ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) បានប្រកាស “ការដាក់ឱ្យដំណើរការជាផ្លូវការ ប្រព័ន្ធរីធែលផេ” ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច តាមរយៈការផ្តល់នូវការទូទាត់ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងជាឧបករណ៍ទូទាត់ដោយរហ័ស សម្រាប់ការទូទាត់ពាណិជ្ជកម្ម។
ការប្រកាសដាក់ឱ្យដំណើរការនេះ ធ្វើឡើងដោយមានការអញ្ជើញចូលរួមពីលោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ឯកឧត្តម បណ្ឌិត ផាក ហ៊ឹងខ្យង់ (Park Heung-kyeong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា និង លោក នោ ហ្យន់ជូន (Rho HyunJun) ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA)ប្រចាំនៅកម្ពុជា តំណាងមកពីសមាគមធនាគារនៅកម្ពុជា តំណាងមកពីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងធនាគារ និងមីក្រូហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ KOICA។
សាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា បានព្រមព្រៀងធ្វើការរួមគ្នាលើគម្រោងការពង្រឹងប្រព័ន្ធទូទាត់ជាតិក្នុងប្រទេសកម្ពុជា ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២០ ដោយផ្តល់ជំនួយឥតសំណងចំនួន ៨ ០០០ ០០០ លានដុល្លារ (ប្រាំបីលានដុល្លារអាម៉េរិក) តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) សម្រាប់ការធ្វើផែនការ ការកំណត់អត្តសញ្ញាណ ការបញ្ជាក់ ការរចនា ការអនុវត្ត ការសាកល្បង និងការបង្កើតប្រព័ន្ធទូទាត់ចំនួន៣ រួមមាន ប្រព័ន្ធផ្ទេរមូលនិធិភ្លាមៗ(real-time fund transfer “RFT”) ប្រព័ន្ធទូទាត់ចល័ត(mobile payment system “MPS”) និងប្រព័ន្ធទូទាត់តាមរយៈQRកូដ (QR-code payment system “QPS”) ។ ទន្ទឹមនេះ វាក៏រួមបញ្ចូល ប្រព័ន្ធផាត់ទាត់អេឡិចត្រូនិក (electronic clearing system “ECS”) ផងដែរ។
លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ការប្រើប្រាស់ប្រព័ន្ធទូទាត់អេឡិចត្រូនិក Retail Pay បានផ្ដល់អត្ថប្រយោជន៍ជាច្រើន ដល់វិស័យធនាគារ និងអ្នកប្រើប្រាស់ ព្រោះប្រព័ន្ធទូទាត់នេះ ប្រើប្រាស់ដោយទូលំទូលាយ មានភាពងាយស្រួល និងប្រើប្រាស់បានពិសេសដល់អាជីវករ ប្រកបអាជីវកម្មផ្សេងៗ។
លោកស្រី ជា សិរី បានឲ្យដឹងថា «ការប្រើប្រាស់ប្រព័ន្ធទូទាត់អេឡិចត្រូនិក Retail Pay ផ្ដល់អត្ថប្រយោជន៍ច្រើន ទាំងវិស័យធនាគារ និងអតិថិជន ការទូទាត់តាម Retail Pay អាចគ្រប់គ្រង់អំពីចំណូលចំណាយរបស់ខ្លួនបាន។ ចំណែកឯសម្រាប់ធនាគារនឹងងាយស្រួល ក្នុងការដឹងព័ត៌មានពី អតិថិជនរបស់ខ្លួន។ ដូច្នេះហើយបានជាធនាគារជាតិនៃកម្ពុជា ជំរុញឲ្យមានការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិក ក្នុងការទូរទាត់ ឬចំណាយ»។
លោកស្រីបានបន្ថែមថា ការប្រើប្រាស់ប្រព័ន្ធទូទាត់អេឡិចត្រូនិក មានភាពងាយស្រួល ជាងការចាយវាយជាក្រដាស់ប្រាក់ព្រោះថា ការចាយក្រដាស់ប្រាក់ហុចពី ដៃមួយទៅដៃមួយ ធ្វើឲ្យមានមេរោគកខ្វក់ជាប់ក្រដាស់ប្រាក់ និងគ្មានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ ជាស្ដែងដូចក្នុងបរិបទនៃជំងឺកូវីដ១៩នេះ។ មួយវិញទៀតការផលិតក្រដាស់ប្រាក់មានតម្លៃថ្លៃ ពិបាកក្នុងការប្រមូលក្រដាស់ប្រាក់ចាស់ៗមកវិញ និងជំនួសដោយក្រដាស់ប្រាក់ថ្មី។
លោកស្រី បន្ថែមថា «អត្ថប្រយោជន៍ផ្ដល់ជូនទាំងអតិថិជន និងធនាគារជាតិនៃកម្ពុជា ព្រមទាំងធនាគារ និងគ្រឹះស្ថានផ្សេងៗទៀត។ ចំណេញសម្រាប់ធនាគារជាតិត្រង់ថា ការបោះផ្សាយការចំណាយទាប ចំណែកឯចំណេញសម្រាប់ធនាគារ និងគ្រឹះស្ថានផ្សេងត្រង់ ស្គាល់អតិថិជនរបស់ខ្លួនកាន់តែច្បាស់។ ដូច្នេះការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិក «បាគង់» និង Retail Pay ឬប្រព័ន្ធផ្សេងៗគឺផ្ដល់ភាពចំណេញច្រើន»។
សូមជម្រាបថា កន្លងមកធនាគារជាតិនៃកម្ពុជា ធ្លាប់បានដាក់ឲ្យប្រើប្រាស់ប្រព័ន្ធទូទាត់ តាមអេឡិចត្រូនិកនេះឈ្មោះថា «បាគង» ដើម្បីកុំឲ្យយល់ច្រឡំរវាងប្រព័ន្ធទូទាត់តាមអេឡិចត្រូនិក បាគង និង Retail Pay លោកស្រី ជា សិរី បានពន្យល់យ៉ាងក្បោះក្បាយថា៖ ប្រព័ន្ធបាគង ជាការផ្ទេរប្រាក់ ពីកាបូបលុយអេឡិចត្រូនិកមួយទៅមួយទៀត។ ប្រព័ន្ធបាគង អាចឲ្យក្រុមហ៊ុនផ្ទេរប្រាក់នានាអាចក្លាយជា សមាជិកបានដោយសារតែ ការប្រើប្រាស់តាមកាបូបលុយអេឡិចត្រូនិក ។ប្រព័ន្ធបាគង អតិថិជនអាចប្រើប្រាស់បានលុះត្រាតែមានទូរស័ព្ទទំនើបៗ។
ចំណែកប្រព័ន្ធ Retail Pay គឺផ្ទេរផ្ទាល់ពីគណនីក្នុងធនាគារមួយទៅគណនីធនាគារមួយទៀត។ Retail Pay មិនអនុញ្ញាតឲ្យក្រុមហ៊ុនផ្ទេរប្រាក់នានា ក្លាយជាសមាជិកខ្លួនបានឡើយ ព្រោះមិនអាចបើកគណនីសន្សំបាន។Retail Pay អតិថិជនអាចប្រើប្រាស់បានដោយសេរី ទោះបីគ្មានទូរស័ព្ទដៃទំនើបក៏ដោយ។
ប្រព័ន្ធទូទាត់ថ្មី ឬ “ប្រព័ន្ធរីធែលផេ” ត្រូវបានបង្កើតឡើង ក្រោមការផ្តល់ជំនួយឥតសំណងពី KOICA គឺជាហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុដ៏សំខាន់ ដែលដើរតួយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច តាមរយៈការផ្តល់នូវការទូទាត់ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងជាឧបករណ៍ទូទាត់ដោយរហ័ស សម្រាប់ការទូទាត់ពាណិជ្ជកម្ម។
លើសពីនេះទៀត ធនាគារជាតិនៃកម្ពុជា បាននិងកំពុងធ្វើការលើការអភិវឌ្ឍ ប្រព័ន្ធរីធែលផេ ដែលជាអាទិភាពមួយដើម្បីកាត់បន្ថយការប្រើប្រាស់សាច់ប្រាក់ និងជំរុញការប្រើប្រាស់ការទូទាត់តាមអេឡិចត្រូនិកក្នុងសេដ្ឋកិច្ច ក៏ដូចជាជំរុញការដាក់បញ្ចូលហិរញ្ញវត្ថុ ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាលកម្ពុជា៕
រក្សាសិទ្ធិដោយ៖CEN