ភ្នំពេញ៖មានឈ្មោះជាម្ដាយតែចិត្តអប្រិយ យកកាំបិតកាប់កូនស្រីចុងរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤និង២០នាទីល្ងាច ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅភូមិប៉ប្រក់ខាងជើង សង្កាត់កាកាបទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
កូនស្រីចុងហើយត្រូវជាជនរងគ្រោះមិនដឹងឈ្មោះអ្វីឲ្យពិតប្រាកដនោះទេ តែលឺម្ដាយចុងហៅឈ្មោះថា ស្រីពេជ្រ ភេទស្រី អាយុប្រហែល២០ឆ្នាំជាង រស់នៅកន្លែងកើតហេតុខាងលើ មុខរបរនៅផ្ទះ។ ចំណែកជនបង្កត្រូវជាម្ដាយចុងមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។
ប្រភពព័ត៌មានពីស្ដ្រីម្នាក់ សូមមិនបញ្ចេញឈ្មោះបានប្រាប់ អង្គភាពសារព័ត៌មានCEN ថា ស្ដ្រីខាងលើដែលត្រូវជាម្តាយចុងជនរងគ្រោះ តែងតែប្រើហឹង្សាសារវាយធ្វើបាបស្ទើររាល់ថ្ងៃច្រើនឆ្នាំខែមកហើយ តែមិនដែលមាននាក់ណាម្នាក់ហ៊ានជួយនោះទេ បានត្រឹមតែអាណិតអាសូរនារីរងគ្រោះតែប៉ុណ្ណោះ ទើបមកដល់ថ្ងៃកើតហេតុខាងលើ ដោយស្ដ្រីជាម្ដាយចុងដល់ថ្នាក់យកកាំបិតមកកាប់នារីរងគ្រោះចាំក្បាល ហូរឈាមស្រោចពេញខ្លួនរងរបួសធ្ងន់បែបនេះ ប្រជាពលរដ្ឋឃើញទង្វើអាក្រក់របស់ម្ដាយចុងមួយនេះ មួយថ្ងៃទៅមួយថ្ងៃកាន់តែអាក្រក់ឡើងៗ ទើបបានរាយការណ៍ប្រាប់សមត្ថកិច្ច មកចុះជួយអន្តរាគមន៍តែម្ដង។
ប្រភពបន្តទៀតថា ចំពោះមូលហេតុដែលធ្វើឲ្យស្ដ្រីជាម្ដាយចុង យកកាំបិតកាប់នារីរងគ្រោះបណ្ដាលរងរបួសធ្ងន់ មិនទាន់ដឹងមូលហេតុពិតប្រាកដនោះទេ តែបានត្រឹមដឹងថាមុនពេលកើតហេតុ នារីរងគ្រោះអង្គុយធ្វើត្រីសុខៗ ស្រាប់តែម្ដាយចុងស្ទុះទៅឆក់យកកាំបិតពីដៃនារីរងគ្រោះ ដែលកំពុងធ្វើត្រីមកកាប់ចំក្បាល
ហូរឈាមពេញខ្លួនតែម្ដង តែដោយឃើញសភាពមានឈាមខ្លាំងពេក ទើបម្ដាយចុងដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យៗ។
ករណីខាងលើនេះ បងប្អូនប្រជាពលរដ្ឋនៅចំណុចទីតាំងកន្លែងកើតហេតុ ក៏បានសំណូមពរដល់សមត្ថកិច្ច ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ សូមមេត្តាជួយក្មេងស្រីរងគ្រោះផង។
ចំពោះករណីខាងលើ បើសិនមានចំណាត់ការពីសមត្ថកិច្ច យ៉ាងណាក្រុមការងារ នឹងធ្វើការផ្សាយបន្តទៀត៕ រក្សាសិទ្ធិដោយ៖មីដា