ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញលទ្ធផល នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការអាស៊ីលើកទី១៧ នៅថ្ងៃទី២១ ខែមករា ឆ្នាំ ២០២១ តាមរយៈប្រព័ន្ធវីដេអូ។
នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសនៃកិច្ចសន្ទនាកិច្ចសហប្រតិបត្តិការអាស៊ី លើកទី១៧ (17″ Ministerial Meeting of the Asia Cooperation Dialogue – ACD) ដែលមានឯកឧត្តម ម៉េវលុត ឆាវូស៊ូលុ រដ្ឋមន្ត្រីការបរទេសនៃ សាធារណរដ្ឋតួកគី ជាប្រធាននៃកិច្ចប្រជុំ។
កិច្ចប្រជុំនេះ សម្រេចបាននូវលទ្ធផលសំខាន់ៗ ដូចខាងក្រោម៖
ក្រោមមូលបទ “ទេសចរណ៍តាមគន្លងថ្មី មានសុវត្ថិភាព និងសុខភាពល្អ” (The New Normal and Safe and Healthy Tourism) ប្រទេសជាសមាជិក ACD បានទទួលស្គាល់នូវភាពចាំបាច់បន្ទាន់ ក្នុងការដោះស្រាយបញ្ហាប្រឈមនានាបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ និងបានឯកភាពរួមគ្នា ដោះស្រាយផលប៉ះពាល់លើបញ្ហាសង្គម-សេដ្ឋកិច្ច រួមទាំងវិស័យទេសចរណ៍ តាមរយៈអភិក្រមពហុវិស័យ។ កិច្ចសហការរួមគ្នានេះ រួមបញ្ចូលទាំងវិធានការចាំបាច់ទាំងអស់ក្នុងការការពារសុខភាព និង សុវត្ថិភាព ការពង្រឹងកិច្ចសហប្រតិបត្តិការនិងការគាំទ្រគ្នាទៅវិញទៅមក ការរួមកម្លាំងក្នុងកិច្ចខិតខំ ប្រឹងប្រែងស្តារនិងអភិវឌ្ឍទេសចរណ៍ជាតិឡើងវិញ ការចែករំលែកចំណេះដឹងនិងឧត្តមានុវត្តន៍ ក៏ដូចជា ការជំរុញលំហូរវិនិយោគ និងពាណិជ្ជកម្មក្នុងតំបន់ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យប្រសើរឡើងនូវសន្តិសុខ ផ្នែកសុខាភិបាល និងការស្តារឡើងវិញប្រកបដោយចីរភាព ។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានចែករំលែកអង្គប្រជុំនូវ ការប្តេជ្ញាចិត្តដ៏រឹងមាំរបស់កម្ពុជា ក្នុងការដាក់ចេញនូវផែនការចាក់វ៉ាក់សាំងថ្នាក់ជាតិជូនប្រជាជន ប្រកបដោយប្រសិទ្ធភាព និងផែនការស្តារឡើងវិញវិស័យទេសចរណ៍គ្រប់ជ្រុងជ្រោយ ដែលមិនត្រឹមតែ ធានានូវការស្តារប្រកបដោយសុវត្ថិភាព និងឆាប់រហ័ស នៃក្បាលម៉ាស៊ីនជំរុញកំណើនដ៏សំខាន់សម្រាប់ ជាតិនោះទេ ថែមទាំងរួមចំណែកយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវដល់ការស្តារវិស័យទេសចរណ៍ និងវិស័យផ្សេងទៀត ក្នុងតំបន់ទាំងមូល។
ជាងនេះទៅទៀត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់ ប្រទេសសមាជិកទាំងអស់ ដើម្បីបន្តឱ្យ ACD ឈានទៅជាវេទិកាពហុភាគី ដ៏សំខាន់ក្នុងការលើកកម្ពស់ កិច្ចសន្ទនា និងការពឹងផ្អែកគ្នាទៅវិញទៅមក នៅគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការ។ រដ្ឋមន្ត្រីការបរទេស និងតំណាងជាន់ខ្ពស់របស់ ACD ក៏បានសម្តែងនូវការកោតសរសើរដល់ ប្រទេសតួកគី ក្នុងតួនាទីជាប្រធានប្រកបដោយជោគជ័យសម្រាប់អាណត្តិ ២០១៩-២០២០ និងការបន្តធ្វើជាប្រធានរហូតដល់ខែកញ្ញា ឆ្នាំ ២០២១។
អង្គប្រជុំបានបិទបញ្ចប់ដោយការអនុម័តសេចក្តីថ្លែងការណ៍ទីក្រុងអង់ការ៉ានៃរដ្ឋមន្ត្រីការបរទេសACD ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ