ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកវិស័យហ្វឹកហ្វឺន គឺជាការងារដ៏មានសារសំខាន់ចាំបាច់ ដើម្បីឆ្លើយតបទៅនឹងការបន្តអនុវត្តផែនការកែទម្រង់របស់ខ្លួន ហើយក្នុងន័យនេះ ការងារហ្វឹកហ្វឺន គឺជាកិច្ចការអាទិភាព ដែលត្រូវដំណើរការដូចភ្លៀងរលឹម ដើម្បីចូលរួមចំណែកអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រការពារជាតិរបស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ។
ការបញ្ជាក់នេះ ក្នុងបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញអង្គរក្សពិសេស ជំនាន់ទី២៥ និងបន្តបើកវគ្គជំនាន់ទី២៦ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស (ភ្នំស្រង់) ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកវិស័យហ្វឹកហ្វឺន គឺជាការងារដ៏មានសារសំខាន់ចាំបាច់ ដើម្បីឆ្លើយតបទៅនឹងការបន្តអនុវត្តផែនការកែទម្រង់របស់ខ្លួន ហើយក្នុងន័យនេះ ការងារហ្វឹកហ្វឺន គឺជាកិច្ចការអាទិភាព ដែលត្រូវដំណើរការដូចភ្លៀងរលឹម ដើម្បីចូលរួមចំណែកអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រការពារជាតិរបស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ។ ក្នុងនោះកម្លាំងដែលមានស្រាប់ និងកម្លាំងបំពេញបន្ថែម ត្រូវទទួលបាននូវការហ្វឹកហ្វឺនពង្រឹងសមត្ថភាពឱ្យបានជាប់ជាប្រចាំ ហើយចាំបាច់ទាមទារឱ្យការហ្វឹកហ្វឺនទាំងអស់ត្រូវផ្តោតលើគុណភាពនៃបរិមាណ និងការផ្ទេរបទពិសោធន៍។ ជាក់ស្តែងវគ្គហ្វឹកហ្វឺនទាំងនេះ បានឆ្លើយតបចំពោះសេចក្តីត្រូវការក្នុងការពង្រឹង និងពង្រីកសមត្ថភាពជំនាញរបស់យោធិន ដើម្បីធានាបាននូវនិរន្តរភាពនៃសមត្ថភាពក្នុងការបំពេញភារកិច្ចក្នុងពេលចំពោះមុខ និងរយៈពេលវែងរបស់កងយោធពលខេមរភូមិន្ទ គឺការការពារជាតិ មាតុភូមិ និងប្រជាពលរដ្ឋ និងជាពិសេសការបំពេញភារកិច្ចស្នូលរបស់អង្គភាពក្នុងការការពារសន្តិសុខ សុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក្នុងកិច្ចប្រជុំ និងព្រឹត្តិការណ៍ថ្នាក់ជាតិ និងអន្តរជាតិនានា។
សូមសិក្ខាកាមដែលវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញអង្គរក្សពិសេស បន្តពង្រឹងភារកិច្ចស្នូលក្នុងការការពារសន្តិសុខ សុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក្នុងកិច្ចប្រជុំ និងព្រឹត្តិការណ៍ថ្នាក់ជាតិ និងអន្តរជាតិនានា និងបន្តកិច្ចការពារបូរណភាពទឹកដី សន្តិភាព ស្ថិរភាព និងភាពសុខសាន្តរបស់ប្រជាជន ក៏ដូចជាការគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល និងគោរពយ៉ាងម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ ច្បាប់ និងបទបញ្ជាទាំងឡាយ ជាមួយនឹងការខិតខំអប់រំហ្វឹកហ្វឺនរៀនសូត្រប្រកបដោយការតស៊ូអត់ធ្មត់ព្យាយាម រហូតក្លាយជាកងទ័ពដែលមានវិន័យ កិត្តិយស សេចក្តីថ្លៃថ្នូរ ស័ក្តិសមជាកូនចៅពិតប្រាកដរបស់ប្រជាជន និងហ៊ានពលីជីវិតដើម្បីជាតិមាតុភូមិ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអបអរសាទរ និងកោតសរសើរចំពោះសិក្ខាកាមទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ហ្វឹកហ្វឺនរៀនសូត្រ រហូតទទួលបានជោគជ័យ ដែលជោគជ័យនេះ គឺកើតចេញពីការហាត់ពត់លត់ដំកាយសម្បទា ស្មារតី និងសតិអារម្មណ៍ក្នុងការពុះពារជម្នះនូវឧបសគ្គ និងការលំបាកគ្រប់បែបយ៉ាង និងជាមោទនភាពសម្រាប់សិក្ខាកាមបញ្ចប់វគ្គគ្រប់ៗរូប ហើយក៏សង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់នឹងប្រើប្រាស់ចំណេះដឹង និងចំណេះធ្វើទទួលបានពីវគ្គហ្វឹកហ្វឺនទាំងនេះ សម្រាប់យកទៅអនុវត្តបំពេញរាល់ភារកិច្ចនៅតាមបណ្តាកងឯកភាពឱ្យទទួលបានជោគជ័យ និងកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ និងប្រជាជនរបស់យើង ក៏ដូចជាសម្រាប់ការកសាង និងអភិវឌ្ឍខ្លួនឯងឱ្យមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីទទួលរ៉ាប់រងរាល់ភារកិច្ចរបស់កងយោធពលខេមរភូមិន្ទក្នុងពេលចំពោះមុខ និងតទៅអនាគត៕ រក្សាសិទ្ធិដោយ : ចេស្តារ