ស្ត្រីជាអ្នកថែរក្សាសួនកុមារវ័យចំណាស់ម្នាក់ ថ្មីៗនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង នៅក្នុងប្រទេសចិន បន្ទាប់ពីគេបានប្រទះឃើញគាត់កំពុងជិះ Toy Scooter នៅលើផ្លូវធំមួយយ៉ាងរំភើយ។
យោងតាមសារព័ត៌មាន MailOnline បានឲ្យដឹងថា ស្ត្រីចំណាស់នោះដែលមានឈ្មោះ Hou អាយុ ៧៦ ឆ្នាំ ត្រូវបានគេថតកំពុងជិះតុក្កតាអគ្គិសនីសម្រាប់កូនក្មេង នៅលើដងផ្លូវក្នុងទីក្រុង។
នៅក្នុងវីដេអូដែលត្រូវបានថតដោយអ្នកមើល នោះដូនចាស់រូបនេះ អាចត្រូវបានឃើញកំពុងជិះយ៉ាងស្រួល នៅលើដងផ្លូវ។ វីដេអូនេះបានរីករាលដាលយ៉ាងលឿន បន្ទាប់ពីត្រូវបានគេបង្ហោះឡើងលើបណ្តាញសង្គម ហើយក៏ត្រូវបានចាប់អារម្មណ៍ពីសំណាក់អាជ្ញាធរផងដែរ។
នៅពេលប៉ូលិសក្នុងតំបន់សួរនាំ លោកយាយ Hou បានប្រាប់ឲ្យដឹងថា គាត់ធ្វើការជាអ្នកមើលកុមារៗជិះលេងកម្សាន្ត នៅក្នុងឧទ្យានជួលតុក្កតាអគ្គិសនីជិះលេងមួយកន្លែង។
លោកយាយ Hou បានពន្យល់ថា គាត់ឈឺជើងជាយូរមកហើយៗ ពឹងផ្នែកទៅលើកូនប្រុសរបស់គាត់ ដែលតែងមកយកគាត់ទៅផ្ទះ បន្ទាប់ចប់ការងារ។ ប៉ុន្តែ នៅថ្ងៃនោះ ដោយសារកូនប្រុសរបស់គាត់ជាប់រវល់មិនបានមកយក ជាហេតុធ្វើឲ្យគាត់សម្រេចចិត្តជិះស្កុតតឺទៅផ្ទះតែម្តងទៅ។ លោកយាយ Hou ក៏បានបញ្ជាក់ហេតុផលមួយថា ផ្ទះរបស់គាត់ក៏មិនឆ្ងាយពីកន្លែងធ្វើការប៉ុន្មាន ហើយណាមួយចរាចរណ៍នៅពេលយប់ ក៏រាងស្បើយផងដែរ។
តែទោះយ៉ាងណា បន្ទាប់ពីប៉ូលិសបានធ្វើការណែនាំអំពីសុវត្ថិភាពនៅលើដងផ្លូវ ដូនចាស់រូបនេះ ក៏បានសន្យានឹងឈប់តុក្កតាកូនក្មេង នៅលើដងផ្លូវបែបនេះទៀតហើយ។
អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន បានយល់ឃើញថា ករណីរបស់លោកយាយ Hou មើលទៅពិតគួរឱ្យស្រឡាញ់ណាស់ ប៉ុន្តែ អ្នកផ្សេងទៀត ក៏បានសម្តែងនូវការព្រួយបារម្ភអំពីសុវត្ថិភាពរបស់អ្នកជិះវ័យចំណាស់រូបនេះ ជាមួយនិងអ្នកធ្វើដំណើរផ្សេងទៀត នៅលើដងផ្លូវ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង