កំពូលអ្នកក្បាច់គុនកុងហ្វូ និងជាតារាសម្តែង លោក Donnie Yen ឬ ទស្សនិកជនខ្មែរនិយមរឿងហុងកុងស្គាល់ថា «កុំកុំ» ថ្មីៗនេះ ត្រូវបាននាយកដ្ឋានសេវាកម្មពន្លត់អគ្គីភ័យហុងកុង បានតែងតាំងជាឯកអគ្គរដ្ឋទូត «អ្នកពន្លត់អគ្គីភ័យ (Fireman)» ដើម្បីបង្ហាញពីភាពជាវីរបុរសពិតៗរបស់លោក។
កាសែត Straits Times បានរាយការណ៍ឲ្យដឹងថា ទីភ្នាក់ងារពន្លត់អគ្គិភ័យហុងកុង បានប្រកាសកាលពីថ្ងៃថ្ងៃព្រហស្បតិ៍ សប្តាហ៍មុនថា ខ្លួនបានជ្រើសរើសតារាសម្តែង “Ip Man” ធ្វើជាឯកអគ្គរដ្ឋទូតរូបភាពអន្តរជាតិរបស់ខ្លួន។
នាយកផ្នែកសេវាកម្មអគ្គិភ័យ លោក Joseph Leung បានប្រគល់ជូនតារាសិល្បៈក្បាច់គុនវ័យ ៥៧ ឆ្នាំរូបនេះ ជាមួយនឹងវិញ្ញាបនបត្រ នៃការតែងតាំងនេះ នៅក្នុងពិធីមួយ នៅឯវិទ្យាស្ថានសិក្សាផ្នែកពន្លត់អគ្គិភ័យ និងរថយន្តសង្គ្រោះបន្ទាន់ នៅហុងកុង។
យោងតាមលោក Leung នោះរូបភាពវីរភាពរបស់លោក Yen គឺបានបង្ហាញពីភាពក្លាហានរបស់បុគ្គលិកផ្នែកសេវាកម្មអគ្គិភ័យ។
ក្នុងការទទួលយកការតែងតាំងនេះ លោក Yen បានចែករំលែកនូវអ្វីដែលជាកិត្តិយសសម្រាប់រូបគាត់ ដែលត្រូវបានប្រគល់តួនាទីនេះ។
តារាសម្តែងក្បាច់គុនរូបនេះ បានសរសេរនៅលើបណ្តាញសង្គម Instagram ថា៖ «វីរបុរសពិត គឺជាអ្នកដែលបានលះបង់ជីវិតរបស់ខ្លួន ទៅនឹងអ្វីដែលធំជាងខ្លួន។ កិត្តិយសដែលបានចូលរួម គឺជាផ្នែកមួយនៃរឿងនេះ»។
លោក Yen ក៏បានមានគម្រោងថតបទចម្រៀងមួយបទ ដើម្បីឧទ្ទិសទៅដល់នាយករដ្ឋានពន្លត់អគ្គិភ័យផងដែរ។
លោក Yen ក៏ត្រូវបានជ្រើសរើសឲ្យសម្តែងនៅខ្សែភាពយន្តសកម្មភាព ជាមួយតារាសម្តែង Nicholas Tse និង Qin Lan នៅក្នុងខ្សែភាពយន្តរឿង “Raging Fire” នាពេលខាងមុខនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង