ភ្នំពេញ ៖ ប្រិយមិត្តបានជ្រាបហើយ ទាក់ទងនឹងអន្ទិត ឡុង ចន្ថា ក្រោយពេលសឹក ឃើញថារូបលោកគឺនៅតែបន្តល្បី និងក៏កំពុងទទួលការចាប់អារម្មណ៍តាមដានខ្លាំងផងដែរ ពីសំណាក់អ្នកលេងអ៊ីនធឺណេត តាមរយៈការចេញមុខនៅលើបណ្តាញសង្គមជាបន្តបបន្ទាប់ ជាមួយសកម្មភាពជិះឡានទៅចូលរួមមង្គលការបងប្អូន, ជូនឪពុកម្តាយទៅសួរសុខពូមីងនៅខេត្តព្រៃវែងជាដើម និងក៏ដូចជាសកម្មភាពឡាយច្រៀងបទចម្រៀងជាហូរហែ ធ្វើឲ្យអ្នកចូលទស្សនាខ្លះក៏រិះគន់ និងជាច្រើនទៀតក៏ពេញចិត្តគាំទ្រពេញទំហឹងផងដែរ។
តែទោះយ៉ាងណា ក្រោយពេលសឹកបានជិត ៣ខែ អន្ទិត ឡុង ចន្ថា ក៏បានអះអាងថា មានលោកយាយលោកតាទាំងក្នុង និងក្រៅប្រទេស នៅបន្តគាំទ្រ នឹងតែងស្នើឲ្យរូបលោកវិលទៅបួសវិញ ដើម្បីបន្តនិមន្តទេសនាផ្តល់សំណើច ចែកជូនលោកយាយលោកតាដែលចូលចិត្តបានស្តាប់ទៀត។
ប៉ុន្តែ ទន្ទឹមនឹងលើកឡើងថា មានអ្នកគាំទ្រចង់ឲ្យខ្លួនបួសវិញបែបនេះ ក៏មានមនុស្សមួយចំនួនបានចោទឡើងថា អន្ទិត ឡុង ចន្ថា ព្រោះតែគ្មានសមត្ថភាពចិញ្ចឹមគ្រួសារ ជាពិសេសគឺគ្មានលុយដណ្តឹងប្រពន្ធ ទើបបានជាចង់រកបួសវិញ។
ជាការឆ្លើយតបទៅនឹងការចោទប្រកាន់បែបនេះ អន្ទិតកំប្លែងស្ងួត និងសម្តីចេញមកមួយម៉ាត់ៗឡើងចាក់ៗដោតរូបនេះ ដែលដឹងខ្លួនឯងច្បាស់ ក៏បានចេញមុខបកស្រាយទៅវិញភ្លាមៗ ដើម្បីឲ្យអ្នករិះគន់បានភ្លឺភ្នែកថា «រឿងអត់លុយ គឺទៅមិនរួចទេ បើចង់ការវិញ គឺចង់ពេលណាក៏បាន ពោលគឺត្រឹមប្រពន្ធមួយ ទោះថ្លៃទឹកដោះត្រឹម ២ ទៅ ៣ ពាន់ដុល្លារ និងសូម្បី១ម៉ឺនដុល្លារ ក៏ហ៊ានឲ្យដែរ តែមិនទាន់គិតទេ ព្រោះនៅមាននិស្ស័យនឹងភេទជាអ្នកបួសនៅឡើយ។
យ៉ាងណាមិញ ងាកមកចាប់អារម្មណ៍នឹងការកម្សាន្តអារម្មណ៍វិញ អន្ទិត ឡុង ចន្ថា នាពេលនេះ ឃើញថាកំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងមិនចាញ់គ្រានៅបួសនោះទេ បន្ទាប់ពីបានឡាយវីដេអូ អាចច្រៀងបទចម្រៀងច្រើនបទជាប់ៗគ្នា និងពិរោះមិនចាញ់តារាចម្រៀងអាជីពប៉ុន្មាននោះទេ។ ជាក់ស្តែងថ្មីៗនេះ អន្ទិត ឡុង ចន្ថា ខណៈទៅចូលរួមមង្គលការមួយ ត្រូវគេអញ្ជើញឲ្យឡើងឆាកតន្ត្រី ទទួលបានការទះដៃគាំទ្រ ពីភ្ញៀវកិត្តិយសចូលរួមពិធីមង្គលការ មិនស្ទើរនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង