Monday, March 9, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បិទចរាចរណ៍យានយន្តធុនធំគ្រប់ប្រភេទចាប់ពីទម្ងន់ ១៥ តោន ធ្វើចរាចរណ៍លើកំណាត់ផ្លូវខេត្តលេខ ៣៧១ (ឆ្លូង-កាខ្នុរ) ចាប់ពីថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៦ តទៅ ដើម្បីស្ថាបនាស្ពានព្រែកសំរោង ដោយរុះរើស្ពានដែកបេឡេត៍ រួចសាងសង់ឡើងវិញ អំពីបេតុងសរសៃដែក

ខេត្តក្រចេះ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ បានចេញសេចក្តីជូនដំណឹង
ស្តីពីការបិទចរាចរណ៍យានយន្តធុនធំគ្រប់ប្រភេទចាប់ពីទម្ងន់ ១៥ តោន ធ្វើចរាចរណ៍លើកំណាត់ផ្លូវខេត្តលេខ ៣៧១ (ឆ្លូង-រកាខ្នុរ) ចាប់ពីថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៦ តទៅ ដើម្បីស្ថាបនាស្ពានព្រែកសំរោង ដោយរុះរើស្ពានដែកបេឡេត៍ រួចសាងសង់ឡើងវិញ អំពីបេតុងសរសៃដែក ស្ថិតក្នុងឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋ ឱ្យបានជ្រាបថា៖ គម្រោងការងារស្ថាបនាស្ពានព្រែកសំរោង អំពីបេតុងសរសៃដែក ប្រវែង ១៨ម៉ែត្រ ទទឹង ១០,៩ម៉ែត្រ នៅលើកំណាត់ផ្លូវខេត្តលេខ៣៧១ ស្ថិតក្នុងឃុំខ្សាច់អណ្តែត ស្រុកឆ្លូង នឹងចាប់ផ្តើម អនុវត្តការងាររុះរើស្ពានដែកបេឡេត៍ចាស់ ដើម្បីបើកដំណើរការអនុវត្តការដ្ឋានស្ពានថ្មីនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះហើយ។

ដោយស្ថានភាពផ្លូវវាងការដ្ឋានខាងលើ ត្រូវធ្វើដំណើរតាមផ្លូវលំក្រាលដីល្បាយថ្ម ប្រវែង ៤គីឡូម៉ែត្រ មាន ទទឹងតូច និងគ្រឹះមិនរឹងមាំ សម្រាប់ទ្រទម្ងន់រថយន្តប្រភេទដឹកទំនិញធុនធំ ដែលអាចបណ្តាលឱ្យកកស្ទះចរាចរ និង ធ្វើឱ្យស្រុតខូចខាតតួផ្លូវពេលរថយន្តធុនធំឆ្លងកាត់។ ក្នុងន័យនេះ ដើម្បីបញ្ចៀសការកកស្ទះចរាចរ និងធានានូវការ ធ្វើចរាចរណ៍សម្រាប់រថយន្តប្រភេទទេសចរណ៍ ឬរថយន្តប្រភេទលក្ខណៈគ្រួសារ ព្រមទាំងរថយន្តដឹកទំនិញធុនតូច ធ្វើដំណើរបានដោយរលូន និងសុវត្ថិភាព មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ សូមធ្វើការជូនដំណឹង បញ្ចៀសចរាចរចំពោះយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវជាតិលេខ ៣៧១ (ឆ្លូង-រកាខ្នុរ) ចាប់ពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ដូចខាងក្រោម៖ បិទចរាចរណ៍ទាំងស្រុងយានយន្តធុនធំគ្រប់ប្រភេទ ទម្ងន់ផ្ទុកសរុបចាប់ពី ១៥តោន និងសូមបង្វែរ ទិសដៅចរាចរណ៍តាមផ្លូវជាតិលេខ ៧៣ (ឆ្លូង-ប្រធាតុ) សម្រាប់ការដឹកទំនិញមកកាន់ខេត្តក្រចេះ ចំពោះរថយន្តធុនតូច ប្រភេទទេសចរណ៍ រថយន្តលក្ខណៈគ្រួសារ រថយន្តដឹកទំនិញធុនតូចចាប់ពី ១៥តោនចុះ និងម៉ូតូ-កង់ អាចធ្វើចរាចរណ៍បានធម្មតាតាមរយៈផ្លូវវាង ប្រវែង ០៤គីឡូម៉ែត្រ ដែល ក្រុមការងារបានដាក់ទិសបង្ហាញទីតាំងធ្វើដំណើរ។

អាស្រ័យហេតុនេះ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវខាងលើ តាមកាលបរិច្ឆេទដូចបានជម្រាបជូនដោយក្តីអនុគ្រោះ រហូតដល់ការដ្ឋានស្ថាបនាស្ពានព្រែកសំរោងបានរួចរាល់ជាស្ថាពរ។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះសង្ឃឹមយ៉ាងមុតមាំថាៈ សាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមកំណាត់ផ្លូវខេត្តលេខ ៣៧១ ខាងលើ ពិតជាអនុវត្តបានល្អនូវសេចក្តីជូនដំណឹងនេះដោយស្មារតីយោគយល់ខ្ពស់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×