សៀមរាប៖ ថ្ងៃអង្គារ ទី២៧ ខែមករា ឆ្នាំ ២០២១ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានអញ្ជើញ ដឹកនាំកិច្ចប្រជុំបច្ចេកទេសស្ដីពីការតភ្ជាប់មុខតំណលូ និងបច្ចេកទេសសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីថា្នក់ដឹកនាំទទួលបន្ទុក តំណាងអង្គភាពសាងសង់ និងមន្ត្រីបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ផងដែរ។
កិច្ចប្រជុំនេះធ្វើឡើងគោលបំណងស្ដាប់មន្ត្រីជំនាញធ្វើបទបង្ហាញពីបច្ចេកទេសតភ្ជាប់មុខតំណលូញី-ឈ្មោលបញ្ចូលគ្នា បញ្ហាប្រឈមនានា និងក៏ជាវេទិកាសួរដេញដោល ឬចូលរួមជាមតិយោបល់ទាក់ទង នឹងបច្ចេកទេសតភ្ជាប់មុខតំណលូញី-ឈ្មោលបញ្ចូលគ្នា សំដៅឱ្យការតភ្ជាប់មុខតំណងលូធ្វើឡើងត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ប្រកបដោយគុណភាពខ្ពស់ និងជាប់រឹងមាំបានល្អ។
ឯកឧត្ដមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីសារសំខាន់នៃការតភ្ជាប់មុខតំណលូញី-ឈ្មោលត្រឹមត្រូវតាម បទដ្ឋានបច្ចេកទេស និងការប្រើប្រាស់សម្ភារប្រកបដោយគុណភាពខ្ពស់ស្របតាមសៀវភៅបន្ទុក និងកិច្ចសន្យាសាងសង់។
ឯកឧត្ដមទេសរដ្ឋមន្ត្រីបានសម្តែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងបំពេញការងារប្រកប ដោយទំនួលខុសត្រូវខ្ពស់របស់អង្គភាពសាងសង់នីមួយៗ និងបានផ្ដាំផ្ញើឱ្យក្រុមការងារទទួលបន្ទុក និងមន្ត្រីបច្ចេកទេសទាំងអស់បន្តសហការគ្នាឱ្យបានស្អិតរមួត ពិភាក្សារកចំណុចខ្លាំង និងចំណុចខ្សោយ ជាពិសេសរួមគ្នាពិភាក្សាស្វែងរកបច្ចេកទេសថ្មីៗ ដើម្បីឱ្យការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធលូមានគុណភាពកាន់តែខ្ពស់។
សូមជម្រាបជូនថា៖ នាថ្ងៃស្អែកទី២៨ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តមទេសរដ្ឋមន្ត្រីនឹងដឹកនាំក្រុមការងារ ដើម្បីអមដំណើរសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ