ភ្នំពេញ ៖ រថយន្តម៉ាកព្រូសមួយគ្រឿង បើកបក្នុងល្បឿនលឿនបានរេចង្កូតមកបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់អស់មួយកង់។ ចំណែកតៃកុងរថយន្តបង្កវិញរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ កើតឡើងនៅវេលាម៉ោង ៣ និង ២០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញរថយន្តបង្កខាងលើម៉ាក ព្រូស មួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2-AY 2601 ធ្វើដំណើរតាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតជ្រុលទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់អស់មួយកង់។ ចំណែកឯរថយន្តរងការខូចខាតផ្ទៃខាងមុខស្ទើរទាំងស្រុងទៅមុខលែងរួច។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងជំនាញចរាចរណ៍ខណ្ឌដូនពេញ ចុះមកដល់រួចបានប្រគល់
តួនាទីនេះទៅឲ្យខាងចរាចរណ៍ជំនាញក្រុង ចុះមកវាស់វែងយករថយន្តស្ទូចមកស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងចរាចរណ៍ក្រុង រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖សា មេត