ភ្នំពេញ៖ បុរសម្នាក់បើករថយន្តម៉ាកព្រូសមួយគ្រឿងក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុបត់ទាំងបំពានស្តុបក្រហម ក៏ត្រូវរថយន្តlexus470 បុកចំពីចំហៀងខាងមុខពេញទំហឹងបណ្តាលឲ្យរងការខូចខាត។ ចំណែកឯតៃកុងរថយន្តទាំងសងខាងមិនមានរងរបួសនោះទេ រងការខូចខាតតែរថយន្ត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង១០ និង២៩នាទីយប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២១ ស្តិតនៅតាមបណ្តោយផ្លូវ២៧១ កែងនឹងផ្លូវ៤៣០ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីបងប្រុសម្នាក់នៅកន្លែងកើតហេតុសុំមិនបញ្ចេញឈ្មោះ គាត់បានឃើញរថយន្តម៉ាកព្រូសមួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2-BJ 1646 បើកបដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន មកដល់ចំណុចកើតហេតុ បត់ទាំងបំពានស្តុបក្រហមក៏ត្រូវរថយន្តlexus470 ពណ៌សពាក់ផ្លាកលេខរដ្ឋ 2-0777 បើកបដោយបុរសម្នាក់ធ្វើដំណើរ តាមបណ្តោយ២៧១បញ្ច្រាសទិសក្នុងទិសដៅពីត្បូងមកជើង ឆ្លងស្តុបខៀវក៏ជ្រុលទៅបុកពីចំហៀងខាងមុខរថយន្តព្រូសពេញទំហឹង បណ្តាលឲ្យរងការខូចខាតរថយន្តទាំងសងខាង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់រួចជួយសម្របសម្រួលទៅលើភាគីទាំងពីរដោយខាងបង្កមិនចង់វែងឆ្ងាយ សងជាសំណងក្នុងការជួសជុលបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ៖សាមេត