ភ្នំពេញ៖ ដោយសារជួបនូវវិបត្តិជំងឺកូវីដ-១៩ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិតែ ១.៣១ លាននាក់ប៉ុណ្ណោះ ដោយមានការថយចុះប្រមាណ ៨០% និងទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ ៩ លាននាក់ ថយចុះ ២០% បើធៀបនឹងឆ្នាំ២០១៩ កន្លងទៅ, នេះបើតាមការឱ្យដឹងរបស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
ការថ្លែងបែបនេះរបស់ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ត្រូវបានធ្វើឡើងនៅក្នុងឱកាសបើកវេទិកាជាតិអេកូទេសចរណ៍លើកទី២ ឆ្នាំ២០២១ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ សណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប ក្នុងនាមជាប្រធានក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ និងជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ឯកឧត្តមបណ្ឌិត ថោង ខុន បានថ្លែងយ៉ាងដូច្នេះថា «ទោះស្ថិតក្នុងបរិការណ៍ប្រឈមខាងលើ ដែលធ្វើឲ្យកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិត្រឹមតែប្រមាណ ១.៣១ លាននាក់ ក្នុងឆ្នាំ២០២០ ថយចុះ ៨០% ធៀបនឹងឆ្នាំ២០១៩»។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា សកម្មភាពទេសចរណ៍ផ្ទៃក្នុងបានបង្ហាញសញ្ញានៃការងើបឡើង ដោយយើងទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ ៩ លាននាក់ ថយចុះ ២០%។
ទោះជាយ៉ាងណា និន្នាការនេះបានជួយទ្រទ្រង់វិស័យទេសចរណ៍កម្ពុជាមួយផ្នែក ពិសេសបានជួយឲ្យមូលដ្ឋានអាជីវកម្មទេសចរណ៍មួយចំនួនបើកដំណើរការឡើងវិញ ស្របតាមវិធានសុវត្ថិភាពទេសចរណ៍ និងបានបង្កើតប្រាក់ចំណូលដោយផ្ទាល់ជូនប្រជាពលរដ្ឋមូលដ្ឋានផងដែរ។
សូមបញ្ជាក់ថា វិបត្តិនៃជំងឺកូវីដ-១៩ បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរជាសកល ទាំងអាយុជីវិរបស់មនុស្សជាតិ វិបត្តិសង្គម និងសេដ្ឋកិច្ចរបស់ពិភពលោក ក្នុងនោះប្រទេសកម្ពុជាក៏រងផលប៉ះពាល់ធ្ងន់ធ្ងរផងដែរ។ ក្រៅពីបង្កការឆ្លងរីករាលដាលដល់ប្រជាពលរដ្ឋ ផលប៉ះពាល់នៃជំងឺនេះក៏បង្កជាវិបត្តិដល់វិស័យមួយចំនួនផងដែរ ពិសេសគឺវិស័យការងារ និងវិស័យទេសចរណ៍ ដែលរងផលប៉ះពាល់ធ្ងន់ជាងគេ។ ដូច្នេះហើយទើបបានជារាជរដ្ឋាភិបាលសម្រេចបញ្ចេញកញ្ចប់ថវិកា និងចំណាត់ការគ្រប់រូបភាព ដើម្បីជួយទ្រទ្រង់ដល់វិស័យទាំងពីរនេះ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ