បុរសអាយុ ២៨ ឆ្នាំម្នាក់ មកពី Konya ប្រទេសទួរគី ត្រូវបានចាប់ខ្លួន បន្ទាប់ពីត្រូវបានចោទប្រកាន់ថា បានជះទឹកក្តៅ លើប្រពន្ធរបស់ខ្លួន ដោយសារតែរូបគេខឹងប្រពន្ធធ្វើឱ្យភ្ញាក់ផ្អើល ខណៈនាងនាំយកអាហារពេលព្រឹកឲ្យហូបនៅលើគ្រែ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៩ ខែមករា នៅផ្ទះរបស់ប្តីប្រពន្ធនេះ។
យោងទៅតាមសារព័ត៌មាន Mirror បានឲ្យដឹងថា នាង Rukiye Ay អាយុ ២៣ ឆ្នាំ បាននិយាយថា នាងចង់ឱ្យប្តីរបស់នាង ហូបអាហារពេលព្រឹកក្តៅៗ។ តែទោះយ៉ាងណា Ali Ay អាយុ ២៨ ឆ្នាំ បែរជាផ្ទុះកំហឹង ហើយចាប់ផ្តើមស្រែកដាក់ប្រពន្ធខ្លាំងៗ ចំពោះការធ្វើឲ្យភ្ញាក់នេះ ព្រោះរូបគេកំពុងចង់ដេក។
Rukiye Ay បាននិយាយថា “ខ្ញុំបានរៀបចំវារួចរាល់អស់ហើយ និងបន្ទាប់មក ក៏បានទៅប្រាប់ប្តីខ្ញុំឲ្យហូបអាហារពេលព្រឹកនៅលើគ្រែ។ ប៉ុន្តែ ផ្ទុយទៅវិញ គាត់បែរជាផ្ទុះកំហឹង និងទាមទារឲ្យដឹងពីមូលហេតុ ដែលខ្ញុំបានដាស់គាត់ ហើយប្រាប់ខ្ញុំកុំឲ្យរំខានគាត់ ដូច្នេះ ខ្ញុំចាប់ផ្តើមហូបអាហារពេលព្រឹកជាមួយកូនស្រីខ្ញុំ”។ នាងបន្តថា៖ “គាត់នៅតែមានអារម្មណ៍មិនល្អ ហើយប្រាប់ខ្ញុំថា គាត់នឹងលែងលះខ្ញុំ ហើយយកកូនស្រីនៅជាមួយ ទោះខ្ញុំធ្វើអ្វីក៏ដោយ”។
Rukiye បានបន្ថែមថា បន្ទាប់មក ប្តីរបស់នាងបានចាក់ទឹកក្តៅពុះលើ.ករបស់នាង។ ដំបូងឡើយ គាត់មានបំណងជះដាក់មុខរបស់នាង ប៉ុន្តែ នាងងាកមុខចេញទាន់។
នាងនិយាយថា “ខ្ញុំបានរត់ចេញ ហើយមានអារម្មណ៍ថាអាវយឺតរបស់ខ្ញុំ បានស្អិតជាប់នឹងស្បែកខ្នងរបស់ខ្ញុំ។ បន្ទាប់មក គាត់បានយកទឹកក្តៅដែលនៅសល់ជះលើខ្ញុំ ក្នុងនោះទឹកខ្លះទៀតបានធ្លាក់លើជើងកូនខ្ញុំ ហើយខ្លះទៀតបានខ្ទាតលើត្រគាកខ្ញុំ” ។
នាងបានរៀបរាប់បន្ថែមទៀតថា នាងចង់រត់គេច តែអារម្មណ៍ឈឺចាប់ខ្លាំងពេក ទើបនាងបានបាត់បង់ស្មារតីទៅ។ នាងបាននិយាយថា នាងអាចលឺសំលេងកូនស្រីរបស់នាងស្រែក ហើយមានអារម្មណ៍ថា ប្តីចាប់សក់នាង ហើយអូសនាងចូលបន្ទប់ទឹក។
នាងបាននិយាយថា សំឡេងកូនស្រីយំរបស់នាងបានផ្តល់កម្លាំងបន្ថែមដល់នាង។
នៅពេលប្តីរបស់នាងយកទូរស័ព្ទខល នាងបានឆ្លៀតឱកាសរត់ទៅផ្ទះអ្នកជិតខាង ដើម្បីឲ្យគេជួយ។ ភ្លាមៗនោះ អ្នកជិតខាងបានជួយហៅប៉ូលីស ហើយបន្ទាប់មក ប្តីរបស់នាងក៏ត្រូវបានចាប់ខ្លួន។
ទោះយ៉ាងណា នាងពិតជារន្ធត់ចិត្តណាស់ នៅពេលដឹងថា ប្តីរបស់នាងត្រូវបានដោះលែងឱ្យនៅក្រៅឃុំ។ តែទោះយ៉ាងណា ការខឹងសម្បារជាសាធារណៈនៅក្នុងប្រទេសទួរគី បាននាំឱ្យប្តីចិត្តកំណាចរូបនេះត្រូវបានចាប់ខ្លួនម្តងទៀត និងត្រូវបានឃុំខ្លួន។
Rukiye បាននិយាយថា “ខ្ញុំមិនអាចជឿបានទេ ដរាបណាគាត់ដោះលែងខ្ញុំ ហើយកូនស្រីរបស់ខ្ញុំ ដែលស្ថិតក្នុងគ្រោះថ្នាក់” ។
Rukiye បានរងរបួសយ៉ាងធ្ងន់ធ្ងរពីទឹកពុះ ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យក្នុងប្រទេសទួរគី។ រូបថតបង្ហាញពីខ្នងរបស់នាង រងការរលាកដ៏គួរឱ្យរន្ធត់។
មហាជនសង្ឃឹមថា ម្តាយនិងកូនស្រីរងគ្រោះ នឹងទទួលបានយុត្តិធម៌ ដែលពួកគេសមនឹងទទួល៕ រក្សាសិទ្ធិដោយ៖ លឹម ហុង