ភ្នំពេញ ÷ សូមបងប្អូនប្រជាពលរដ្ឋកុំយល់ច្រឡំថា ការជួសជុលបង្កាន់ដៃស្ពាននិងផ្លូវថ្មើរជើងលើស្ពានព្រះមុនីវង្សចាស់ អាជ្ញាធរបិទផ្លូវទាំងស្រុងលើស្ពាននេះឲ្យសោះ ដ្បិតនៅ ព្រឹកថ្ងៃ ២៧ ខែមករា ឆ្នាំ២០២១នេះ រដ្ឋបាលខណ្ឌច្បារអំពៅចាប់ហ៊ុមព័ទ្ធការដ្ឋានជួសជុលស្ពានព្រះមុនីវង្សចាសន់នេះក៏ដោយ ប៉ុន្តែពលរដ្ឋនៅតែអាចធ្វើដំណើរបាននៅផ្នែកមួយចំហៀងទៀត ដោយអាជ្ញាធរបានរក្សាទុកទំហំ ៨ម៉ែត្រ។
លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានបញ្ជាក់នៅព្រឹកថ្ងៃ ២៧ ខែមករា ឆ្នាំ២០២១នេះ ថា ការដ្ឋានជួសជុលបង្កាន់ដៃស្ពាន ផ្លូវ ថ្មើរជើង និងអ៊ុតកៅស៊ូលើស្ពាន គឺ អនុវត្តម្តងមួយចំហៀងនៃតួស្ពាននោះទេ ពោលគឺមិនបានបិទទាំងស្រុងនៅឡើយ គឺទំហំតួផ្លូវនៃស្ពាន ព្រះមុនីវង្សចាស់សរុប ប្រវែងទទឹង ១១ម៉ែត្រ ហើយការហ៊ុមព័ទ្ធការដ្ឋានដើម្បីជួសជុល បានកំណត់យកប្រវែង ៣ ម៉ែត្រប៉ុណ្ណោះ ដូច្នេះនៅសល់ ទំហំ ទទឹង ប្រវែង ៨ ម៉ែត្រទៀត ទុកសម្រាប់ឱ្យបងប្អូន ប្រជាពលរដ្ឋអាចធ្វើចរាចរណ៍បានជាធម្មតា ។
គួរបញ្ជាក់ថា កាលពី ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២១ នេះ រដ្ឋបាលខណ្ឌច្បារអំពៅ បានចេញសេចក្តីជូនដំណឹងស្តីពីការហ៊ុមព័ទ្ធ ការដ្ឋានជួសជុលស្ពានព្រះមុនីវង្សចាស់ និង សូមបងប្អូនប្រជាពលរដ្ឋ ទាំងអស់ យោគយល់អធ្យាស្រ័យ នៅក្នុងអឡូងពេល នៃ ដំណើរការការដ្ឋានជួសជុលស្ពាន ព្រះមុនីវង្សចាស់នេះ ដោយក្តីអនុគ្រោះ ។
ស្ពាន ព្រះមុនីវង្សចាស់ ក្នុងរាជធានីភ្នំពេញ គឺជាស្ពានមួយដែលមានចរាចរណ៍មមាញឹក ។ ស្ពាននេះតភ្ជាប់ច្រាំងខាងលិច គេហៅថាតំបន់ក្បាលថ្នល់ ឆ្លងកាត់ទន្លេបាសាក់ ទៅកាន់ច្រាំងខាងកើតដែលមានផ្លូវជាតិលេខ ១ ជា ច្រកឆ្ពោះទៅខេត្តមួយចំនួន នៃ ភាគខាងកើត ប្រទេសក៏ដូចជា ទៅកាន់ប្រទេសវៀតណាម៕ រក្សាសិទ្ធិដោយ មីដា-ផាន់ណា