កំពង់ចាម៖ ក្រុមការងារព័ត៌មាន និងប្រិត្តិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ត កំពង់ចាម សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងពិសេសបណ្តាញទំនាក់ទំនងសង្កមជ្រាប ថា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២១ វេលាម៉ោង១១ និង០០នាទី បន្ទាប់ពីទទួលបានព័ត៌មានពីគេហទំព័រសារព័ត៌មាន លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកងមាស , ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកុយ ដឹកនាំដោយ លោកវរសេនីយ៍ឯក ជា ជួន អធិការនគរបាលស្រុកកងមាស និងអាជ្ញាធរមូលដ្ឋាន ចុះធ្វើការស្រាវជ្រាវបង្ក្រាប ទីតាំងលួចលេងល្បែងសុីសងខុសច្បាប់ (ជល់មាន់ភ្នាល់ដាក់លុយ ) ស្ថិតនៅចំណុចមេទឹកស្រង៉ែ ខាងក្រោយភូមិគោហ៊េ ដែលមានចម្ងាយប្រហែល ២០០០ម៉ែត្រ ស្ថិតក្នុងឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ។
នៅពេលដែលកម្លាំងសមត្ថកិច្ច ចុះទៅដល់ទីតាំងខាងលើ ពុំមានឃើញមានសកម្មភាពក្រុមអ្នកញៀនល្បែងស៊ីសង លេងបៀ អាប៉ោង ឬ ជល់មាន់នោះឡើយ ប៉ុន្តែបានរកឃើញមានស្បៃមុង និងស៊ុមសម្រាប់ក្រុងមាន់ចំនួន០៣។ វត្ថុតាងទាំងនេះត្រូវបានសមត្ថកិច្ចប្រមូលយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកងមាស ដើម្បីស្រាវជ្រាវបន្ត ។
ផ្អែកតាមការពិនិត្យស្ថានភាពទីតាំងល្បែងជល់មាន់នេះ សមត្ថកិច្ចអាចសន្និដ្ឋានបានថា ជាកន្លែងដែលក្រុមអ្នកញៀនល្បែងណាត់ជួបគ្នាប្រជល់មាន់ក្នុងទ្រោងទ្រាយតូចតាច (មួយ ឬ ពីរគូ) និងចល័តក្នុងភូមិសាស្ត្រឃុំ ស្រុកខាងលើប៉ុណ្ណោះ មិនមែនជាសង្វៀនជល់មាន់ទ្រោងទ្រាយធំនោះទេ។
ដោយឡែក ចំពោះឈ្មោះ ធារ៉ា ដែលត្រូវបានសារព័ត៌មាន ចុះផ្សព្វផ្សាយថា ជាម្ចាស់សង្វៀនជល់មាន់ ខាងលើនោះ សមត្ថកិច្ចនគរបាលបានធ្វើការស្រាវជ្រាវ និងដោយមានការបំភ្លឺបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានថា ឈ្មោះ ធារ៉ា មិនមែនជាប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ឃុំព្រែកកុយ នោះឡើយ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដោយមានអធិការដ្ឋាននគរបាលស្រុកកងមាស និងប៉ុស្តិ៍នគរបាលរដ្ឋបាលជាសេនាធិការ នឹងធ្វើការស្រាវជ្រាវកំណត់អត្តសញ្ញាណមុខសញ្ញាខាងលើ ក៏ដូចជាចាត់តាំងកម្លាំងជំនាញបន្តល្បាតត្រួតពិនិត្យក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ពិសេសចំណុចទីតាំងដែលសារព័ត៌មានបានបញ្ជាក់ខាងលើ និងចាត់វិធានការអនុវត្តជំនាញ បង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។
លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម សូមថ្លែងអំណរគុណចំពោះបណ្តាសារព័ត៌មាន សាធារណជន និងបណ្តាញទំនាក់ទំនងសង្គម ដែលតែងតែសហការផ្ដល់ព័ត៌មានមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់តាំងអនុវត្តជំនាញ បង្ការ ទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទបានទាន់ពេលវេលា ពិសេសបានចូលរួមចំណែកក្នុងការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ