ខេត្តកំពង់ស្ពឺ ៖ នៅរសៀលថ្ងៃចន្ទ ទី២៥ ខែមករា ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តកំពង់ស្ពឺ ដោយមានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅផ្សារអង្គមេត្រី ដែលស្ថិតនៅឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។
ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញទំនិញហួសកាលបរិច្ឆេទការប្រើប្រាស់មានដូចជា៖ នំក្មេង ភេសជ្ជៈ និងចាហួយក្មេងសរុបចំនួន ១០០.២គីឡូក្រាម។ បន្ទាប់មក មន្ត្រីសាខា ក.ប.ប. ខេត្តកំពង់ស្ពឺ បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោល។ ក្នុងឱកាសនោះ មន្ត្រីជំនាញក៏បានពន្យល់ផ្សព្វផ្សាយអប់រំណែនាំដល់អាជីវករ ឱ្យយល់ដឹងអំពីច្បាប់ស្តីពីការគ្រប់គ្រង គុណភាព សុវត្ថិភាព លើផលិតផលទំនិញនិងសេវា រួមជាគ្នានោះដែរមន្ត្រីសាខាបានចែក និងបិទផ្ទាំងរូបភាពផ្សព្វផ្សាយ (Poster) ចំនួន ១០០ផ្ទាំងផងដែរ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ