ភ្នំពេញ៖ ចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ការហ៊ុមព័ទ្ធការដ្ឋានដើម្បីជួសជុលស្ពានព្រះមុនីវង្សចាស់ ការដ្ឋានជួសជុលបង្កាន់ដៃស្ពាន ផ្លូវថ្មើរជើង និងអ៊ុតកៅស៊ូលើស្ពាន គឺអនុវត្តម្តងមួយចំហៀងនៃតួស្ពាន។ ទំហំតួផ្លូវព្រះមុនីវង្សចាស់សរុបប្រវែងទទឹង ១១ ម៉ែត្រ។ ការហ៊ុមព័ទ្ធការដ្ឋានដើម្បីជួសជុលអស់ប្រវែង ៣ម៉ែត្រ នៃទំហំតួផ្លូវប្រវែង ១១ម៉ែត្រ។ នៅសល់ទំហំទទឹងប្រវែង ៨ ម៉ែត្រ បងប្អូនប្រជាពលរដ្ឋ អាចធ្វើចរាចរបានជាធម្មតា។ សូមជូនពរបងប្អូនមានសុវត្ថិភាពក្នុងការធ្វើដំណើរ ។
រដ្ឋបាលខណ្ឌច្បារអំពៅសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលត្រូវធ្វើដំណើរ ឆ្លងកាត់ ស្ពានព្រះមុនីវង្សចាស់មេត្តាជ្រាបថា ៖ រដ្ឋបាលរាជធានីភ្នំពេញនឹងអនុវត្តគម្រោងជួសជុលបង្កាន់ដៃស្ពានផ្លូវថ្មើរជើងនិងអ៊ុតកៅស៊ូតួស្ពានចាប់ពីព្រឹក ថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២១នេះតទៅ ។
អាស្រ័យដូចបានជម្រាបជូនដំណឹងខាងលើ សូម បងប្អូនប្រជាពលរដ្ឋ ទាំងអស់មេត្តាជ្រាប និង យោគយល់ អធ្យាស្រ័យ នៅក្នុង កំឡុងពេល នៃ ដំណើរការ ការដ្ឋានជួសជុលស្ពានព្រះមុនីវង្សចាស់នេះដោយក្តីអនុគ្រោះ ។
ស្ពានព្រះមុនីវង្សគឺជាស្ពានមួយនៅភ្នំពេញដែលមានចរាចរណ៍មមាញឹក ។
នៅ ព្រឹកនេះ គឺថ្ងៃទី២៧ខែមករាឆ្នាំ២០២១ចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ១តំបន់ច្បារអំពៅនិងនៅលើស្ពានព្រះមុនីវង្សចាស់.ថ្មីដោយចរាចរណ៍មានការមមាញឹកជាខ្លាំងគឺបណ្ដាលឲ្យមានការកកស្ទះពេញផ្លូវដោយបើកទៅមុខមិនរួចថយក្រោយមិនរួចគឺយានយន្តគ្រប់ប្រភេទមិនអាចវិលកង់បានលឿនដូចបំណងអ្នកបើកបរឡើយ។តែមិនថ្វីនោះទេគឺពេលនេះក្រុមសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានខណ្ឌច្បារអំពៅបានបញ្ចេញកម្លាំងចុះសម្របសម្រួលការកកស្ទះចរាចរណ៍ខាងលើនេះផងដែរ។
លោកពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១បានប្រាប់ឲ្យដឹងថាមូលហេតុដែលបណ្ដាលកកស្ទះចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ១តំបន់ច្បារអំពៅនិងលើស្ពានព្រះមុនីវង្សចាស់.ថ្មីនាសព្វថ្ងៃនេះគឺដោយសារកត្តាយានយន្តច្រើននិងការធ្វើដំណើរបត់ឆ្វេងដៃផងដែរ។ រីឯសមត្ថកិច្ចប៉ូលិសចរាចរណ៍ខណ្ឌច្បារអំពៅដែលឈរជើងប្រចាំការសម្របសម្រួលចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ១បាននិយាយស្រដៀងលោកចៅសង្កាត់ច្បារអំពៅទី១ដែរ ចំពោះបញ្ហាកកស្ទះចរាចរណ៍នាសព្វថ្ងៃហើយលោកបន្តទៀតមូលបណ្ដាលកកស្ទះចរាចរណ៍រៀងរាល់ថ្ងៃពិសេសនៅពេលព្រឹកល្ងាចគឺកត្តាយានយន្តច្រើននិងនៅច្បារអំពៅមានបុរីនិងផ្ទះល្វែងច្រើនពោលគឺគ្រាន់តែបុរីមួយនៅតាមដងផ្លូវជាតិលេខ១មួយព្រឹកឡានចេញមិនទាន់អស់ផងតែមិនថ្វីនោះទោះបីកកស្ទះចរាចរណ៍មមាញឹកយ៉ាងណាក្ដីក៏ក្រុមសមត្ថកិច្ចខិតខំសម្របសម្រួលនៃការកកស្ទះចរាចរណ៍នេះឲ្យបានល្អប្រសើរផងដែរ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ