Monday, November 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារជាតិ​នៃ​កម្ពុជា ប្រកាស​ពី​លទ្ធផល នៃ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ប្រចាំឆ្នាំ​២០២០ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២១

​ភ្នំពេញ ៖ នៅ​ថ្ងៃទី​២០-២១ ខែមករា ឆ្នាំ​២០២១ ធនាគារជាតិ​នៃ​កម្ពុជា​បានរៀបចំ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២០ ក្រោម​អធិបតីភាព​របស់ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា​។

​សន្និបាត​ប្រចាំ​ឆ្នាំនេះ​ត្រូវបាន​រៀបចំឡើង ក្នុង​គោលបំណង​អបអរសាទរ និង​ផ្សព្វផ្សាយ​អំពី​លទ្ធផល​ដែល​ធនាគារជាតិ​នៃ​កម្ពុជា​ទទួលបាន​នៅ​ឆ្នាំ​កន្លងទៅ ព្រមទាំង​ទស្សនវិស័យ​និង​ទិសដៅ​ការងារ​ឆ្នាំ​២០២១​នេះ សំដៅ​ឈានទៅ​សម្រេច​ឱ្យបាន​នូវ​ជោគជ័យ​ថ្មីៗ​បន្ថែមទៀត សម្រាប់​ប្រព័ន្ធ​ធនាគារ​និង​សេដ្ឋកិច្ចកម្ពុជា​។

​នៅ​ឆ្នាំ​២០២០ កន្លងទៅនេះ រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ​ទស្សនវិស័យ​វែងឆ្ងាយ​និង​ម៉ឺងម៉ាត់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទប់ស្កាត់​ការឆ្លង​និង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ បាន​ទាន់ពេលវេលា​និង​មាន​ប្រសិទ្ធភាព ដែល​រក្សាបាន​ជំនឿ​ទុកចិត្ត​យ៉ាងរឹងមាំ​ចំពោះ​សេដ្ឋកិច្ច​និង​វិស័យ​ធនាគារ​កម្ពុជា​។
​ធនាគារជាតិ​នៃ​កម្ពុជា​បានរួម​ចំណែក​យ៉ាងសកម្ម​ក្នុងការ​រក្សា​លំនឹង​ម៉ាក្រូសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ តាមរយៈ​ការរក្សាបាន​ស្ថិរភាព​ថ្លៃ​និង​អត្រា​ប្តូរប្រាក់ ព្រមទាំង​គរ​ពូន​ទុនបម្រុង​អន្តរជាតិ ក្នុង​កម្រិត​គ្រប់គ្រាន់​សម្រាប់​បម្រើ​ដល់​គោលនយោបាយ​រូបិយវត្ថុ​។​

ជាមួយគ្នានេះ វិស័យ​ធនាគារ​ក៏បាន​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច និង​កាត់បន្ថយ​ផលប៉ះពាល់​មកលើ​អាជីវកម្ម​និង​ប្រជាជន​ក្រីក្រ ដោយបាន​ដាក់ចេញ​នូវ​វិធានការ​មួយចំនួន រួមមាន ការបង្កើន​សាច់ប្រាក់​ក្នុង​ដៃ​របស់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ សម្រាប់​ការពារ​ហានិភ័យ​ដែល​អាច​កើតឡើង​ជាយថាហេតុ និង​គាំទ្រ​ការផ្តល់​ឥណទាន​ទៅកាន់​វិស័យ​ចម្បងៗ​នៃ​សេដ្ឋកិច្ច និង​ការរៀបចំ​ឥណទាន​ឡើងវិញ ជាមួយនឹង​ការលើកលែង​កម្រៃ​ពាក់ព័ន្ធ ចំពោះ​អាជីវកម្ម​និង​ប្រជាជន​ក្រីក្រ​ដែល​ទទួលរង​ផលប៉ះពាល់​ពី​វិបត្តិ​។

​ធនាគារជាតិ​នៃ​កម្ពុជា​បាន​យកចិត្តទុកដាក់​ក្នុងការ​ពង្រឹង​កិច្ចការពារ​អតិថិជន និង​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ស្របពេល​ដែល​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​បាន​កើនឡើង​និង​ស្ថិតក្នុង​បរិការណ៍​ប្រឈម​នឹង​វិបត្តិ តាមរយៈ​ការផ្សព្វផ្សាយ​ចំណេះដឹង​ហិរញ្ញវត្ថុ​នៅតាម​មូលដ្ឋាន​, ការទទួល​សំណួរ​និង​សំណើ​របស់​សាធារណជន​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ និង​យុទ្ធនាការ​នានា ដែល​បា​នប​ញ្ជ្រ​ប​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ទៅដល់​សាធារណជន​។
​ម្យ៉ាងទៀត ធនាគារជាតិ​នៃ​កម្ពុជា​ក៏បាន​គាំទ្រ​ដល់​ន​វា​នុ​វត្ត​បច្ចេកវិទ្យា ដោយបាន​អនុញ្ញាត​ឱ្យមាន​ការប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ដែល​គាំទ្រ​ដល់​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ ព្រមទាំង​បានដាក់​ឱ្យប្រើ​ប្រាស់​និង​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់ ផ្អែកលើ​បច្ចេកវិទ្យា​ទំនើប​។
​ក្នុងចំណោម​នោះ ប្រព័ន្ធ​បាគង ដែលជា​ប្រព័ន្ធ​ទូទាត់​កន្លោង ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់ និង​កំពុង​សម្រួល​ដល់​ការទូទាត់​ទូទៅ​តាមរយៈ​ទូរស័ព្ទដៃ ដោយ​អាច​ទូទាត់​ឆ្លង​គ្រឹះស្ថាន និង​អាច​ទទួលបាន​ទឹកប្រាក់​ទូទាត់​ភ្លាមៗ​។ ម្យ៉ាងទៀត ការដាក់ចេញ​នូវ​វិធានការ​លើកកម្ពស់​ការ​ប្រើប្រាស់​រូបិយវត្ថុ​ជាតិ​បានទទួល​ជោគជ័យ ជាពិសេស​ក្នុងការ​ជំរុញ​ការទូទាត់​ប្រាក់រៀល​ចំពោះ​ប្រតិបត្តិការ​តូចៗ​កាន់តែ​ទូលំទូលាយ ជាមួយនឹង​ការកើនឡើង​គួរឱ្យកត់សម្គាល់​នៃ​ការ​សន្សំ​និង​ការផ្តល់​ឥណទាន​ជា​ប្រាក់រៀល ដែល​បានរួម​ចំណែក​ពង្រឹង​អត្តសញ្ញាណ​ជាតិ អធិបតេយ្យ​រូបិយវត្ថុ​ជាតិ និង​ប្រសិទ្ធភាព​នៃ​គោលនយោបាយ​រូបិយវត្ថុ​។​
​ជា​ទិសដៅ ធនាគារជាតិ​នៃ​កម្ពុជា​នឹង​បន្ត​រួមចំណែក​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ជំរុញ​ការអភិវឌ្ឍ​ប្រព័ន្ធ​ធនាគារ​ឱ្យ​កាន់តែ​ទំនើប ប្រកបដោយ​បរិ​យាប​ន្ន​និង​ភាព​ទុកចិត្ត​ខ្ពស់ ស្របតាម​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៦-២០២៥ និង​ស្របតាម​ការវិវត្ត​នៃ​ទំនាក់ទំនង​និង​ដំណើរការ​សេដ្ឋកិច្ច​ក្នុង​បរិការណ៍​នៃ “​ប្រក្រតី​ថ្មី (the new normal)” សំដៅ​គាំទ្រ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុងដំណាក់កាល​ស្តារ​កំណើនសេដ្ឋកិច្ច​ឡើង​វិញ​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN


×