Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគារ​ទីស្តីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចំណាយ​ថវិកា​សាងសង់ ជាង​២៦​លាន​ដុល្លារ

spot_img

​ភ្នំពេញ : អគារ​ទីស្តីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១​នេះ ក្រោម​អធិបតីភាព​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ចំណាយ​ថវិកា​សាងសង់ ជាង​២៦​លាន​ដុល្លារ​អាមេរិក ដែលមាន​ទីតាំង នៅ​សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។

​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ឲ្យ​ដឹងថា ក្រោយពី​ទទួលបាន​ការឯកភាព ពី​ប្រមុខ​រាជរដ្ឋាភិបាល​ក្រសួង​បាន​សាងសង់​ទីស្ដីការក្រសួង​ថ្មី ដែល​រួមមាន​អគារ​រដ្ឋបាល​កម្ពស់​៩​ជាន់ ទំហំ​៥៩,៥០​ម៉ែត្រ គុណ​២៣,២០​ម៉ែត្រ​, អគារ​រដ្ឋបាល​២​ខ្នង កម្ពស់​៨​ជាន់ ទំហំ​៤០​ម៉ែត្រ គុណ​នឹង​២០​ម៉ែត្រ​, អគារ​សាលប្រជុំ និង​បណ្ណាល័យ​១​ខ្នង កម្ពស់​៣​ជាន់ ទំហំ​៥០​ម៉ែត្រ គុណ​២០​ម៉ែត្រ ព្រមទាំង​បំពាក់​សម្ភារៈ​ការិយាល័យ សម្ភារៈ​សង្ហា​រឹម​និង​ជណ្ដើរយន្ដ​, សាងសង់​អាគារ​ដាក់​គ្រឿងចក្រ​៥​ខ្នង​ទំហំ​៤០​ម៉ែត្រ គុណ​២០​ម៉ែត្រ​, ជួសជុល​អគារ​ចាស់ៗ ដែលមាន​ស្រាប់​ចំនួន​៦​ខ្នង​, សាងសង់​របង​ព័ទ្ធជុំវិញ និង​រៀបចំ​បណ្ដាញ​ផ្លូវ​បណ្ដាញ​អគ្គិសនី​បណ្ដាញ​ទឹកស្អាត ប្រព័ន្ធ​លូបង្ហូរទឹក​កខ្វក់ និង​សួនច្បារ​ក្នុង​បរិវេណ​ក្រសួង ព្រមទាំង​បាន​ទិញ​គ្រឿងចក្រ​២២២​គ្រឿង សម្រាប់​ផ្ដល់ជូន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​-​ខេត្ត និង​អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ដែល​ចំណាយ​ថវិកា​សរុប​ជាង​២៦​លាន​ដុល្លារ​អាមេរិក​។
​ជាមួយគ្នានេះ ក្រសួង​ក៏បាន​រៀបចំ​បំពាក់​ប្រព័ន្ធ ស្រឡាង​ទាញយក​ថាមពល​ប្រើប្រាស់​ពី​ពន្លឺព្រះអាទិត្យ ដើម្បី​ចូលរួម​ក្នុងការ​កាត់បន្ថយ​ការចំណាយ លើ​ការប្រើ​ថាមពល​អគ្គិសនី​ប្រចាំថ្ងៃ និង​រួមចំណែក​សន្សំសំចៃ​ថវិកាជាតិ រួមជាមួយ​នឹង​ការគិតគូរ​ដល់​ការចូលរួម​កាត់បន្ថយ ផលប៉ះពាល់​បរិស្ថាន តាមរយៈ​ការប្រើប្រាស់​ថាមពលបៃតង​។

​យោងតាម​កម្មវិធី​នយោបាយ របស់​រាជរដ្ឋាភិបាល និង​ចក្ខុវិស័យ​សម្រាប់​អភិវឌ្ឍន៍​ជាតិ របស់​សម្ដេច​តេ​ជោ ដែល​បានចាត់ទុក​ការអភិវឌ្ឍន៍​ធនធានមនុស្ស ដែល​ផ្ដោតលើ​ការពង្រឹង​គុណភាព​វិស័យ​អប់រំ វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​ការបណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស ជា​វិស័យ​អតិ​ភាព​នោះ​, ឯកឧត្តម ស៊ុន ចាន់ថុល បានស្នើ​ឲ្យ​ក្រុមហ៊ុន​គមនាគមន៍​និង​សំណង់​ចិន តាមរយៈ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន ជួយ​សាងសង់​អគារ​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​បច្ចេកទេស​សាធារណការ និង​ដឹកជញ្ជូន ហើយ​ក្រុមហ៊ុន​បាន​ឯកភាព ជួយ​សាងសង់​អគារ​វិទ្យាស្ថាន​នេះ ចំនួន​១​ខ្នង កម្ពស់​៤​ជាន់ មាន​បណ្ដោយ​៧៤,៥​ម៉ែត្រ ទទឹង​១៧​ម៉ែត្រ ដែល​ក្នុងនោះ​រួមមាន : បន្ទប់​សិក្សា​ចំនួន​២៤​បន្ទប់​ការិយាល័យ​រដ្ឋបាល ចំនួន​៣​បន្ទប់​, មន្ទីរពិសោធន៍​ចំនួន​១​បន្ទប់​, បណ្ណាល័យ​ចំនួន​១​បន្ទប់​និង​បាន​បំពាក់​ដោយ​សម្ភារៈ​សិក្សា និង​ឧបករណ៍​បច្ចេកទេស​ពិសោធន៍​ទំនើបៗ ដោយបាន​ចំណាយ​ថវិកា​ប្រមាណ​២​លាន​៥​សែន​ដុល្លារ​។

​សូម​ជម្រាបជូន​ថា ដោយ​ពិនិត្យ​មើលឃើញ​ពី​សារៈប្រយោជន៍ របស់​វិទ្យាស្ថាន​នេះ ក្នុងទិសដៅ​អភិវឌ្ឍន៍​ធនធានមនុស្ស​សម្រាប់​អនាគត សម្ដេច​តេ​ជោ បានផ្ដល់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់ ប្រសិទ្ធ​នាម​វិទ្យាស្ថាន​នេះ ជា​វិទ្យាស្ថាន​តេ​ជោ​សែន​សាធារណការ និង​ដឹកជញ្ជូន សម្រាប់​បណ្ដុះបណ្ដាល​មន្ត្រី បុគ្គលិក សិក្ខាកាម និង​សិស្ស​និស្សិត ក្នុង​គោលបំណង​លើកកម្ពស់​សមត្ថភាព កូន​ខ្មែរលើ​ជំនាញ​បច្ចេកទេស​សាងសង់ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​-​ស្ពាន ដែល​នឹង​ធានាថា កូន​ខ្មែរ​អាចមាន​សមត្ថភាព​កសាង​ផ្លូវ​-​ស្ពាន​របស់ខ្លួន ប្រកបដោយ​គុណភាព​នាពេល​អនាគត​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN


spot_img
×