ប៉ុន្មានថ្ងៃមកនេះ ហាក់ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ជុំវិញរឿងរ៉ាវទាក់ទងនឹងអតីតបេក្ខនារី X Factor កញ្ញា លាង ចាន់ឡា ដោយរូបនាងបានស្រក់ទឹកភ្នែកគួរឲ្យអាណិត ខណៈរៀបរាប់ឲ្យដឹងពីស្ថានភាពជីវិតរបស់នាងបច្ចុប្បន្ន គឺមានការលំបាកខ្លាំងណាស់ ពោលគឺចាប់តាំងពីផ្ទុះវីរុសកូវីដ១៩ មក រូបនាងស្ទើរតែដាច់បាយ ព្រោះតែអត់មានការងារសិល្បៈ ខណៈម្តាយក៏ឈឺធ្ងន់ធ្ងរទៀត។
ជាមួយស្ថានភាពនេះ ចាន់ឡា ក៏បានលើកដៃសុំបណ្តាម្ចាស់ហាង ឬ ភោជនីយដ្ឋាន ឬ ផលិតកម្មផ្សេងៗ មេត្តាអនុញ្ញាតទទួលយកហៅនាងទៅច្រៀងផង ដើម្បីនាងបានប្រាក់យកទៅព្យាបាលជំងឺម្តាយនៅឯស្រុក និងក៏ដូចផ្តត់ផ្គងសម្រាប់ខ្លួនឯងខ្លះឲ្យបានតែមួយរស់ៗ គឺនាងត្រេកអរណាស់ហើយ។
យ៉ាងណាមិញ ក្រោយពីបានឃើញ អតីតបេក្ខនារី X Factor រូបនេះបញ្ជាក់ថា នាងដាច់បាយ គ្មានលុយបង់ថ្លៃបន្ទប់ជួល ហើយម៉ូតូក៏ត្រូវលក់អត់ទៀត ដោយសារព្យាបាលជំងឺធ្ងន់ធ្ងររបស់ម្តាយ ភ្លាមៗនោះ លោក ផែង វណ្ណៈ ក៏បានបង្ហោះដាក់ទៅកាន់មនុស្សមួយចំនួនឡើងចុកៗថា៖ «បន្ទាប់ពីពួកអាយកមុខ មីយកមុខ បានយកនាងទៅធ្វើអាជីវកម្ម ដើម្បីប្រយោជន៍របស់ពួកវារួច ទីបំផុត ក្មួយស្រីរងទុក្ខវេទនាដដែល។ បងប្អូនណាស្គាល់លេខនាង ឬ គ្រួសារនាង ប្រាប់ខ្ញុំ ខ្ញុំឧបត្ថម្ភនាងខ្លះ សូមអរគុណ»។
បន្ទាប់មកទៀត លោក ផែង វណ្ណៈ ក៏បានបង្ហោះប្រាប់បងប្អូននៅក្នុងបណ្តាញសង្គមបានដឹងថា៖ «ឃើញគេផ្សាយថា គាត់កំពុងខ្វះខាតខ្លាំងត្រូវការជំនួយ ខ្ញុំចង់ជួយគាត់ខ្លះ មានបងប្អូនឲ្យលេខគាត់០៦៦ ៧១៣ ៩០០ ខ្ញុំទូរស័ព្ទទៅ៤ដង ចុចបិតរហូត ។ ដូច្នេះខ្ញុំអត់ដឹងទាក់ទងតាមណាទេ?»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង