Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋមន្ត្រី​ទេសចរណ៍ រដ្ឋមន្ត្រី​កសិកម្ម និង​រដ្ឋមន្ត្រី​បរិស្ថាន ជំរុញ​គាំទ្រ​ឱ្យ​វិស័យ​ឯកជន​បង្កើន​ការរៀបចំ កញ្ចប់​ទស្សនកិច្ច​ទៅកាន់​តំបន់​សហគមន៍​

​សៀមរាប​៖ ក្រុមការងារ​អន្តរក្រសួង​គ្រប់គ្រង និង​អភិវឌ្ឍន៍​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍ ដែល​សមាសភាព​មកពី​ក្រសួងទេសចរណ៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួងបរិស្ថាន ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួនទៀត បាន​ជំរុញ​លើកទឹកចិត្ត និង​គាំទ្រ​ដល់​វិស័យ​ឯកជន ពិសេស​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ត្រូវ​បង្កើន​ការរៀបចំ​កញ្ចប់​ទស្សន​កិច្ច​ឱ្យបាន​ច្រើន​ទៅកាន់​តំបន់​សហគមន៍​នានា​នៅ​កម្ពុជា ដើម្បី​ចូលរួម​ជួយ​ដោះស្រាយ​ជីវភាព​ប្រជាពលរដ្ឋ​មូលដ្ឋាន ក្នុងដំណាក់កាល​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ និង​ក្រោយ​វិបត្តិ​នេះ​។​

​ការជំរុញ​ឱ្យមាន​សក​ម្ម​ភាព​ទេសចរណ៍​នៅតាម​សហគមន៍​នេះ ត្រូវបាន​ធ្វើឡើង​ក្នុងឱកាស​បើក​វេទិកា​ជាតិ​អេកូ​ទេសចរណ៍​លើក​ទី​២ នា​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១ នៅ​សណ្ឋាគារ​សុខា​អង្គរ ខេត្តសៀមរាប ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​ក្រុមការងារ​អន្តរក្រសួង​គ្រប់គ្រង និង​អភិវឌ្ឍ​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍ ក្នុងនាម​តំណាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ព្រមទាំង​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បាន​លើកឡើងថា កម្ពុជា​សម្បូរ​ទៅដោយ​សក្តានុពល​ធម្មជាតិ និង​អេកូ​ទេសចរណ៍​នៅ​ទូទាំងប្រទេស រាប់​ចាប់ពី​តំបន់ឆ្នេរ​សមុទ្រ​ដែលជា​សមាជិក «​ក្លិប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សាកលលោក​» តំបន់​ជួរ​ភ្នំក្រវាញ រួមបញ្ចូល​ទាំង​តំបន់​អា​រ៉ែ​ង តំបន់​បឹង​ទន្លេសាប និង​តំបន់​ភូមិភាគ​ឦសាន​ដែលមាន​សត្វ​ផ្សោត​ដ៏​កម្រ​ជាដើម​។ ក្នុងន័យនេះ ការអភិវឌ្ឍ​ជា​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍ ពិតជា​បានរួម​ចំណែក​សំខាន់​ក្នុងការ​អភិវឌ្ឍ​នៅតាម​មូលដ្ឋាន ជាពិសេស​ជំរុញ​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​ដំណើរការ​នៃ​ការអភិវឌ្ឍ​ប្រទេសជាតិ តាមរយៈ​ការផ្តល់​សិទ្ធិអំណាច​ជូន​ពួកគាត់​ក្នុងការ​រៀបចំ​ចាត់ចែង និង​អភិវឌ្ឍន៍​សហគមន៍រ​បស់​ខ្លួន​ដោយផ្ទាល់ (Local Empowerment)​។​

​ក្នុងដំណាក់កាល​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ចលនា​ទេសចរណ៍​ផ្ទៃក្នុង​ទៅកាន់​តំបន់​អេកូ​ទេសចរណ៍ សហគមន៍​ទេសចរណ៍ និង​តំបន់​ទេសចរណ៍​ផ្សងព្រេង កាន់​តែមាន​សន្ទុះ​កើនឡើង​ខ្លាំង បង្កើតបានជា​ប្រាក់ចំណូល​ដោយផ្ទាល់​ជូន​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ និង​បានធ្វើ​ឲ្យ​វិស័យ​អេកូ​ទេសចរណ៍ និង​សហគមន៍​ទេសចរណ៍​មាន​ភាព​ធន់​នឹង​វិបត្តិ (Resilient) រួមចំណែក​ទ្រទ្រង់​ដល់​វិស័យ​ទេសចរណ៍​ជារួម ពិសេស​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ការធ្លាក់ចុះ​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​។ តំបន់​អេកូ​ទេសចរណ៍​សំខាន់ៗ ដូចជា តំបន់​ខ្នង​ផ្សារ ភ្នំ​ឱ​រ៉ា​ល់ គិរី​រម្យ តំបន់​ជី​ផាត អា​រ៉ែ​ង ពាម​ក្រសោប ស្រែអំបិល វាល​ធំ សំឡូត ភ្នំ​ត្បែង សមុទ្រ​ឈើ តំបន់​រាម​សារ បឹង​ទន្លេសាប ភ្នំ​គូលែន និង​តំបន់​អេកូ​ទេសចរណ៍​ផ្សេងទៀត​ជាច្រើន សុទ្ធតែ​ទទួលបាន​កំណើន​ភ្ញៀវទេសចរ​ផ្ទៃក្នុង​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​ដំណាក់​វិបត្តិ​កូ​វីដ​-១៩ ក្នុង​ឆ្នាំ​២០២០ កន្លងមក​។​

​ទន្ទឹមនឹងនោះ អង្គការ​ទេសចរណ៍​ពិភពលោក​ក៏បាន​ចាត់ទុកថា​អេកូ​ទេសចរណ៍ និង​ទេសចរណ៍​សហគមន៍ រួមទាំង​ទេសចរណ៍​ជនបទ​ផងដែរ គឺជា​អនុវិស័យ​នៃ​ទេសចរណ៍​ពិភពលោក ដែល​នៅតែមាន​សកម្មភាព និង​ដំណើរការ​ទោះ​ក្នុងដំណាក់កាល​វិបត្តិ​កូ​វីដ​-១៩ ពិសេស​ទ្រទ្រង់​ដល់​សកម្មភាព​ទេសចរណ៍​ផ្ទៃក្នុង និង​ជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​នៅ​មូលដ្ឋាន ដូច​បាន​គូសបញ្ជាក់​ក្នុង​ខ្លឹមសារ​នៃ​ទិវា​ទេសចរណ៍​ពិភពលោក ឆ្នាំ​២០២០ (WTD 2020)​។​

​ស្រប​ពេលដែល​ប្រជាពលរដ្ឋ​កម្ពុជា​កំពុង​សម្រប​ខ្លួន​ទៅនឹង​គន្លង​ថ្មី​នៃ​ការរស់នៅ ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បានស្នើ​អង្គ​វេទិកា​បន្ត​យកចិត្តទុកដាក់​ពិភាក្សា​អំពី​ការបញ្ចូល​សកម្មភាព​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​ទៅក្នុង​សហគមន៍​ដែលមាន​សក្តានុពល ទោះបី​ស្ថិតក្រោម​ដែន​សមត្ថកិច្ច​របស់​ក្រសួង ស្ថាប័ន​ណាក៏ដោយ ពិសេស​រិះរក​នូវ​គំរូ​ជោគជ័យ​ដែលមាន​លក្ខណៈ​សត្យានុម័ត​ក្នុងការ​អភិវឌ្ឍ​សហគមន៍ ទាំង​នៅ​ថ្នាក់ជាតិ ក៏ដូចជា​នៅ​ថ្នាក់មូលដ្ឋាន ស្រប​ពេលដែល​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ពិសេស​ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឯកភាព​ជាគោលការណ៍ និង​គោលនយោបាយ​ក្នុងការ​បញ្ចូល​សកម្មភាព​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​ទៅគ្រប់​សហគមន៍​ដែលមាន​សក្តានុពល​។​

​ខណៈដែល​អេកូ​ទេសចរណ៍ និង​សហគមន៍​ទេសចរណ៍​មាន​លក្ខណៈ​ប្រទាក់ក្រឡា​អន្តរ​វិស័យ និង​អន្តរ​ស្ថាប័ន ឯកឧត្តម​រដ្ឋមន្ត្រី​បានស្នើ​ឲ្យ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ពិភាក្សាគ្នា​រក​ដំណោះស្រាយ​ទៅលើ​បញ្ហាសំខាន់ៗ ដូចជា ការស្ថាបនា​ផ្លូវ​ត​ភ្ជាប់​ទៅ​តំបន់​សហគមន៍ ការផ្គត់ផ្គង់​អគ្គិសនី ការផ្គត់ផ្គង់​ទឹកស្អាត ការតភ្ជាប់​ប្រព័ន្ធ​ទូរស័ព្ទ និង​ប្រព័ន្ធ​អ៉ី​ន​ធើ​ណេ​ត ការគ្រប់គ្រង​សំរាម ការដោះមីន និង​គ្រាប់​មិនទាន់​ផ្ទុះ ការព្យាបាល​ជំងឺគ្រុនចាញ់ និង​បញ្ហា​ផ្សេងៗ​របស់​សហគមន៍ ពិសេស​ឆ្លើយតប​តាម​តម្រូវការ​ជាក់ស្តែង​រប​ស់​ប្រជាពលរដ្ឋ​មូលដ្ឋាន​។​

​ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន និង​ឯកឧត្តម​រដ្ឋមន្ត្រី សាយ សំ​អាល់ បានបង្ហាញ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការជំរុញ​លើកទឹកចិត្ត និង​គាំទ្រ​ដល់​វិស័យ​ឯកជន ពិសេស​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បង្កើន​ការរៀបចំ​កញ្ចប់​ទស្សន​កិច្ច​ឱ្យបាន​ច្រើន​ទៅកាន់​តំបន់​សហគមន៍​នានា​នៅ​កម្ពុជា ដើម្បី​ចូលរួម​ជួយ​ដោះស្រាយ​ជីវភាព​ប្រជាពលរដ្ឋ​មូលដ្ឋាន ក្នុងដំណាក់កាល​វិបត្តិ​ជំ​ងឹ​កូ​វីដ​-១៩​និង​ដំណាក់កាល​ក្រោយ​វិបត្តិ​នេះ​។​

​រដ្ឋមន្ត្រីក្រសួង​ជំនាញ​ទាំងបី​ក៏បាន​ស្នើ​ឲ្យ​វិស័យ​ឯកជន​បង្កើន​ការគាំទ្រ​ជួយ​ដល់​សហគមន៍ «​ពិសេស​ការជំរុញ​ការរៀបចំ​កញ្ចប់​ទស្សន​កិច្ច​ទៅកាន់​តំបន់​សហគមន៍ និង​ត្រូវ​ប្រើប្រាស់​សេវា​របស់​សហគមន៍​ឲ្យ​បាន​ច្រើន ដែលជា​ការលើកទឹកចិត្ត​ដល់​ការចូលរួម​របស់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន ឲ្យ​បន្ត​លើកកម្ពស់​គុណភាព​សេវាកម្ម​ក្នុង​សហគមន៍​របស់ខ្លួន​»​។​

​ទន្ទឹមនឹងនេះ គួរ​ជំរុញ​ឲ្យ​មានការ​រៀបចំ​នូវ​ព្រឹត្តិការណ៍​ដែល​ពាក់ព័ន្ធ​នឹង​សហគមន៍ ដូចជា ពិធីបុណ្យ​អេកូ​ទេសចរណ៍ និង​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​នៅតាម​តំបន់​អេកូ​ទេសចរណ៍​សំខាន់ៗ​នៅ​ទូទាំងប្រទេស ដែល​អាចឱ្យ​ប្រជា​សហគមន៍​បានទទួល​ផលប្រយោជន៍​សេដ្ឋកិច្ច ហើយ​ឈប់​ប្រកបមុខរបរ​ខុសច្បាប់ ឬ​អាជីវកម្ម​ដែល​បំផ្លាញ​ធនធានធម្មជាតិ​ដោយ​ឈប់​បរបាញ់​សត្វ កាប់បំផ្លាញ​ព្រៃឈើ និង​ងាក​មក​ធ្វើជា​មគ្គុទ្ទេសក៍​នាំ​ភ្ញៀវ លក់ដូរ​ម្ហូបអាហារ វត្ថុ​អនុស្សាវរីយ៍ រត់​ម៉ូតូ​ដឹក​ភ្ញៀវ បើក​ផ្ទះ​ស្នាក់ និង​ចូលរួម​សកម្មភាព​ផ្សេងៗ​ទៀត ដែល​បម្រើ​ដល់​ការអភិវឌ្ឍ​អេកូ​ទេសចរណ៍ ព្រមទាំង​ចូលរួម​ធ្វើជា​អ្នក​ល្បាត​ការពារ (Rangers) សម្បត្តិ​ដ៏​មានតម្លៃ​ទាំងនេះ​ថែម​ទៀតផង ដើម្បី​ធានាឱ្យមាន​ការអភិវឌ្ឍ​យូរអង្វែង​។​

​ជាមួយគ្នា​នោះ ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល​ប្រកាន់ខ្ជាប់​នូវ​អប្បមាទ​ខ្ពស់​ក្នុងការ​គ្រប់គ្រង និង​ដោះស្រាយ​ហានិភ័យ និង​បញ្ហា​ប្រឈម​នានា ដូចជា​ករណី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ និង​វិបត្តិ​សាកល​នានា ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ ពិសេស​វិស័យ​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍ ក៏ដូចជា​ធានា​ប្រសិទ្ធភាព និង​សក្តិ​សិទ្ធិ​ភាព​ក្នុងការ​អនុវត្ត​គោលនយោបាយ​ជាតិ​អេកូ​ទេសចរណ៍ (២០១៩-២០៣០) ពិសេស​សម្រេច​ឲ្យ​បាន​តាម​ចក្ខុវិស័យ​ដែល​បានកំណត់ ទាំង​លើ​ទិដ្ឋភាព​បរិមាណ និង​គុណភាព ដោយ​ឈរលើ​ភាពបត់បែន និង​អភិក្រម​បុ​រេ​សកម្ម​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×