ស្ថានទូតខ្មែរ-បាងកក៖ ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានស្នើសុំក្រុមហ៊ុនអាកាសចរ Thai Airways ជួយសហការលក់ផលិតផលប្រណិតខ្មែរ (Premium Products) នៅលើយន្តហោះ Thai Smile ដែលគ្រោងនឹងបើកដំណើរការប្រចាំថ្ងៃ ដើម្បីដឹកជញ្ជូនភ្ញៀវទេសចរពីប្រទេសកម្ពុជា-ឡាវ-វៀតណាម នៅក្នុងដើមខែកក្កដា ខាងមុខ។
ឯកឧត្តមឯកអគ្គរាជទូត បានលើកសំណើនេះឡើង នាឱកាសជួបពិភាក្សាជាមួយប្រតិភូក្រុមហ៊ុន Thai Airways (Thai Smile) ដឹកនាំដោយលោក Viset Sontichai នាយកផ្នែកពាណិជ្ជកម្ម កាលពីរសៀលថ្ងៃចន្ទ ទី២៥ ខែមករា ឆ្នាំ២០២១ នៅស្ថានឯកអគ្គរាជទូតកម្ពុជា នាទីក្រុងបាងកក។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូក សោភ័ណ បានជម្រាបជូនប្រតិភូក្រុមហ៊ុន Thai Airways អំពីកិច្ចប្រឹងប្រែងរបស់ស្ថានទូត ក្នុងការអនុវត្តការទូតសេដ្ឋកិច្ចដែលផ្តោតសំខាន់លើវិស័យពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍ ព្រមទាំងវឌ្ឍនភាពនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ដែលគិតមកទល់ថ្ងៃនេះ គឺពុំទាន់មានអ្នកបាត់បង់ជីវិតដោយសារជំងឺនេះឡើយ។
ជាការឆ្លើយតប លោក Viset Sontichai និងសហការី បានទទួលយកសំណើ ឯកឧត្តមឯកអគ្គរាជទូត និងបានសន្យាបន្តធ្វើការជាមួយការិយាល័យអនុព័ន្ធពាណិជ្ជកម្មអមស្ថានទូត ដើម្បីរៀបចំបញ្ជីផលិតផលប្រណិតខ្មែរ ព្រមទាំងផ្សព្វផ្សាយសេវាកម្មជើងហោះហើររបស់ក្រុមហ៊ុន Thai Airways ជូនធុរជន និងភ្ញៀវទេសចរ នៅក្នុងប្រទេសកម្ពុជា និងថៃឡង់ដ៏៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ