អ្នកថតរូបម្នាក់បានផ្តិតយកទិដ្ឋភាពនៃវាលខ្សាច់គ្រប់ដណ្តប់ដោយទឹកកកដ៏កម្រ នៅក្នុងវាលខ្សាច់សាហារ៉ា (Sahara)។
សារព័ត៌មាន Daily Mail បានចុះផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ឲ្យដឹងថា បណ្តារូបភាពដ៏ភ្ញាក់ផ្អើលរបស់អ្នកថតរូបឈ្មោះ Karim Bouchetata បានបង្ហាញទីប្រជុំជនតូចមួយ Ain Sefra ស្ថិតនៅក្នុងវាលខ្សាច់ Sahara និងជាផ្នែកនៃប្រទេសអាល់ហ្សេរី កំពុងគ្របដណ្តប់ទៅដោយព្រិលដ៏ធ្ងន់ធ្ងរ ដែលធ្វើឲ្យគ្រប់គ្នាធ្លាប់គិតថា វាបានកើតឡើងបែបនេះនៅលើវាលខ្សាច់ដ៏ក្តៅបំផុត នៅលើពិភពលោក។
សត្វចៀម សត្វអូដ្ឋ ត្រូវបានឃើញឈរនៅលើដីខ្សាច់ គ្របដណ្តប់ជាមួយព្រិល កាលពីថ្ងៃទី១៣ ខែមករា នៅពេលដែលសីតុណ្ហភាពនៅក្នុងតំបន់នោះ ធ្លាក់ចុះរហូតដល់ ៣ អង្សាសេ។
ទីប្រជុំជន Ain Sefra ដែលគេស្គាល់ថាជា «ច្រកផ្លូវទៅកាន់វាលខ្សាច់សាហារ៉ា» មានទីតាំងស្ថិតនៅចម្ងាយប្រហែល ១០០០ ម៉ែត្រ ពីនីវ៉ូទឹកសមុទ្រ និងព័ទ្ធជុំវិញដោយភ្នំអាត្លាស (Atlas)។
វាលខ្សាច់សាហារ៉ា គ្របដណ្តប់ភាគច្រើននៅអាហ្វ្រិកខាងជើង។ ជាលទ្ធផល នោះតំបន់ខ្លះនៃវាលខ្សាច់នេះ បានជួបប្រទះនឹងការប្រែប្រួលសីតុណ្ហភាព និងសំណើមបែបនេះ។
បើទោះបីតែងស្ងួតយ៉ាងណា វាលខ្សាច់សាហារ៉ា ត្រូវបានគេរំពឹងថានឹងប្រែជា «បៃតង» ម្តងទៀត នៅក្នុងប្រហែល ១៥០០០ ឆ្នាំ ទៀត។
យោងតាមសារព័ត៌មាន Daily Mail សីតុណ្ហភាពធ្លាក់ចុះត្រជាក់ខ្លាំងរហូតបង្កើតជាព្រិលទឹកកក នៅវាលខ្សាច់នេះ គឺមិនធម្មតាទេ ប៉ុន្តែ វាតែងតែរលាយនៅពេលព្រឹក ក្រោយពេលដែលព្រះអាទិត្យរះ។
សូមបញ្ជាក់ថា ទីប្រជុំជន Ain Sefra បានជួបប្រទះបាតុភូតវាលខ្សាច់គ្របដណ្តប់ទៅដោយព្រិលបែបនេះ ជាលើកទី៣ ហើយ ក្នុងរយៈពេល ៤០ ឆ្នាំ មកនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង