បទបញ្ជាមួយត្រូវបានធ្វើឡើង ដើម្បីដកមេប៉ូលីសតំបន់អ្នកមានមួយ នៃរដ្ឋធានីហ្វីលីពីន ដោយសារដោះស្រាយមិនបានល្អនាំឲ្យមានការរិះគន់ ទាក់ទងនឹងករណីស្លាប់នារីអូតេស Christine ដែលគេចោទថានាងត្រូវបានរំលោភបូក និងសម្លាប់ ពីសំណាក់បុរសចំនួន ១១នាក់ ដែលបានចូលរួមកម្មវិធីជប់លៀងជាមួយនាង កាលពីយប់ថ្ងៃឆ្លងឆ្នាំថ្មី២០២១ កន្លងទៅនេះ។
គួររំលឹកថា នារីអាកាសចរណ៍នាង នាង Christine Dacera អាយុ ២៣ ឆ្នាំ ត្រូវបានគេប្រទះឃើញសន្លប់បាត់ស្មារតីនៅក្នុងអាងងូតទឹកនៃបន្ទប់របស់នាង នៅឯសណ្ឋាគារប្រណីតម៉ានីឡា បន្ទាប់ពីពិធីជប់លៀងឆ្នាំថ្មី។ នាងត្រូវបានប្រកាសថាស្លាប់ បន្ទាប់ពីមិត្តភក្តិ និងបុគ្គលិកសណ្ឋាគារ បានដឹកនាងទៅកាន់មន្ទីរពេទ្យ Makati City ។
នៅពេលនោះ ប៉ូលីសបានប្រកាសភ្លាមៗថា នាងត្រូវបានគេចាប់រំលោភ និងសម្លាប់ ហើយបាននាំខ្លួនបុរស ៣ នាក់ ដែលបានចូលរួមអបអរជាមួយ Dacera ទៅមន្ទីរឃុំខ្លួនជាបណ្តោះអាសន្ន ប៉ុន្តែ ក្រោយមក ព្រះរាជអាជ្ញាបានដោះលែងពួកគេ ដោយហេតុផលខ្វះភស្តុតាងគ្រប់គ្រាន់ នៅក្នុងដំណាក់កាលស៊ើបអង្កេតដំបូង។
តែទោះយ៉ាងណា ជាលទ្ធផល មេប៉ូលីសក្រុងម៉ាកាទីលោក Harold Depositar នៅពេលនេះត្រូវបានអគ្គស្នងការប៉ូលីសហ្វីលីពីន លោកឧត្តមសេនីយ៍ Debold Sinas បានចេញបញ្ជាឱ្យដកចេញពីការងារ ស្របពេលផ្ទុះការរិះគន់ពីមហាជន ទៅលើការដោះស្រាយរបស់នាយកដ្ឋានរបស់លោកចំពោះករណីដ៏ធំមួយនេះ។
កាលពីថ្ងៃទី ៤ ខែមករា ប៉ូលីសបានប្រកាសថា ពួកគេបានដោះស្រាយករណីនេះ ដោយនិយាយថា ពួកគេបានចាប់ខ្លួនជនសង្ស័យ ៣ នាក់ ខណៈដែល ៩ នាក់ទៀត នៅពុំទាន់បានចូលខ្លួនមកបំភ្លឺនៅឡើយ។
បើទោះបីជាការពិនិត្យសុខភាពមិនទាន់បានសំរេចនៃការស្លាប់នេះក៏ដោយ ក៏ប៉ុន្តែ លោក Depositar បានបញ្ជាក់ថា ពួកគេបាន “រំលោភករណីឃាតកម្ម” នេះរួចហើយ។
ប៉ុន្ដែ ចន្លោះប្រហោងក្នុងកំណត់ហេតុជាផ្លូវការបានលេចចេញ បន្ទាប់ពីជនសង្ស័យម្នាក់ឈ្មោះ ហ្គ្រេហ្គោរី យ៉ូដឺហ្គូម៉ាន ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន ABS-CBN បាននិយាយថា “មនុស្សគ្រប់គ្នា” ក្នុងចំណោមបុរសទាំង ១២ នាក់ ដែលចូលរួមជប់លៀងជាមួយ Dacera គឺសុទ្ធតែជាខ្ទើយ។
គាត់ក៏បាននិយាយថា «ចំណាប់អារម្មណ៍របស់ខ្ញុំចំពោះនាង គឺនាងចូលចិត្តដើរលេងជាមួយសមាជិក LGBT»។
ចំណែកបុរសម្នាក់ទៀតឈ្មោះ Valentine Rosales ដែលត្រូវបានគេចាប់បានតាមរយៈវីដេអូកាមេរ៉ាសុវត្ថិភាព ថើបជាមួយ Dacera នៅច្រកផ្លូវនៃសាលសណ្ឋាគារ ក៏បានអះអាងថា នាងបានចាប់ផ្តើមថើបខ្លួន ដោយនិយាយថានាងធម្មតាអ៊ីចឹងទេពេលដែលនាងផឹកស្រវឹង។
ដោយឡែក ការិយាល័យរដ្ឋអាជ្ញា ក្រោយមកបាននិយាយថា “ភស្តុតាងដែលបានបញ្ជូនមកទល់ពេលនេះ គឺមិនគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា Dacera ត្រូវបានគេរំលោភនោះទេ” ។
ប៉ូលីសក៏ត្រូវបានគេរិះគន់ផងដែរ ចំពោះការមិនធ្វើរបាយការណ៍អំពីការពុលជាតិគីមី នៅពេលសាកសពរបស់នាងត្រូវបានរកឃើញ។
រឿងក្តីនេះកាន់តែស្មុគស្មាញ នៅពេលដែលជនសង្ស័យ២នាក់បានអះអាងថា ពួកគេត្រូវបានបង្ខំឱ្យធ្វើសេចក្តីថ្លែងការណ៍មិនពិតអំពីការប្រើប្រាស់គ្រឿងញៀន នៅក្នុងពិធីជប់លៀងឆ្នាំថ្មី ពីព្រោះប៉ូលីសបាន “ធ្វើទារុណកម្មផ្លូវចិត្ត” ពួកគេ។
ប៉ុន្តែ ម្តាយរបស់ Dacera បន្តទទូចថាមានការលេងមិនត្រឹមត្រូវ។
អ្នកស្រី Sharon Dacera បានប្រាប់កម្មវិធីព័ត៌មាន Headstart ថា “សំរាប់ខ្ញុំកូនស្រីរបស់ខ្ញុំត្រូវបានគេរំលោភ” ។
អ្នកស្រីបាននិយាយទាំងឈឺចាប់ថា “ប្រសិនបើអ្នកបានឃើញរាងកាយរបស់គ្រីស្ទីន ហើយប្រសិនអ្នកជាម្តាយ នោះអ្នកប្រាកដជាមានអារម្មណ៍ឈឺចាប់”។
ក្រុមគ្រួសារបានដាក់ពាក្យបណ្តឹងចោទប្រកាន់មន្ត្រីប៉ូលីសផ្នែកវេជ្ជសាស្ត្រ ពីបទធ្វេសប្រហែស និងអសមត្ថភាពចំពោះការដាក់របាយការណ៍មិនទៀងទាត់ និងមិនត្រឹមត្រូវនៃរបាយការណ៍ និងលិខិតបញ្ជាក់មរណភាពអំពី Dacera។
ទន្ទឹមនឹងនេះ ខណៈមន្ត្រីកំពុងរង់ចាំលទ្ធផលនៃការធ្វើកោសល្យវិច័យជាលើកទី២ នោះក្រុមគ្រួសាររបស់នាងជឿជាក់ថា លទ្ធផលនឹងប្រាកដណាស់បង្ហាញថា Dacera ត្រូវបានគេបង្ខំសេពគ្រឿងញៀន ដែលនាំឱ្យនាងត្រូវគេចាប់រំលោភ និងឃាតកម្មតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង