ភ្នំពេញ៖ ទំនិញភាគច្រើនដែលនាំចេញពីតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) គឺសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរជាដើម ទៅកាន់គោលដៅសំខាន់ មានទីផ្សារអាមេរិក សហភាពអឺរ៉ុប ចិន ជប៉ុន និងកូរ៉េខាងត្បូង។
លោកនាយកប្រតិបត្តិតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ Hiroshi Uematsu បានឲ្យដឹងថា ក្នុងឆ្នាំ ២០២០ តម្លៃសរុបនៃការនាំចេញទាំងអស់ពីតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) មានទំហំទឹកប្រាក់ចំនួន ៦១១ លានដុល្លារ។
លោក Hiroshi បានបញ្ជាក់ថា ដោយសារតែកម្ពុជា អាចគ្រប់គ្រងករណីនៃការឆ្លងវីរុសកូវីដ ១៩ បានល្អប្រសើរជាងគេ ធ្វើឱ្យក្រុមហ៊ុនមួយចំនួន បានសម្រេចចិត្តបង្កើនផលិតកម្មនៅក្នុងប្រទេសកម្ពុជា។
បើតាមរបាយការណ៍អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម ការនាំចេញពីតំបន់សេដ្ឋកិច្ចពិសេសទៅកាន់ទីផ្សារក្រៅប្រទេស ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន និងសហភាពអឺរ៉ុប ប្រព័ន្ធអនុគ្រោះពន្ធ GSP និងប្រទេសដែលទទួលបានការអនុគ្រោះបំផុត (MFN) របស់អាមេរិក មានទំហំទឹកប្រាក់ប្រមាណ ៥០៧ លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២០។ តួលេខនេះបង្ហាញពីការកើនឡើងចំនួន ៧៦ ភាគរយលើលទ្ធផលឆ្នាំ ២០១៩។
ទិន្នន័យនេះ បានបង្ហាញថា ការនាំចេញសម្លៀកបំពាក់ ពីតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) មានទំហំទឹកប្រាក់សរុបចំនួន ២០,៣៤ លានដុល្លារ ទំនិញធ្វើដំណើរមានចំនួន ៤,៦៣៧ លានដុល្លារ និងស្បែកជើងមានចំនួន ៨២៦ ៥០៤ ដុល្លារ ខណៈដែលផលិតផលផ្សេងទៀតមានចំនួន ៤៨១,៦៨ លានដុល្លារ។
នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) មានក្រុមហ៊ុនជាច្រើនបានបណ្តាក់ទុននៅទីនោះ ហើយក្នុងអំឡុងនៃការរាតត្បាតពីជំងឺកូវីដ ១៩ គ្មានក្រុមហ៊ុនណាមួយនៅតំបន់នេះ ត្រូវបានផ្អាក ឬបិទទ្វាសម្រាប់ការនាំចេញរបស់ពួកគេនោះទេ ហើយផលិតផលដែលនាំចេញពីតំបន់នោះរួមមានម៉ូទ័រ គ្រឿងបន្លាស់រថយន្ត និងបន្ទះសូឡាជាដើម៕
រក្សាសិទ្ធិដោយ៖CEN