បន្ទាប់ពីការធ្វើតេស្តិ៍វិជ្ជមានសម្រាប់ Covid-19 កាលពីថ្ងៃអង្គារ (១៩ មករា) ភរិយាសមាជិកសភាលោក Nazri Aziz គឺអ្នកស្រី Haflin Saiful បានបង្កឲ្យមហាជនមានការភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំង ក្រោយពីបានឃើញនាងបង្ហោះវីដេអូនៅលើគណនី Instagram របស់ខ្លួន កំពុងនៅលើឆ្នេរខ្សាច់លេងទឹកសមុទ្រយ៉ាងរំភើយ និងព្រមទាំងដាក់ចំណងជើងឡើងឡូយថា “ធ្វើចត្តាឡីស័កនៅផ្ទះល្អបំផុតដែលមិនធ្លាប់មាន”។
នៅក្នុងវីដេអូ នាង Haflin អាចត្រូវបានគេមើលឃើញ កំពុងរត់ឆ្ពោះទៅកាន់ទឹកសមុទ្រ ខណៈពេលដែលជំនួយការ និងកូនរបស់នាង ហាក់ដូចជាកំពុងមើលនាង។
ចាប់តាំងពីវីដេអូនេះបានរីករាលដាល វាត្រូវបានចាប់អារម្មណ៍ពីសំណាក់អ្នកនិយមលេងអ៊ីនធឺណិត ក្រោយគេបានប្រទះឃើញខ្សែដៃពណ៌ផ្កាឈូកនៅលើដៃរបស់នាង ហើយបានសាកសួរពីមូលហេតុដែលនាងចេញទៅក្រៅបែបនេះ ខណៈកំពុងត្រូវបានដាក់ឲ្យស្នាក់នៅផ្ទះ។
ជាការតបទៅនឹងសំណួរនេះ នាង Haflin បានឆ្លើយឡើងម៉ាបេនថា ឆ្នេរសមុទ្រនេះត្រូវបានបិទសម្រាប់ការប្រើប្រាស់ឯកជនរបស់នាង។ ក្នុងនោះ នាងប្រាប់ទៅកាន់ MalaysiaNow យ៉ាងដូច្នេះថា៖ «នេះជាឆ្នេរឯកជនរបស់ខ្ញុំ វាជាទឹកដីរបស់ខ្ញុំ ហើយស្ថិតនៅក្នុងបរិវេណរបស់ខ្ញុំ»។
Haflin ក៏បានពន្យល់ផងដែរថា តំបន់នេះត្រូវបានបិទជាសាធារណៈ ចាប់តាំងពី MCO ត្រូវបានអនុវត្ត ហើយបុគ្គលិកដែលបានធ្វើតេស្តិ៍អវិជ្ជមាន បច្ចុប្បន្នត្រូវបានគេដាក់ឲ្យដាច់ពីគ្នានៅក្នុងបន្ទប់រៀងៗខ្លួន។ នាងថែមទាំងបានពន្យល់នៅក្នុង screenshot នៃការសន្ទនាមួយចែករំលែកនៅលើ Istagram ថា រមណីយដ្ឋាននេះដែលគេស្គាល់មានឈ្មោះថា Villa Daniella Resort ត្រូវបានគ្រប់គ្រងដោយម្តាយចុងរបស់នាង។
នាង Haflin ក៏បានបញ្ជាក់ថា៖ «ខ្ញុំក្អក ប៉ុន្តែខ្ញុំមិនអីទេ! ហើយខ្ញុំក៏បានសង្កេតកូនប្រុសរបស់ខ្ញុំគ្មានគ្រុនក្តៅ ឬក្អកទេ។ ខ្ញុំធានាថា គាត់នៅតែសកម្ម, លេបថ្នាំវីតាមីន, ផឹកទឹក និងញ៉ាំផ្លែឈើ»។
គួរបញ្ជាក់ថា លោក Nazri ត្រូវបានគេនិយាយថា ត្រូវបានធ្វើតេស្តវិជ្ជមានកូវីដ១៩ កាលពីថ្ងៃអង្គារ បន្ទាប់ពីបានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺ អំឡុងពេលធ្វើសន្និសីទសារព័ត៌មានផ្សាយផ្ទាល់របស់ UMNO កាលពីថ្ងៃទី១២ ខែមករា។ ហើយចាប់តាំងពីពេលនោះ មកភរិយារបស់លោក អ្នកស្រី Haflin, ជំនួយការ និងកូនប្រុសអាយុ ៤ ឆ្នាំរបស់ពួកគេ បានធ្វើតេស្តិ៍វិជ្ជមានវីរុសនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
View this post on Instagram