រូបភាពនៃដុំថ្មមើលមួយភ្លែតដូចស៊ុតដ៏ធំមួយ ដែលត្រូវបានវះកាត់យកចេញពីក្នុងពោះស្ត្រីវ័យក្មេងម្នាក់ កាលពីពេលថ្មីៗនេះ បានបង្កឲ្យមានការស្រឡាំងកាំង និងងឿងឆ្ងល់ជាខ្លាំង នៅលើបណ្តាញសង្គមវៀតណាម។
បណ្តាញសារព័ត៌មានវៀតណាមជាច្រើន បានចុះផ្សាយឲ្យដឹងថា ស្ត្រីអាយុ ៣៤ ឆ្នាំ ម្នាក់ ត្រូវបានបញ្ជូនសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យភូប៊ិញទូទៅ នៅក្នុង Thay Nguyen ក្រោយពីអ្នកជំងឺបានត្អូញត្អែរពីការឈឺចាប់យ៉ាងខ្លាំងនៅក្នុងពោះរបស់នាង។ បន្ទាប់ពីបានធ្វើការពិនិត្យមួយចំនួនរួចមក តាមរយៈការស្កេនស៊ីធី បានបង្ហាញថា ស្ត្រីនោះមានដុំមូលមួយនៅក្នុងពោះរបស់នាង ដែលនោះគឺជាដុំថ្មមានប្រវែង ១០ សង់ទីម៉ែត្រ និងទម្ងន់ ៤០០ក្រាម។
តែយ៉ាងណា របាយការណ៍សារព័ត៌មានពុំបានផ្តល់ព័ត៌មានច្រើនអំពីករណីនេះទេ ប៉ុន្តែ រូបភាពរួមជាមួយ CT scan និងក៏ដូចគិលានុបដ្ឋាយិកាពេទ្យ ត្រូវបានបញ្ចេញឲ្យឃើញជាមួយដុំថ្មដ៏ធំនេះ។
យ៉ាងណាមិញ ចំពោះរូបភាពនៃដុំថ្មដ៏ធំនៅក្នុងពោះរបស់ស្ត្រីអាយុ ៣៤ ឆ្នាំ នោះ ដែលបានរីករាលដាលនៅក្នុងប្រទេសវៀតណាម ក្នុងរយៈពេលពីរបីថ្ងៃមុននេះ ក៏បានធ្វើឲ្យអ្នកប្រើប្រាស់អ៊ីនធឺណេតភាគច្រើន បានបង្ហាញការមិនជឿសោះឡើយ ចំពោះកម្រិតនៃការឈឺចាប់របស់ស្ត្រីរងគ្រោះ។
ក្នុងនោះ អ្នកលេងអ៊ីនធឺណេតម្នាក់បានសួរដូចឆ្ងល់ថា “ខ្ញុំមានតែក្រួសតូចមួយប៉ុណ្ណោះ ប៉ុន្តែខ្ញុំឈឺចាប់ចង់ស្លាប់ទៅហើយ។ តើគាត់អាចស៊ូទ្រាំនឹងការឈឺចាប់ដែលបណ្តាលមកពីរឿងនេះយ៉ាងដូចម្តេចទៅ?”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង