ជីវិតមនុស្សម្នាក់កើតមក ត្រូវតែមានការតស៊ូក្នុងឆាកជីវិត ព្រោះថា គ្មានអ្នកណាម្នាក់ទទួលបានភាពជោគជ័យ និងជីវិតភ្លឺស្វាង ដោយមិនឆ្លងកាត់ពីការតស៊ូព្យាយាម មិនថាតែចំពោះការងារអ្វីនោះទេ។
តួយ៉ាង ដូចជាប្អូនប្រុសម្នាក់នេះ ដែលមានរូបរាងស្រស់សង្ហា និងមុខមាត់ស្អាតដូចកូនចិន បានកំពុងធ្វើឲ្យគ្រប់គ្នានៅលើបណ្តាញសង្គម បង្ហាញអារម្មណ៍គួរឲ្យរំជួលចិត្ត និងកោតសរសើរជាខ្លាំង ចំពោះការចេះតស៊ូ និងដាក់ចិត្តដាក់កាយរបស់ប្អូនប្រុស ព្រោះតែមិនចង់ឲ្យឪពុកម្តាយលំបាក បានសុខចិត្តលាងចាន និងបម្រើការងារជាច្រើនទៀត នៅកន្លែងលក់បាយឌឿងហែមមួយកន្លែងក្បែរផ្សារសូរិយា ដើម្បីដូរបាយ៣ពេល និងស្នាក់នៅ បន្ទាប់ពីឡើងមកពីខេត្តបន្តសិក្សានៅទីក្រុងភ្នំពេញ។
នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Jessi Ca ដែលត្រូវជាម្តាយ បានបង្ហោះសំណេរមួយឃ្លាបង្កប់អត្ថន័យខ្លឹមសារដ៏ជ្រាលជ្រៅ សម្រាប់សិក្សានុសិស្សដែលខិតខំតស៊ូមករៀននៅឯទីក្រុងភ្នំពេញ ដោយខ្លះរៀនបណ្តើរ ឆ្លៀតធ្វើការងារនេះធ្វើការងារនោះរកលុយបណ្តើរ តាមដែលអាចធ្វើទៅបាន ដើម្បីជួយសម្រាលបន្ទុកឪពុកម្តាយ និងក៏ដូចទុកជាបទពិសោធន៍ចងចាំថា ជីវិតគឺវាមិនស្រូលនោះឡើយ។ ក្នុងនោះ ស្ត្រីជាម្តាយខាងលើ បានសរសររៀបរាប់យ៉ាងដូច្នេះថា៖ «ព្រោះតែបន្តការសិក្សានៅទីក្រុង! ធ្វើការដូរបាយបីពេលនិងការស្នាក់នៅ ! ខិតខំតស៊ូឡើងកូន ឪពុកម្តាយសង្ឃឹមលើកូនប្រុសតែម្នាក់នេះហើយ។ ជូនពរកូនសំណាងល្អក្នុងជីវិត»។
ក្រោយពីបានឃើញកូនប្រុសម្នាក់នេះ អីក៏ល្អយ៉ាងនេះ ចេះបត់បែនតាមពេលវេលារស់នៅ ក៏បានធ្វើឲ្យអ្នកលេងហ្វេសប៊ុកយ៉ាងច្រើន បានសម្តែងក្តីអាណិត និងការកោតសរសើរជាខ្លាំង ។ ក្នុងនោះ អ្នកខ្លះរហូតដល់និយាយថា៖ «អាណិតណាស់អ៊ី ខ្ញុំសុំលេខទូរស័ព្ទគាត់ទុកទាក់ទងទៅលើកទឹកចិត្តគាត់មួយបានទេ, ខំប្រឹងណា អត់លុយបង់សាលាប្រាប់ខ្ញុំ»។ លើសពីនេះផងដែរ ជាមួយរូបរាងដ៏ស្រស់សង្ហារបស់ប្អូនប្រុស ក៏បានធ្វើឲ្យនារីជាច្រើនលង់ស្នេហ៍មិនស្ទើរទេ ក្នុងនោះនារីម្នាក់ ក៏បាននិយាយបែបនេះថា៖ «បើនៅប៉ោយប៉ែតវិញ ឃើញមុខខ្ញុំរាល់ថ្ងៃហ្មង បើកូនអ៊ុំសង្ហាយ៉ាងហ្នឹង»។
តែយ៉ាងណា យោងតាមអ្នកខមិន យុវជនខាងលើនេះ ដែលត្រូវបានគេហៅឈ្មោះថា ម៉ិង ពុំមានជាកូនអ្នកក្រនោះទេ គឺគាត់ជាអ្នកកំពង់សោម ឡើងមកបន្តការសិក្សានៅភ្នំពេញ ហើយប្រហែលស្នាក់នៅផ្ទះអ៊ុំ និងជួយលក់បាយអ៊ុំ មិនថាការងារលាងចាននោះទេ ព្រោះថាម្តាយគាត់ក៏ជាអ្នកបាយនៅកំពង់សោមផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង