Friday, July 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សេដ្ឋកិច្ច​៖ កំណើនសេដ្ឋកិច្ច​កម្ពុជា​នឹង​ងើប​ឡើងវិញ​ក្នុង​រង្វង់​៤​ភាគរយ​នៅ​ឆ្នាំនេះ​

​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹងថា កំណើនសេដ្ឋកិច្ច​កម្ពុជា​នឹង​ស្ទុះ​ងើបឡើង​វិញ នៅក្នុង​ឆ្នាំនេះ​ក្នុង​រង្វង់ ៤​ភាគរយ ដែល​កាលពី​ឆ្នាំមុន​បាន​ធ្លាក់​រហូតដល់ ៣,១​ភាគរយ​។

​លោក វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹង​នៅក្នុង​វេទិកាសាធារណៈ ស្តីពី «​គ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច និង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២១» ថា ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​កំណើនសេដ្ឋកិច្ច​នេះ គឺ​ដោយសារតែ​ការខិតខំ​ប្រឹងប្រែង និង​ការអន្ដរាគមន៍​យ៉ាងខ្លាំង​ក្លា​របស់​រដ្ឋាភិបាល​កម្ពុជា​។​

​លោក វិស្សុត បាន​ឲ្យ​ដឹងថា​៖ «​ឆ្នាំ​២០២១​នេះ សេដ្ឋកិច្ចកម្ពុជា​ងើបឡើង​វិញ​ក្នុង​រង្វង់​៤​ភាគរយ ងើប​គ្រប់​វិស័យ​ទាំងអស់ […..] ការ​ងើប​ឡើងវិញ​នៃ​កំណើន​សេដ្ឋកិច្ចកម្ពុជា ក្នុង​រង្វង់​៤​ភាគរយ​នេះ មិនមែនជា​កំណើន​អាក្រក់​នោះទេ ជា​កំណើន​មួយ​ដែល​ស្ទុះ​ងើប​ពី​-៣.១​ភាគរយ [២០២០]​។ តែ​ទោះជា​យ៉ាងណា​ខ្ញុំ​មិន​ហ៊ាន​ព្យាករណ៍ ឲ្យ​ខ្ពស់ជាង​នេះនោះ​ឡើយ ដោយសារតែ​វិបត្តិ​ភ្ញៀវទេសចរ បញ្ហា​នៃ​ជំងឺ​កូ​វីដ​១៩ ធ្វើ​ឲ្យ​វិស័យ​ទេសចរ​ធ្លាក់ចុះ​ខ្លាំង ហើយ​សម្រាប់​ឆ្នាំ​២០២១ នេះ ក៏​មិនអាច​ដឹង​ឡើយ​ថា វិស័យ​ទេសចរណ៍ មានដំណើរ​ការល្អប្រសើ​រ​ឡើងវិញ​ឬ​អត់​»​។​

​លោក​រដ្ឋលេខាធិការ​រូបនេះ​បញ្ជាក់ថា ការ​ហ៊ាន​អះអាង​ពី​កំណើនសេដ្ឋកិច្ច ក្នុង​រង្វង់​៤​ភាគរយ​ក្នុងឆ្នាំនេះ ដោយសារតែ​កម្ពុជា បានទទួល​ការ​អន្ដរ​គម​ន៍​យ៉ាង​កក់ក្ដៅ​ពី ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ក្នុងការ​ស្ដារ​សេដ្ឋកិច្ចកម្ពុជា​ឡើងវិញ ក្នុងពេលដែល​ពិភពលោក ពិសេស​កម្ពុជា​កំពុង​ជួប​វិបត្តិ នៃ​ជំងឺ​កូ​វីដ​១៩​នេះ​។​

​លោក​ថា ការអន្ដរាគមន៍​ពី ប្រមុខ​រាជរដ្ឋាភិបាល ទាំង​ផ្នែក​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩, ការផ្ដល់​ឥណទាន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម (SME), ការបន្ធូរបន្ថយ​ពន្ធ ព្រមទាំង​ការចូលរួម​ដោះស្រាយ​រូបិយវត្ថុ​មួយចំនួន របស់​ធនាគារជាតិ​នៃ​កម្ពុជា បានរួម​ចំណែក​ផ្ដល់​ភាពងាយស្រួល ដល់​ការប្រកប​អាជីវកម្ម ការរកស៊ី​របស់​វិនិយោគិន​។​
​រាជរដ្ឋាភិបាល​កម្ពុជា បាន​អន្ដរាគមន៍​លើ​វិស័យ​ផ្សេងៗ​ជាច្រើន ដើម្បី​ទប់ស្កាត់​ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ចកម្ពុជា​។ ក្នុង​ឆ្នាំ​២០២០ សេដ្ឋកិច្ចកម្ពុជា​ធ្លាក់ចុះ​ត្រឹម​-៣.១​ភាគរយ​ប៉ុណ្ណោះ ខណៈ​ក្នុង​តំបន់​អាស៊ាន​ធ្លាក់ចុះ​-៣.៣​ភាគរយ​។ លោក​បាន​បន្ថែមថា ដោយសារតែ​ការអន្ដរាគមន៍​ដ៏​វិសេសវិសាល របស់​ថ្នាក់ដឹកនាំ​កម្ពុជា ធ្វើ​ឲ្យ​កំណើនសេដ្ឋកិច្ច​កម្ពុជា មាន​ក្នុង​ចន្លោះ​-៣.១​ភាគរយ មិន​ធ្លាក់​ដល់​៥​ភាគរយ​នៅ​ឆ្នាំ​២០២០​។​

​លោក វ​ង្សី វិស្សុត ឲ្យ​ដឹង​ទៀតថា ប្រសិនបើ​គ្មាន​ការ​អន្ដរ​គម​ន៍ ការ​គាំពារ​សង្គម ការផ្ដល់​ជំនួយ​សង្គម​, ការបង្កើត​ការងារ​តាម​ជនបទ​នោះទេ ភាពក្រីក្រ​របស់​កម្ពុជា នឹង​ធ្លាក់​ដល់​១៧​ភាគរយ ប៉ុន្ដែ​បន្ទាប់ពី​មានការ​ជ្រោមជ្រែង ធ្វើ​ឲ្យ​ភាពក្រីក្រ​កម្ពុជា ស្ថិតក្នុង​ចន្លោះ​១៤​ភាគរយ​ប៉ុណ្ណោះ​។ ចំណែកឯ​ភាព​អត់​ការងារ​ធ្វើ​ក៏​ធ្លាក់ចុះ​ពី​៤.៨​ភាគរយ មក​ត្រឹម​៤.១​ភាគរយ​។​

​លោក​បាន​បញ្ជាក់ថា «​ការអន្ដរាគមន៍​រប​ស់រាជ​រដ្ឋាភិបាល​នេះ ពិតជា​ផ្ដល់​ផល​ល្អ​ដល់​ការស្ដារ​សេដ្ឋកិច្ច និង​ល្អ​ចំពោះ​លំនឹង​ជីវភាព​រស់នៅ​របស់​ប្រជាជន និង​ការថយចុះ​នៃ​ការធ្លាក់​ក្នុង​ភាពក្រីក្រ​»​។​
​លោក​បន្តថា ឧស្សាហកម្ម ការ​កាត់ដេរ​របស់​ក​ម្ពុ​ជា​ធ្លាក់​ពី​-៦.៧​ភាគរយ មក -៦.៤​ភាគរយ ការនាំចេញ​លើ​វិស័យ​កាត់ដេរ​របស់​កម្ពុជា​ធ្លាក់ចុះ​១០​ភាគរយ ប៉ុន្ដែ​មិនមែនជា​វិស័យ​កាត់ដេរ​កើន​២៦​ភាគរយ​។ ដូច្នេះ​ការនាំចេញ​របស់​កម្ពុជា ធ្លាក់ចុះ​ត្រឹមតែ​-១​ភាគរយ​ប៉ុណ្ណោះ​។ សម្រាប់​វិស័យ​កសិកម្ម ក្នុង​ឆ្នាំ​២០២០ បានរួម​ចំណែក ០.៥​ភាគរយ​នៃ​សេដ្ឋកិច្ចកម្ពុជា ខណៈ​ការនាំចេញ​ផលិតផល​កសិកម្ម​បាន​កើនឡើង ១៨​ភាគរយ​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN

×