក​ទាប និង​កម្រិត​ហូរ​ច្រោះ​ខ្ពស់​។ ដី​ប្រភេទ​នេះ​មាន​ចំនួន ១៥៥ ៤៥៣ ហិកតា ស្មើនឹង ៣១% នៃ​ផ្ទៃដី​សរុប​ទូទាំង​ខេត្ត និង​មាន​លក្ខណៈ​សមស្រប​សម្រាប់​ដំណាំ​ស្រូវ​។ ដី​នេះ​ក៏​អាច​ដាំ​ដុះ​ដំណាំ​សណ្តែកបាយ ឆៃថាវ ឪឡឹក អំពៅ និង​ស្វាយចន្ទី​។ ដើម្បី​លើកកម្ពស់​គុណភាព​ដី ចាំបាច់​ត្រូវ​ប្រើ​សារធាតុសរីរាង្គ​ឱ្យបាន​ញឹកញាប់​ដូចជា ជី​ស្រស់ (​ស្នោរ​) ជី​កំ​ប៉ុស្តិ៍​លាមក​សត្វ ភ្ជួរ​លុប​ចំបើង ឬ​គល់​ជញ្ជ្រាំង​ទៅក្នុង​ដី ចំពោះ​ជី​អាសូត ត្រូវ​បាច​ដោយ​កប់​លុប​ទៅក្នុង​ដី​។

៣. ក្រុម​ដី​ក្រគរ​៖ គឺជា​ដី​កកើត​ឡើងលើ​វាលទំនាប​ល្បាប់​ថ្មី​លិច​ទឹកស​កម្ម​ដែលមាន​លក្ខណៈ​ជា​ដី​ល្បាយ​ឥដ្ឋ ឬ​ឥដ្ឋ មាន​ពណ៌​ប្រផេះ​ទៅ​ត្នោត និង​បែក​ក្រហែង​ពី​តូច​ទៅ​មធ្យម តែ​មិន​ជ្រៅ​ជាង ៥ សង់ទីម៉ែត្រ នៅពេល​ដី​ស្ងួត​។ ដីស្រទាប់លើ​ជា​ប្រភេទ​ដី​ល្បាយ ឬ​ដីឥដ្ឋ ហើយ​កន្លែង​ខ្លះ​ឆ្លើយតប​តែ​នឹង​ការដាក់​ជី​អាសូត (N) និង​ផូ​ស្វ​រ័ (P)​។ នៅ​កន្លែង​ខ្លះ ដី​នេះ​អាចមាន​បញ្ហា​អាស៊ីត​ស៊ុ​ល​ផាត និង​មាន​ភាព​ហើម​នៅពេល​សើម​។ ដី​ប្រភេទ​នេះ​មាន​ចំនួន ៦៣ ១៦៦ ហិកតា ស្មើនឹង ១៣% នៃ​ផ្ទៃដី​សរុប និង​មាន​ភាពសមស្រប​សម្រាប់​ដំណាំ​ស្រូវ ហើយ​បើ​មាន​ប្រភពទឹក​អាច​ដាំ​ដុះ​ដំណាំ​រួមផ្សំ​ក្នុង​រដូវប្រាំង​បាន​។​

៤. ក្រុម​ដី​បាកាន​៖ ដី​នេះ​កកើតឡើង​នៅលើ​វាលទំនាប​ល្បាប់​ចាស់​ដែលមាន​ដីស្រទាប់លើ​ជា​ល្បាយ ឬ​ជា​ដីឥដ្ឋ ហើយ​មិន​បែក​ក្រហែង​ទេ​។ វា​មាន​ពណ៌​ប្រផេះ ឬ​ត្នោត​។ ដី​នេះ​មាន​កម្រិត​ជីជាតិ​ពី​ទាប​ទៅ​មធ្យម ហើយ​ជាទូទៅ​វា​ខ្វះ​សារធាតុ​អាសូត (N) ផូ​ស្វ​រ័ (P) និង​ប៉ូ​តា​ស្យូ​ម (K) ហើយ​មាន​ការពុល​ជាតិ​ដែក និង​ស្ពាន់ធ័រ (S)​។ ក្រុម​ដី​បាកាន​មាន​រចនាសម្ព័ន្ធ​ខ្សោយ មាន​លក្ខណៈ​ស​សុះ និង​ផ្ទៃ​ខាងលើ​ងាយ​ហាប់​ណែន​។ ក្រុម​នេះ​មាន​ចំនួន​ប្រមាណ ២៣០ ១៩១​ហិកតា ស្មើនឹង ៤៧% នៃ​ផ្ទៃដី​សរុប វា​អំណោយផល​សម្រាប់​ដំណាំ​ស្រូវ បន្លែ និង​ដំណាំ​ឈើ​ហូប​ផ្លែ​។​

៥. ក្រុម​ដីគោក​ត្រប់​៖ គឺជា​ដី​ដែលមាន​វាយនភាព​ដី​ល្បាយ ឬ​ឥដ្ឋ មាន​ពណ៌​ប្រផេះ​ក្រ​ម៉ៅ ឬ​ត្នោត​ក្រ​ម៉ៅ​ទៅ​ខ្មៅ និង​បែក​ក្រហែង​ពី​តូច​ទៅ​មធ្យម រាក់​ឬ​ជ្រៅ​ជាង ៤ សង់ទីម៉ែត្រ នៅពេល​ដី​ស្ងួត​។ ក្រុម​នេះ​បានកកើតឡើង​នៅលើ​វាល​ល្បាប់​ជំនន់​ចាស់​ដែលមាន​ទំនាក់​ទ​នង​នឹង​ជំនោរ​ទឹកសមុទ្រ មាន​សក្តានុពល​ពី​មធ្យម​ទៅ​ខ្ពស់ និង​ងាយស្រួល​ក្នុងការ​គ្រប់គ្រង​។ ជាទូទៅ ក្រុម​នេ មាន​កម្រិត​ផូស្វ័រ (P) ទាប​ខ្លាំង ខ្វះ​សារធាតុ​អាសូត (N) និង​ប៉ូ​តា​ស្យូ​ម (K) មាន​ភាពអាស៊ីត​ខ្លាំង ព្រមទាំង​មានការ​ពុល​ជាតិ​ដែក​។ ដី​ប្រភេទ​នេះ​មាន​ចំនួន ៤០៥ ហិកតា គឺ​តិចជាង ១% នៃ​ផ្ទៃដី​សរុប និង​មាន​ភាពសមស្រប​សម្រាប់​ដំណាំ​ស្រូវ និង​អំពៅ​។

៦. ក្រុម​ដី​កៀនស្វាយ​៖ គឺជា​ដី​មាន​ជម្រៅ​ជ្រៅ​ក្នុង​តំបន់​លិច​ទឹក​ក្បែរ​ទន្លេ មាន​លក្ខណៈ​ជា​ដី​ល្បាយ ឬ​ជា​ដីឥដ្ឋ មាន​ពណ៌​ត្នោត​ភ្លឺ​ទៅ​ត្នោត​ដិត ហើយ​ប្រេះ​ក្រហែង​ធំៗ​នៅពេល​ស្ងួត​។ ដី​ប្រភេទ​នេះ​កកើត​នៅលើ​ច្រាំងទន្លេ និង​លើ​ទំនាប​ជម្រាល​ពី​ច្រាំងទន្លេ​។ ជាទូទៅ វា​ខ្វះ​សារធាតុ​អាសូត (N) និង​ផូ​ស្វ​រ័ (P)​។ ដី​ប្រភេទ​នេះ​មាន​ចំនួន​ប្រមាណ​ជា ៣៧ ៥១០​ហិកតា ស្មើនឹង ៨% នៃ​ផ្ទៃដី​សរុប និង​មាន​ភាពសមស្រប​សម្រាប់​ដំណាំ​ស្រូវ និង​សាកវប្បកម្ម និង​មាន​សក្តានុពល​ខ្ពស់​សម្រាប់​ដំណាំ​រួមផ្សំ​ក្នុង​រដូវប្រាំង​។

៧. ក្រុម​ដី​កំពង់សៀម​៖ ដី​មានកំណើត​ពី​កំណក​នៃ​ការ​ពុកផុយ​របស់​ថ្ម​បា​សាល់ ឬ​ថ្មកំបោរ ហើយ​គេ​តែងតែ​សង្កេតឃើញ​មាន​វត្តមាន​ដុំ​គ្រួស ថ្ម​បា​សាល់ ឬ​ថ្មកំបោរ​នៅ​ទាំង​ក្នុង​ស្រទាប់​លើ និង​ស្រទាប់​ក្រោម​នៃ​ដី​ប្រភេទ​នេះ​។ ដី​នេះ​មាន​វាយនភាព​ជា​ដីឥដ្ឋ​ដែលមាន​ពណ៌​ខ្មៅ ឬ​ប្រផេះ​ក្រ​ម៉ៅ ហើយ​នៅពេល​ស្ងួត​វា​មាន​សភា​ពរឹង​ខ្លាំង និង​បង្កើតបានជា​ក្រហែង​ធំៗ ជ្រៅៗ​នៅ​ពីលើ​ដីឥដ្ឋ​ស្រទាប់​ក្រោម​។ ដី​ប្រភេទ​នេះ​មាន​ជីជាតិ​ល្អ ក៏ប៉ុន្តែ​ជាទូទៅ វា​ខ្វះ​សារធាតុ​អាសូត (N) ផូស្វ័រ (P) និង​ស័​ង្គ​សី (Zn) មានការ​ពុល​ជាតិ​ដែក និង​ភាព​ស្អិត​ខ្លាំង​នៅពេល​សើម​។ ដី​ប្រភេទ​នេះ​មាន​ចំនួន​ប្រមាណ​ជា ១ ១០៤ ហិកតា គឺ​តិចជាង ១% នៃ​ផ្ទៃដី​សរុប និង​មាន​ភាពសមស្រប​សម្រាប់​ដំណាំ ស្រូវ ហើយ​ប្រសិនបើ​មាន​ប្រភពទឹក​អាច​ដាំ​ដំណាំ​រួមផ្សំ​ក្នុង​រដូវប្រាំង​បាន​។​

​សូម​ជម្រាបជូន​ថា ខេត្តព្រៃវែង​គ្របដណ្តប់​ដោយ​វាលស្រែ​ដ៏​ធំ​ល្វឹងល្វើយ​ដែលជា​តំបន់​ទំនាប​ដំណាំ​ស្រូវ​រដូវវស្សា និង​ស្រូវ​រដូវប្រាំង ព្រមទាំង​មាន​ដី​ដាំ​ដំណាំ​រួមផ្សំ សាកវប្បកម្ម និង​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​ផងដែរ​។ ក្នុង​ឆ្នាំ​២០២០ តាមរយៈ​របាយការណ៍​របស់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត បានឱ្យដឹងថា​ខេត្តព្រៃវែង​មាន​ផ្ទៃដី​ដាំ​ដុះ​ស្រូវ​សរុប​ចំនួន ៣៣៧ ០០០​ហិកតា​ព្រមទាំង​មាន​ផ្ទៃដី​ដាំ​ដំណាំ​រួមផ្សំ​សរុប​ចំនួន ១២ ០០០​ហិកតា​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×