ខេត្តស្វាយរៀង ៖ នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីនៅក្នុងពិធីក្រុងពាលី សាងសង់អគាររដ្ឋបាលរបស់មូលដ្ឋានកងរាជអាវុធហត្ថស្រុករមាសសហែក ដែលមានទំហំ ៣២ម៉ែត្រគុណ ៧ម៉ែត្រ ដែលស្ថិតនៅភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក។
ពិធីនេះមានការចូលរួមពីលោក ហែម ពិសិដ្ឋ អភិបាលរងខេត្ត និងលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ព្រមទាំងមានការអមដំណើរពីលោក លោកស្រីជាឧត្តមសេនីយ៍ វរសេនីយ៍ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងព្រះរាជអាជ្ញារអមសាលាដំបូងខេត្ត ស្នងការរងនគរបាលខេត្ត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកតំណាងសាខាគយ និងរដ្ឋាករខេត្ត តំណាងសាខាពន្ធដារខេត្ត ប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាល អភិបាលរងស្រុក ព្រមទាំងមន្ត្រីរាជការស្រុក និងកងកម្លាំងប្រដាប់អាវុធទាំង៣ជាច្រើនរូបទៀតផងដែ។
គួររំលឹកផងដែរថា នាពេលកន្លងមកលោកនាយឧត្តមសេនីយ៍ សៅ សុខា តែងតែណែនាំឲ្យកសាងអគារ កងរាជអាវុធហត្ថតាមបណ្តាខេត្ត និងតាមស្រុកក្រុងទាំងអស់នៅទូទាំងប្រទេស។ ដោយឡែកសម្រាប់ខេត្តស្វាយរៀង ទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថតាមបណ្តាស្រុក ក្រុងក៏បានកសាងឡើងជាបន្តបន្ទាប់ ដើម្បីផ្ដល់កន្លែងធ្វើការដល់កងកម្លាំងបានសមរម្យ ក្នុងការរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរផងដែរ។
សូមបញ្ជាក់ផងដែរថា ទោះបីបញ្ហាវិបត្តិជំងឺឆ្លងកូវីដ១៩ ក៏ដោយ កងរាជអាវុធហត្ថនៅតែបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ សាងសង់ជំរំបន្ទាយ អគារធ្វើការ អគារស្នាក់នៅ និងអគារនានា ស្របតាមយុទ្ធសាស្ត្រដែលបានដាក់ចេញនាពេលកន្លងទៅ
ហើយពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល មូលដ្ឋានកងរាជអាវុធហត្ថស្រុករមាសហែក នៅលើទីតាំងដីថ្មី មានទំហំធំទូលាយជាងទីតាំងចាស់ ចំណែកឯទីតាំងចាស់នេះនឹងប្រគល់ជូនសាលាស្រុករមាសហែក នេះបើតាមប្រសាសន៍របស់ឯកឧត្តមនាយឧត្តមសេនីយ៍ នាពេលកន្លងទៅ។
ការសាងសង់នេះ ចំណាយថវិកាសរុបប្រមាណជាង២៥ម៉ឺនដុល្លារ ក្នុងនោះសង់អគារ របង ប្រព័ន្ធលូ និងចាក់ដីបំពេញបន្ថែម៕ រក្សាសិទ្ធិដោយ៖ វ៉ៃកូ